Connect with us

សេដ្ឋកិច្ច

កម្ពុជា ជំរុញការនាំអង្ករទៅទីផ្សារអាមេរិក

បានផុស

នៅ

ឧកញ៉ា ឡាយ ឈុនហួ ប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា ​(CRF) នៅថ្ងៃទី ១ កក្កដា ២០២៦ បានជួបពិភាក្សាការងារជាមួយលោក គឹម ឆាលហួត កុងស៊ុលកិត្តិយសកម្ពុជាប្រចាំក្រុង Long Beach រដ្ឋ California និងជាប្រធានការិយាល័យសភាពពាណិជ្ជ​កម្ម​កម្ពុជា​ប្រចាំក្រុង Long Beach ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការពង្រីកទីផ្សារ និងលើកកម្ពស់ការនាំចេញអង្ករកម្ពុជាទៅកាន់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់យ៉ាងស៊ីជម្រៅអំពីស្ថានភាពទីផ្សារអង្ករនៅសហរដ្ឋអាមេរិក និន្នាការតម្រូវ​ការ​របស់អ្នកប្រើប្រាស់ ការប្រកួតប្រជែងជាមួយអង្ករពីបណ្តាប្រទេសផ្សេងៗ ព្រមទាំងឱកាសក្នុងការបង្កើនវត្តមានអង្ករកម្ពុជានៅតាមបណ្តាញចែកចាយ និងផ្សារទំនើបនានា។

លោក គឹម ឆាលហួត បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះគណៈប្រតិភូសហព័ន្ធស្រូវអង្ករកម្ពុជា និងបានបង្ហាញ​​​ពីការត្រៀមខ្លួនរបស់ការិយាល័យសភាពពាណិជ្ជកម្មកម្ពុជាប្រចាំក្រុង Long Beach ក្នុងការសម្របសម្រួលការតភ្ជាប់រវាងអ្នកនាំចេញអង្ករកម្ពុជា ជាមួយអ្នកនាំចូល អ្នកចែកចាយ និងដៃគូពាណិជ្ជកម្មនៅសហរដ្ឋអាមេរិក ដើម្បីពង្រីកឱកាសពាណិជ្ជកម្ម និងបង្កើនការទទួលស្គាល់ម៉ាកអង្ករកម្ពុជាកាន់តែទូលំទូលាយ។

លោក ឧកញ៉ា ឡាយ ឈុនហួ បានថ្លែងអំណរគុណចំពោះការគាំទ្រ និងការសម្របសម្រួលរបស់លោក គឹម ឆាលហួត ដែលបានរួមចំណែកជួយជំរុញទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងសហរដ្ឋអាមេរិក។

ឧកញ៉ាបានលើកឡើងថា ដំណើរទស្សនកិច្ចសិក្សាលើកនេះ មានគោលបំណងសិក្សាអំពីតម្រូវការទីផ្សារ គុណភាព ការវេចខ្ចប់ ការធ្វើម៉ាកសញ្ញា និងយុទ្ធសាស្ត្រទីផ្សារ ដើម្បីឱ្យអង្ករកម្ពុជាអាចប្រកួតប្រជែងបានកាន់តែប្រសើរនៅលើទីផ្សារអន្តរជាតិ។

ភាគីទាំងពីរក៏បានបង្ហាញការប្តេជ្ញាចិត្តក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការ រៀបចំសកម្មភាពផ្សព្វផ្សាយផលិតផលកម្ពុជា កម្មវិធីផ្គូផ្គងធុរកិច្ច (Business Matching) និងជំរុញការតភ្ជាប់ដោយផ្ទាល់រវាងអ្នកផលិត អ្នកនាំចេញ និងអ្នកនាំចូល ដើម្បីបង្កើនតម្លៃ និងលើកកម្ពស់កេរ្តិ៍ឈ្មោះអង្ករកម្ពុជានៅលើទីផ្សារសហរដ្ឋ​អាមេរិក។

យោងតាមសហព័ន្ធស្រូវអង្ករកម្ពុជា ​នៅក្នុងរយៈពេល៥ខែ ឆ្នាំ២០២៦ កម្ពុជាបាននាំចេញ​អង្ករបាន​ចំនួន​ ៥៦៨ ៩១២តោន​ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៦១ ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន ៦៣ ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ​៣១ ​បានបរិមាណអង្ករចំនួន ១៥៤ ២៥៤ តោន គិតជាទឹកប្រាក់ចំនួន ១០៥.១២​ លានដុល្លារ ទៅកាន់ប្រទេសចិន ​និងហុងកុង ចំនួន ១៦២ ១២៥ តោន គិតជាទឹកប្រាក់ចំនួន ៩៤.៩២ លានដុល្លារ ប្រទេសក្នុងអាស៊ានចំនួន ៥​ ប្រទេស​បានបរិមាណចំនួន  ២០៨ ៥៩៣ តោន​ គិតជាទឹកប្រាក់ចំនួន ៨៧.៣២ លានដុល្លារ និងទៅកាន់​គោល​ដៅ​ ២៤ ​ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈិមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញូហ្សេឡេន ​បានចំនួន​ ៤៣ ៩៤០ តោន គិតជាទឹកប្រាក់ចំនួន ៤០​​​​​​​​​​.០៧ លានដុល្លារ៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម