Connect with us

ព័ត៌មានអន្ដរជាតិ

បង្រ្កាបកន្លែងផលិតប៊ីចេង និងគ្រឿងទេសក្លែងក្លាយទ្រង់ទ្រាយ​ធំ នៅក្រុងហូជីមិញ ឃាត់ខ្លួនមនុស្ស​៥នាក់

បានផុស

នៅ

កម្លាំងនគរបាលនៃទីក្រុងហូជីមិញ ទើបតែបានបង្រ្កាបដោយជោគជ័យនូវខ្សែ​បណ្ដាញ​ផលិត និងជួញដូរផលិតផលក្លែងក្លាយ មានដូចជា ប៊ីចេង ម្សៅស៊ុប និងម្សៅសាប៊ូ ជាដើម ដែល​ជនសង្ស័យ បានប្រើប្រាស់វត្ថុធាតុដើមគ្មានប្រភពច្បាស់លាស់ជាង ១,១តោន ដើម្បីផលិតទំនិញក្លែងក្លាយ​ទាំង​នេះ​ចែកចាយនៅ​លើទីផ្សារ។

(រូបថត៖ VOV)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​​សារព័ត៌មានវៀតណាម VOV បានចុះផ្សាយកាល​ពី​ថ្ងៃទី​១៦ ខែ​កក្កដា ឆ្នាំ​២០២៦ ថា ​បច្ចុប្បន្ន ស្ថាប័នស៊ើបអង្កេតបានសម្រេចប្តឹង និងចាប់ខ្លួនមនុស្សចំនួន ៥នាក់ ពីបទផលិត និងជួញដូរទំនិញក្លែងក្លាយ។ ជនសង្ស័យទាំងនោះ រួមមាន មេខ្លោងឈ្មោះ ង្វៀង វ៉ាន់ដៃ (Nguyễn Văn Đại) កើតឆ្នាំ ១៩៨៧ និងបក្ខពួក ៤នាក់ទៀតនៅ​ក្នុងគ្រួសារតែមួយ គឺ ផាម ធីភឿង (Phạm Thị Phương), ជូ វ៉ាន់ថាញ់ (Chu Văn Thanh), ជូ វ៉ាន់ហ៊ូ (Chu Văn Hữu) និង ដៅ ដឹកមិញ (Đậu Đức Minh) ដែលរស់នៅក្នុងសង្កាត់វីញឡុក (Vĩnh Lộc)។

យោងតាមសមត្ថកិច្ច ក្រុមនេះបានដំណើរការយ៉ាងជិតស្និទ្ធដោយប្រើប្រាស់ទូរស័ព្ទ និងកម្មវិធី Zalo ដើម្បីទាក់ទងគ្នា និងតែងតែផ្លាស់ប្តូរទីតាំងដឹកជញ្ជូន ដើម្បីគេចពីការតាមដាន។ មេខ្លោងឈ្មោះ ង្វៀង វ៉ាន់ដៃ គឺជាអ្នកទិញវត្ថុធាតុដើមដែលគ្មានប្រភពច្បាស់លាស់ពី​ទីផ្សារ​ងងឹត រួចបញ្ជាឱ្យគេបោះពុម្ពស្រោមវេចខ្ចប់ និងស្លាកសញ្ញាក្លែងក្លាយពីម៉ាកល្បីៗមកបិទ ដើម្បីបោកបញ្ឆោតអ្នកប្រើប្រាស់។

បន្ទាប់ពីតាមដានអស់ជាច្រើនខែ នៅចុងខែមេសា ឆ្នាំ២០២៦ កម្លាំងសមត្ថកិច្ចបានចុះឆែកឆេររោងចក្រផលិត និងទីតាំងចែកចាយជាង ១២កន្លែង នៅក្នុងទីក្រុងហូជីមិញ និងខេត្តតៃនិញ (Tây Ninh)។ ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានរឹបអូសប៊ីចេងក្លែងក្លាយជិត ១៥០គីឡូក្រាម, ម្សៅស៊ុបជាង ៥០គីឡូក្រាម, ម្សៅសាប៊ូជិត ៥៥០គីឡូក្រាម រួមជាមួយឧបករណ៍ម៉ាស៊ីន និងសម្ភារវេចខ្ចប់ជាច្រើនទៀត។ ជនសង្ស័យបានសារភាពថា ពួកគេបានទិញវត្ថុធាតុដើមប្រមាណជាង ១,១តោន ដែលមិនបានឆ្លងកាត់ការត្រួតពិនិត្យគុណភាពណាមួយឡើយ។ ប្រសិនបើផលិតផលទាំងនេះត្រូវបានលក់ចេញទៅកាន់ទីផ្សារ វានឹងបង្កជាហានិភ័យសុខភាពធ្ងន់ធ្ងរដល់អ្នកបរិភោគរាប់ម៉ឺននាក់។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តបើកការស៊ើបអង្កេតបន្ថែម ដើម្បីស្វែងរកប្រភពផ្គត់ផ្គង់វត្ថុធាតុដើម និងចាត់វិធានការទៅលើម្ចាស់ហាងលក់ទំនិញ ដែលបានចូលរួមចែកចាយទំនិញក្លែងក្លាយទាំងនេះ៕

ប្រែសម្រួល៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម