Connect with us

ព័ត៌មានជាតិ

រយៈពេល១២ខែ អ.ដ.ក ខេត្តមណ្ឌលគិរី ទទួលសំណុំរឿងវិវាទក្រៅប្រព័ន្ធតុលាការរហូតដល់ ១២២ករណី

បានផុស

នៅ

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

មណ្ឌលគិរី ៖ បន្ទាប់ពីមានទីស្នាក់ការជាលើកដំបូង ចាប់តាំងពីថ្ងៃទី១ខែសីហាឆ្នាំ២០២៥ រហូតដល់ថ្ងៃទី១៤កក្កដាឆ្នាំ២០២៦ ក្នុងរយៈពេល១២ខែ កន្លងមកនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ប្រចាំខេត្តមណ្ឌលគិរី បានទទួលសំណុំរឿងវិវាទសរុបចំនួន ១២២ករណី ដែលបង្ហាញពីការកើនឡើងនៃការយល់ដឹង និងទំនុកចិត្តរបស់ប្រជាពលរដ្ឋលើការដោះស្រាយវិវាទតាមយន្តការក្រៅប្រព័ន្ធតុលាការ។

លោក អៀម ប៊ុនលី ប្រធានការិយាល័យ អ.ដ.ក ប្រចាំខេត្តមណ្ឌលគិរី បានប្រាប់«កម្ពុជាថ្មី»នៅថ្ងៃទី១៥កក្កដាថា រយៈពេល១២ខែកន្លងមកនេះ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក) ប្រចាំខេត្តមណ្ឌលគិរី ទទួលបានសំណុំរឿងវិវាទក្រៅប្រព័ន្ធតុលាការរហូតដល់ ១២២ករណី។ លោកបន្តថា ក្នុងសំណុំរឿងដែលទទួលបានទាំង១២២ករណីនោះ រួមាមាន៖ វិវាទដីធ្លី៣១ករណី វិវាទកិច្ចសន្យាខ្ចីប្រាក់៦៦ករណី វិវាទគ្រួសារ១៣ករណី វិវាទការងារ៣ករណី វិវាទរដ្ឋប្បវេណី៦ករណី វិវាទកិច្ចសន្យាផ្សេងៗ១ករណី វិវាទផ្សេងៗចំនួន២ករណីផងដែរ ។

យ៉ាងណាមិញ ក្នុងនោះសំណុំរឿងនេះផងដែរ ក្រុមការងារដែលបានដោះស្រាយរួចមានចំនួន៥៦ករណី

និងសំណុំរឿចាត់ការបន្តមានចំនួន៦៥ករណី។ លោក អៀម ប៊ុនលី បញ្ជាក់ថា អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក)ដោះស្រាយតែ រឿងវិវាទរដ្ឋប្បវេណីប៉ុណ្ណោះ ហើយ សំណុំរឿងដែលបានដាក់ស្នើមក អ.ដ.ក ភាគច្រើនពាក់ព័ន្ធនឹងវិវាទដីធ្លី ប្តីប្រពន្ធ បញ្ហាបំណុល កិច្ចសន្យា វិវាទរវាងបុគ្គល និងវិវាទផ្សេងៗទៀត ដែលត្រូវបានសម្របសម្រួល និងស្វែងរកដំណោះស្រាយដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត យុត្តិធម៌ និងការយោគយល់គ្នាទៅវិញទៅមក ពិសេសគឺមិនតម្រូវឲ្យបង់ប្រាក់សម្រាប់ពលរដ្ឋដែលមកទទួលសេវានោះឡើយ។

ដោយឡែកសម្រាប់សំណុំរឿងបទព្រហ្មទណ្ឌ គឺមិនតម្រូវដោះស្រាយនោះឡើយ ហើយអ្វីដែលអាចដោះស្រាយបានលុះត្រាតែច្បាប់អនុញ្ញាតករណីពិសេស។

លោកបន្ថែមទៀតថា ការទទួលបានសំណុំរឿងដល់ទៅ ១២២ករណី ក្នុងរយៈពេលត្រឹម១២ខែនេះ ត្រូវបានចាត់ទុកជាសញ្ញាវិជ្ជមានមួយដែលបង្ហាញថា ប្រជាពលរដ្ឋកាន់តែជឿជាក់លើយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលអាចជួយកាត់បន្ថយពេលវេលា ចំណាយថវិកា និងរក្សាបាននូវទំនាក់ទំនងល្អក្នុងសហគមន៍។

ក្នុងនាមមន្រ្តីជំនាញ បន្តអំពាវនាវជំរុញការផ្សព្វផ្សាយអត្ថប្រយោជន៍នៃការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការជូនដល់ប្រជាពលរដ្ឋទាំងអស់ក្នុងខេត្តមណ្ឌលគិរី ពិសេសជនជាតិដើមភាគតិច ធ្វើយ៉ាងណាដើម្បីឲ្យពលរដ្ឋយល់ដឹងកាន់តែច្រើនអាចទទួលបានសេវាយុត្តិធម៌ប្រកបដោយប្រសិទ្ធភាព និងឆាប់រហ័ស ចំណេញពេលវេលានៅមូលដ្ឋានរបស់ខ្លួន ពិសេសគឺមិនតម្រូវបង់ថ្លៃសេវាអ្វីឡើយ៕

អត្ថបទ៖រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម