Connect with us

ព័ត៌មានជាតិ

អតីតយុទ្ធជន និងនិវត្តជន ៩៤គ្រួសារ នៅស្ទឹងត្រែង ទទួលបានផ្ទះថ្មីជាអំណោយសម្តេចតេជោ ហ៊ុន សែន

បានផុស

នៅ

អតីតយុទ្ធជន និងនិវត្តជនកម្ពុជា ចំនួន ៩៤គ្រួសារ ក្នុងខេត្តស្ទឹងត្រែង ដែលខ្វះដី និងគ្មានលំនៅឋានសមរម្យ ទទួលបានផ្ទះថ្មីជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក្នុងឱកាស
សម្តេចតេជោ អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ-សង្កាត់ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភាពនានា នៅខេត្តនេះ នាព្រឹកថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អំណោយក្នុងការសាងសង់ផ្ទះនេះ គឺជាថវិកាឧបត្ថម្ភរបស់សប្បុរសជនដែលផ្ដល់ជូនសម្ដេចតេជោ ប្រធានសមាគម ក្នុងឱកាសដែលសម្ដេចបានប្រកាសចលនារ៉ៃអង្គាសថវិកាដើម្បីជួយគាំទ្រការសាងសង់ផ្ទះ ក្នុងនោះរួមមាន៖ ឯកឧត្តម អ្នកឧកញ៉ា ម៉ម វណ្ណឌី ទីប្រឹក្សាសម្ដេចតេជោ ហ៊ុន សែន និងលោកជំទាវ អ្នកឧកញ៉ា ទៀង ផល្លា ប្រកាសឧបត្ថម្ភថវិកាសាងសង់ផ្ទះចំនួន ៥០ ខ្នង និងឯកឧត្តម អ្នកឧកញ៉ា អ៊ឹង លីហេង និងលោកជំទាវ អ្នកឧកញ៉ា តាំង ហ្គិចលៀង ចូលរួមឧបត្ថម្ភថវិកាសាងសង់ ៤៤ ខ្នងផ្ទះ។

ជុំវិញស្ថានភាពនៃការគ្រប់គ្រងអតីតយុទ្ធជន និងនិវត្តជន នៅក្នុងខេត្តស្ទឹងត្រែង បើយោងតាមរបាយការណ៍ពី អ.ន.ក. ខេត្ត គិតត្រឹមខែមិថុនា ឆ្នាំ ២០២៦ នេះ ខេត្តស្ទឹងត្រែង មានអតីតយុទ្ធជននិងនិវត្តជន សរុប ១៩៤៣ នាក់។ ចំណែកអតីតយុទ្ធជន និងនិវត្តជន ដែលមានជីវភាពខ្វះខាតមានចំនួន ១៥៤ គ្រួសារ ក្នុងនោះមានគ្រួសារដែលគ្មានដី គ្មានផ្ទះចំនួន ៩៤ គ្រួសារ។

គិតចាប់ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០២៦ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន បានផ្តល់អំណោយសាងសង់ផ្ទះជូនអតីតយុទ្ធជន ដែលជាសមាជិកសមាគមអតីតយុទ្ធជនកម្ពុជាខេត្តស្ទឹងត្រែង សរុបចំនួន ៥០ខ្នង។ ផ្ទះទាំងនេះ ស្ថិតនៅលើដីសម្បទានសង្គមកិច្ច ទំហំប្រមាណ ១,៩១៥.៥០ហិកតា ក្នុងភូមិខាំផាន់ សង្កាត់សាមគ្គី ក្រុងស្ទឹងត្រែង។

នៅក្នុងពិធីសំណេះសំណាលនាព្រឹកនេះ សម្ដេចតេជោ ហ៊ុន សែន បានផ្ដល់អនុសាសន៍ណែនាំដល់ថ្នាក់ដឹកនាំ និងមន្រ្តីនៅមូដ្ឋានខេត្តស្ទឹងត្រែងទាំងអស់ ត្រូវបន្តយកចិត្តទុកដាក់ ឧបត្ថម្ភគាំទ្រ ទាំងថវិកា និងសម្ភារ ចំពោះអតីតយុទ្ធជន និងនិវត្តជន ណាដែលមានជីវភាពខ្វះខាត ព្រមទាំងឧស្សាហ៍ចុះសួរសុខទុក្ខផ្ដល់ភាពក្ដៅដល់ពួកគាត់ដែលចូលនិវត្ត។ សម្ដេចបានបញ្ជាក់ថា «ការឧបត្ថម្ភថវិកា ឬសម្ភារៈ គឺជារឿងសំខាន់មួយហើយ ប៉ុន្តែអ្វីដែលសំខាន់បំផុតគឺ ស្មារតីនៃការគោរព និងដឹងគុណ រវាងអ្នកជំនាន់មុន និងអ្នកជំនាន់ក្រោយ ដោយយើងមិនត្រូវភ្លេចពួកគាត់ឡើយ ព្រោះពួកគាត់ជាអ្នកត្រួសត្រាយផ្លូវឱ្យយើងដើរនាពេលបច្ចុប្បន្ន» ។

ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានណែនាំដល់មន្រ្តីមូលដ្ឋានក្នុង ខេត្តស្ទឹងត្រែង ទាំងអស់ត្រូវចូលរួមបញ្ជ្រាបយន្តការរបស់រាជរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលត្រូវធ្វើឡើងដោយមធ្យោបាយសន្តិវិធី និងមិនប្រើយន្តការដោះស្រាយដោយប្រើប្រាស់មធ្យោបាយយោធាឡើយ។

ជាមួយគ្នានេះ សម្ដេចជំរុញដល់ថ្នាក់ដឹកនាំខេត្ត និងប្រជាជននៅខាងក្រោយត្រូងធ្វើជាខ្នងបង្អែកសម្រាប់យុទ្ធជននៅសមរភូមិមុខ និងជាពិសេសត្រូវបង្កើតការយកចិត្តទុកដាក់ គិតគូរ ចំពោះគ្រួសារយុទ្ធជនដែលជាប់ភារកិច្ចនៅព្រំដេន និងយុទ្ធជនពលី ពិការ ដោយត្រូវពិនិត្យមើលពីជីវភាព រស់នៅ ប្រចាំថ្ងៃ ជួយឧបត្ថម្ភគាំទ្រ ទាំងស្មារតី និងសម្ភារៈ ផ្តល់កម្លាំងចិត្ត ជួយដោះស្រាយបញ្ហាប្រឈមនានាឱ្យទាន់ពេលវេលា។ ជាពិសេសត្រូវជួយផ្ដល់ការអប់រំដល់កូនចៅយុទ្ធជនទាំងអស់ឱ្យទទួលបានការសិក្សាសមរម្យ និងជំរុញឱ្យក្លាយជាបញ្ញវន្តសម្រាប់សង្គមជាតិ។

អតីតយុទ្ធជន និងគ្រួសារអតីតយុទ្ធជន ក្នុងខេត្តស្ទឹងត្រែងទទួលបានប័ណ្ណ ប.ស.ស. មានចំនួន ១,១២៧ នាក់ និងប័ណ្ណសមធម៌មានចំនួន ៧០គ្រួសារ។ ការជ្រើសរើស កូនចៅ និងបងប្អូនបង្កើតឱ្យចូលបម្រើក្នុងជួយកងទ័ពមានចំនួន ៣៧ នាក់។

ចំពោះការផ្តល់ថវិកាបេឡាមរណសង្គ្រោះជូនសមាជិក អ.ន.ក. ក្នុងឆមាសទី១ ឆ្នាំ ២០២៦ មានសរុប ២០នាក់ ចំនួន ៨០,០០០,000 រៀល ក្នុងនោះថវិកាបំពេញបន្ថែមរបស់សម្តេចតេជោ ៤០,000,000 រៀល ព្រមទាំងបានសហការជាមួយមូលនិធិជាតិ ជំនួយសង្គម (ម.ជ.ជ.) ក្នុងការបើកប្រាក់ធានារ៉ាប់រង, ប្រាក់ឧបត្ថម្ភ១លើកដំបូង និងប្រាក់បូជាសពបានចំនួន ១៩នាក់៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម