Connect with us

កីឡា

លីប្រូ​ អ៊ុន​ សុវណ្ណារាជ​ ក្មេង​ទេ​សមត្ថភាព​លេចធ្លោ​ចាប់​ផ្ដើម​ជំនួស​រៀមច្បង​បណ្ដើរៗ​ហើយ​

បានផុស

នៅ

កីឡាករ​លីប្រូ​របស់​សមាគម​បាល់ទះ​វិសាខា​ អ៊ុន​ សុវណ្ណារាជ​ មួយរយៈពេល​ចុងក្រោយ​នេះ​មាន​សមត្ថភាព​លេចធ្លោ​ខ្លាំង​រហូត​ទទួល​បាន​ការ​មើល​ឃើញ​ និង​សរសើរ​ពី​សហព័ន្ធ​ទៀត​ផង​ស្រប​ពេល​ចាប់​ផ្ដើម​ជំនួសតួនាទី​រៀចម្បង​បណ្ដើរៗ​ហើយ។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កីឡាករ អ៊ុន​ សុវណ្ណារាជ

យុវជន​របស់​សមាគម​បាល់ទះ​វិសាខា​ អ៊ុន​ សុវណ្ណារាជ​ ម្នាក់​នេះ​បាន​បំពេញ​តួនាទី​ច្រើន​ និង​ធ្វើ​បាន​ល្អ​មែនទែន​ក្នុង​ការ​ប្រកួត​តេជោលីគ​ រដូវកាល​ទី៣​ ដែល​ទើប​បញ្ចប់​ទៅ​នេះ។​ បើ​ទោះ​ជា​រូប​គេ​មាន​អាយុ​តិច​ និង​ទើប​មាន​បទពិសោធ​យ៉ាងណា​ក្ដី​ ប៉ុន្តែ​ទម្រង់​លេង​ និង​ភាព​អស្ចារ្យ​របស់​គេ​ពិសេស​ការ​ទទួល​សេវា​ធ្ងន់ៗ​របស់​ដៃគូ​បាន​ធ្វើ​ឲ្យ​ថ្នាក់ដឹកនាំ​សហព័ន្ធ​មើល​ឃើញ​ពី​ភាព​រីកចម្រើន​។​

អ៊ុន​ សុវណ្ណារាជ និង​ក្រុមវិសាខា

បន្ទាប់​ពី​បាន​លេង​ជំនួស​រៀមច្បង​ សេង​ គឹមហាប់​ ជា​ច្រើន​ប្រកួត​នៅ​តេជោលីគ​ រដូវកាល​ទី៣​ នេះ​កីឡាករ​ អ៊ុន​ សុវណ្ណារាជ​ ឥលូវ​នេះ​បាន​ជាប់​ការ​ជ្រើសរើស​ជា​មួយ​ក្រុម​ជម្រើស​ជាតិ​ដើម្បី​ប្រកួត​​ Sea V Cup លើក​ទី៦ ចាប់​ពី​ថ្ងៃ​ទី១៥​ ដល់​ ១៩​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ ជើង​ទី១​ នៅ​ឯប្រទេស​ហ្វីលីពីន​ទៀត​ផង។​ ការ​ប្រកួត​ឲ្យ​ក្រុម​ជម្រើស​ជាតិ​លើក​នេះ​គឺ​រូប​គេ​ជាប់​ជា​កីឡាករ​លីប្រូ​ជា​មួយ​រៀមច្បង​គឺ​កីឡាករ ខឹម​ សុវណ្ណដារ៉ា។​

ក្រុមជម្រើស​ជាតិ​បាល់ទះកម្ពុជា

បញ្ជាក់​ដែរ​ថា​ កាល​ពី​រសៀល​ថ្ងៃ​ទី១១​ ខែ​កក្កដា​ ឆ្នាំ​២០២៦​ កន្លង​ទៅ​នេះ​សហព័ន្ធ​កីឡា​បាល់ទះ​កម្ពុជា​បាន​បញ្ចេញ​បញ្ជី​ឈ្មោះ​កីឡាករ​ជម្រើស​ជាតិ​ និង​បាន​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ហ្វីលីពីន​ហើយ​ដើម្បី​ត្រៀម​ការ​ប្រកួត​ជម្រុះ​ក្នុង​ពូល​ A នៃ​ Sea V Cup។ បញ្ជីឈ្មោះ​កីឡាករ​លើក​នេះ​គេ​ឃើញ​មាន​កីឡាករ​ថ្មី-ចាស់​ និង​យុវជន​ច្រើន​ផង​ដែរ។​ ការ​ប្រកួត​ដំបូង​របស់​កម្ពុជា​ត្រូវ​ប៉ះ​ម្ចាស់​ផ្ទះ​ហ្វីលីពីន​ ថ្ងៃ​ទី១៥​ ខែ​កក្កដា​ និង​ប្រកួត​ទី២​ ប៉ះ​ ឥណ្ឌូណេស៊ី​ ថ្ងៃ​ទី១៦​ ខែ​កក្កដា​ ឆ្នាំ​២០២៦៕​

កីឡាករ​ដែលជាប់​ឈ្មោះ​ទៅ​លេង​នៅ​ Sea V Cup

អត្ថបទដោយ៖ នួន​ ស៊ីណា​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម