Connect with us

កីឡា

ក្រុម​នារី​កម្ពុជា ឈរ​លេខ ១ ពូល B ក្រោយ​ឈ្នះ​ ទីម័រ​ខាងកើត ល្ងាច​មិញ

បានផុស

នៅ

កាល​ពី​ល្ងាច​ថ្ងៃ​ចន្ទ ទី​១៣ ខែ​កក្កដា ឆ្នាំ ២០២៦ ​ក្រុម​បាល់ទាត់​ជម្រើស​ជាតិ​នារី​កម្ពុជា បាន​ឈ្នះ ក្រុម​នារី​ទីម័រ​ខាង​កើត ដោយ​លទ្ធផល ៣-១ សម្រាប់​ការ​ប្រកួត​វគ្គ​សន្សំពិន្ទុ​ក្នុង​ពូល ពាន​រង្វាន់ AFF Women’s Cup ​នៅ​ប្រទេស​ម៉ាឡេស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គ្រាប់​បាល់​របស់ ក្រុមនារី​ទីម័រ​ខាង​កើត រក​បាន​យ៉ាង​លឿន​នៅ​នាទី​ទី​២ ក្នុង​វគ្គ​ទី១ ដោយ​កីឡាការិនី Juleica បន្ទាប់​ពី​ក្រុម​នារី​កម្ពុជា​ត្រៀម​ខ្លួន​មិន​ទាន់​បាន​ស្រួល​ផង។ ទោះ​បី​ជា​យ៉ាង​ណា ក្រោយ​ត្រូវ​បាន​ដៃ​គូ​នាំ​មុខ ១-០ ក្រុម​នារី​កម្ពុជា បាន​ដាក់​សម្ពាធ​យ៉ាង​ខ្លាំង​ស្ទើរ​ទាំង​ស្រុងក្នុង​វគ្គ​ទី១ និង​វគ្គ​ទី២ ហើយ​បាន​បង្កើត​ឱកាស​ស៊ុត​ជា​ច្រើន​លើក។

ទី​បំផុត ក្រុម​នារី​កម្ពុជា រក​បាន ៣ គ្រាប់ ដោយកីឡាការិនី ហេង សុវណ្ណមុនី នៅ​នាទី​ទី ២៩ កីឡាការិនី ឈិត សោភ័ណ្ឌ នៅ​នាទី​ទី​៣៦ និង​វគ្គ​ទី២​រក​បាន​ ១ គ្រាប់​ទៀត​ដោយ​កីឡាការិនី វិបុល សេរីសេដ្ឋា នៅ​នាទី​ទី ៩០+៦ ដើម្បី​ទទួល​បាន​ជ័យជម្នះ​ដោយ​លទ្ធផល ៣-១។

សម្រាប់​ជ័យជម្នះ​នេះ ក្រុម​នារី​កម្ពុជា បាន​កក់​កៅអី​ ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ដោយសារ​ពូល B មាន​តែ ៣ ក្រុម ទោះ​បី​ជា​ការ​ប្រកួត​ចុង​ក្រោយ​ ទទួល​បាន​លទ្ធផល បែប​ណាក៏​ដោយ ហើយ​ ទីម័រ​ខាង​កើត បាន​ធ្លាក់​ត្រឹម​នេះ​ហើយ បន្ទាប់​ពី​ចាញ់ ២ ប្រកួត​ជាប់​គ្នា​គឺ​ចាញ់ ឥណ្ឌូណេស៊ី ២-០។

ក្រុម​នារី​កម្ពុជា មាន ៣ ពិន្ទុ ស្ថិត​នៅ​លេខ​ ១ ក្នុង​ពូល ខណៈ ឥណ្ឌូណេស៊ី មាន ៣ ពិន្ទុ​ដែរ​ស្ថិត​នៅ​លេខ ២ ដោយ​ក្រុម​ទាំង​ពីរ​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​​កណ្តាល​ផ្តាច់​ព្រ័ត្រ​ដូច​គ្នា ប៉ុន្តែ​ក្រុម​ទាំង​ពីរ​ត្រូវ​ប៉ះ​គ្នា​នៅថ្ងៃ​ទី​១៦ ខែ​កក្កដា​ ដើម្បី​កំណត់ថា ​ក្រុម​ណា​ឈរ​លេខ ១ និង​លេខ ២ សម្រាប់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ។

ចំណែក​នៅ​ពូល A  មាន ៣ ក្រុម​ដែរ ពិត​ជា​តឹង​តែង​ខ្លាំង​មែន​ទែន ដោយ​មាន​ ១ ក្រុម​បាន​​ឆ្លង​កាត់ ២ ប្រកួត​​ហើយ ប៉ុន្តែ​មិន​ទាន់​មាន​ក្រុម​ណា​បាន​ឡើង​ទៅ​កាន់​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ​ឡើយ ដោយ​សារ​លទ្ធផល​ស្មើ​ទាំង​ពីរ​ប្រកួត។

ក្រុម​នារីឡាវ រក​បាន ២ ពិន្ទុ ស្ថិត​នៅ​លេខ ១ ក្នុង​ពូល បន្ទាប់​ពី​ស្មើក្រុម​ម្ចាស់​ផ្ទះ ម៉ាឡេស៊ី ១-១ និង​ការ​ប្រកួត​ទី២ ស្មើ​ជា​មួយ​ក្រុម​នារី សិង្ហបុរី ១-១ ទៀត។ ចំណែក​ ក្រុម​នារី ម៉ាឡេស៊ី និង សិង្ហបុរី​ មាន ១ ពិន្ទុ​ដូច​គ្នា។ ការ​ប្រកួត​ចុង​ក្រោយ​រវាង ម៉ាឡេស៊ី និង សិង្ហបុរី ទើប​កាត់​សេចក្តី​ក្រុម​ណា​ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​ក្រុម​ណា​ត្រូវ​ធ្លាក់។

ក្នុង​ករណី បញ្ចប់​ទៅ​ដោយ​លទ្ធផល​ឈ្នះចាញ់ រវាង ម៉ាឡេស៊ី និង សិង្ហបុរី ដូច្នេះ​ក្រុម​ឈ្នះ ចាប់​ដៃ​ ក្រុម​នារី​ឡាវ ឡើង​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ ប៉ុន្តែ​បើ​បញ្ចប់​ដោយ​លទ្ធផល​ស្មើ​គ្នា​ នោះ​នឹង​អាស្រ័យ​លើ​គ្រាប់​បាល់​ចំណេញ​ដើម្បី​កំណត់​ក្រុម​ឡើង​៕

អត្ថបទ៖ វិរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម