Connect with us

ព័ត៌មានជាតិ

អាជីវករលក់ដូរគ្មានសណ្តាប់ធ្នាប់នៅតំបន់ទេសចរណ៍មណ្ឌលគិរី ស្ម័គ្រចិត្តរុះរើតូបក្រោយអាជ្ញាធរអប់រំណែនាំ

បានផុស

នៅ

អាជីវករដែលបានសាងសង់តូបលក់ដូរគ្មានសណ្តាប់ធ្នាប់នៅតំបន់ទេសចរណ៍ «អណ្ដូងស្នេហ៍» ក្នុងឃុំដាក់ដាំ ស្រុកអូររាំង ខេត្តមណ្ឌលគិរី បានស្ម័គ្រចិត្តរុះរើតូបរបស់ខ្លួន បន្ទាប់ពីអាជ្ញាធរចុះពន្យល់ អប់រំ និងណែនាំ ដោយសារការលក់ដូរនោះអាចប៉ះពាល់ដល់សណ្តាប់ធ្នាប់ សោភ័ណភាព និងបរិស្ថាននៃតំបន់ទេសចរណ៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ែត រ៉ា ក្រុមប្រឹក្សាឃុំដាក់ដាំ បានឱ្យដឹងថា ការចុះអប់រំ និងណែនាំនេះ ធ្វើឡើងតាមការចង្អុលបង្ហាញរបស់លោក សៀម មុន្នី អភិបាលស្រុកអូររាំង ដោយក្រុមការងារអាជ្ញាធរឃុំ និងប៉ុស្តិ៍នគរបាលរដ្ឋបាល បានចុះពិនិត្យទីតាំងលក់ដូរគ្មានលិខិតអនុញ្ញាត នៅចំណុច «អណ្ដូងស្នេហ៍» (រូបអក្សរ S) ស្ថិតក្នុងភូមិពូត្រែង ឃុំដាក់ដាំ។

ការចុះអនុវត្តនេះ បានធ្វើឡើងនៅថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ក្នុងគោលបំណងរក្សារបៀបរៀបរយ សោភ័ណភាព បរិស្ថាន និងគុណតម្លៃនៃតំបន់ទេសចរណ៍ ខណៈទីតាំងនេះកំពុងទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកទស្សនាកម្សាន្តកាន់តែច្រើន ជាពិសេសនៅថ្ងៃចុងសប្តាហ៍។

អាជីវករឈ្មោះ សន ឡាន់ អាយុ៤៥ឆ្នាំ បច្ចុប្បន្នមានទីលំនៅភូមិពូត្រែង ឃុំដាក់ដាំ បានរៀបរាប់ថា រូបគាត់និងក្រុមគ្រួសារមានស្រុកកំណើតនៅខេត្តកំពង់ធំ ហើយបានផ្លាស់ទីលំនៅមករស់នៅខេត្តមណ្ឌលគិរីប៉ុន្មានឆ្នាំចុងក្រោយនេះ មានមុខរបរយាមចម្ការឱ្យគេ។ ប៉ុន្តែដោយសារឃើញតំបន់ទេសចរណ៍នេះទំនេរ ក៏បានសង់តូបបណ្តោះអាសន្ន ដើម្បីលក់ភេសជ្ជៈជូនភ្ញៀវទេសចរ និងរកប្រាក់ចំណូលបន្ថែមសម្រាប់ផ្គត់ផ្គង់គ្រួសារ។​

យ៉ាងណាមិញ ក្រោយទទួលបានការពន្យល់ និងណែនាំពីអាជ្ញាធរ អ្នកស្រីបានយល់ព្រមស្ម័គ្រចិត្តរុះរើតូបភ្លាមៗ ដើម្បីចូលរួមថែរក្សាសណ្តាប់ធ្នាប់ អនាម័យ បរិស្ថាន និងសោភ័ណភាពរបស់តំបន់ទេសចរណ៍។

ជាមួយគ្នានេះ អាជ្ញាធរឃុំដាក់ដាំ បានអំពាវនាវដល់ប្រជាពលរដ្ឋ និងអាជីវករទាំងអស់ ឱ្យគោរពសណ្តាប់​ធ្នាប់​សាធារណៈ និងជៀសវាងការសាងសង់ ឬលក់ដូរដោយគ្មានការអនុញ្ញាតនៅតំបន់ទេសចរណ៍ ដើម្បីរួមគ្នាអភិរក្សធនធានធម្មជាតិ និងលើកកម្ពស់សោភ័ណភាព សម្រាប់ទាក់ទាញភ្ញៀវទេសចរឱ្យកាន់តែច្រើន៕

ដោយ៖ រៀម សុខហេង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម