ព័ត៌មានជាតិ
តើនៅពន្ធនាគារមានការឆ្លងមេរោគកូវីដ-១៩ ប្រភេទ ដែលតា ដែរ ឬទេ?
បច្ចុប្បន្ននេះ មេរោគបប្លែងថ្មី ដែលតា (Delta) បានឆ្លងចូលទៅសហគមន៍ ហើយបានរីករាលដាលរហូតដល់ទៅ ១៧រាជធានី-ខេត្ដ ជាសញ្ញាហានិភ័យនៃសុខភាពសាធារណៈ។ ស្របពេល នៅពន្ធនាគារមួយចំនួនដូចជា មណ្ឌលអប់រំកែប្រែទី១ “ម១” មណ្ឌលអប់រំកែប្រែទី២ “ម២” ពន្ធនាគារភ្នំពេញ “PJ” និងពន្ធនាគារខេត្តព្រះសីហនុ និងពន្ធនាគារនៅតាមបណ្ដាខេត្ត ក៏ធ្លាប់ផ្ទុះការឆ្លងជំងឺកូវីដ-១៩ ដែរនោះ តើនៅពន្ធនាគារមានការឆ្លងមេរោគកូវីដ-១៩ ប្រភេទ ដែលតា នៅក្នុងពន្ធនាគារ ឬទេ?

លោក នុត សវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារនៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា ពិបាកសន្និដ្ឋានថាមានមន្ត្រី ឬអ្នកជាប់ឃុំ មានឆ្លងជំងឺកូវីដ-១៩ ប្រភេទ ដែលតា ឬអត់ ព្រោះទាល់តែធ្វើតេស្តវិភាគដោយម៉ាស៊ីនធំទើបអាចដឹងបាន បើប្រើឧបករណ៍តេស្តរហ័ស Rapid គឺមិនអាចដឹងបានទេ។ លោក នុត សវនា មានប្រសាសន៍ បញ្ជាក់បន្ថែមថា៖ “ប៉ុន្តែយើងមើលចរិត និងលក្ខណៈនៃការឆ្លងមេរោគលឿន និងច្រើនយ៉ាងណា។ បើត្រឹមឆ្លងម្នាក់ ២នាក់ ៣នាក់អីហ្នឹង នោះមិនមែនជាការឆ្លងមេរោគ ប្រភេទ ដែលតា ទេ”។

អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ មានប្រសាសន៍បន្តទៀតថា៖ “បើមានការឆ្លងមានសន្ទុះខ្លាំង យើងសង្ស័យ យើងនឹងកត់សម្គាល់ ឬកំណត់មុខសញ្ញាថាជា ប្រភេទ ដែលតា។ ប៉ុន្តែមកដល់ពេលនេះ មិនមានការឆ្លងរាលដាលក្នុងពន្ធនាគារដែលមានទំហំធំ ដែលយើងគួរសន្និដ្ឋានថាជា មេរោគប្រភេទថ្មីហ្នឹងទេ”។
លោក នុត សវនា បានមានប្រសាសន៍ថា ទាក់ទងទៅនឹងការឆ្លងជំងឺកូវីដ-១៩ក្នុងពន្ធនាគារទូទាំងប្រទេស មិនមានការផ្ទុះឆ្លងជំងឺកូវីដ-១៩ខ្លាំងនោះទេ គឺជួនកាលរយៈពេល២ ទៅ៣ថ្ងៃ បានឃើញមានវិជ្ជមាន ១ ឬ២ករណីដែលសង្ស័យ ហើយធ្វើតេស្ត បើវិជ្ជមាន នឹងព្យាបាល ស្របជាមួយការបង្ការតាមវិធានសុខាភិបាល។
ថ្លែងប្រាប់អ្នកសារព័ត៌មាននៅក្នុងឱកាសនាំយកអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន ប្រគល់ជូនអ្នកដែលស្ម័គ្រចិត្ដចាក់វ៉ាក់សាំងជំងឺកូវីដ-១៩ ទី៨លាន នៅខេត្តស្ទឹងត្រែង នាព្រឹកនេះ លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ បានបញ្ជាក់ថា មេរោគបំប្លែងថ្មី ដែលតា កំពុងចរាចរនៅកម្ពុជា មានចំនួនជាង ៤០០ករណីហើយ បើគិតរហូតមកដល់ថ្ងៃទី១២ ខែសីហា ឆ្នំា២០២១នេះ។

យោងតាមសេចក្ដីជូនដំណឹងរបស់ក្រសួងសុខាភិបាលកាលពីម្សិលមិញ បានបង្ហាញថា គិតចាប់ពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ដល់ថ្ងៃទី១០ ខែសីហា ឆ្នាំ២០២១ កម្ពុជាបានរកឃើញអ្នក មានវិជ្ជមានវីរុសកូវីដ-១៩ ប្រភេទ ដែលតា (Delta) លើពលករត្រលប់ពីប្រទេសថៃ និងប្រទេសវៀតណាម អ្នកដំណើរមកតាមជើង ហោះហើរ បុគ្គលិកសុខាភិបាល មន្ត្រីរាជការ និងអ្នកភូមិនៅក្នុងសហគមន៍ សរុបទាំងអស់ចំនួន ៤២៩នាក់ ក្នុងនោះស្រី្តមានចំនួន ២០៩នាក់។ វីរុសដែលតា (Delta) បាន និងកំពុងបន្តរាតត្បាតវាយលុកចូលក្នុងសហគមន៍ ជាពិសេសខេត្តឧត្តរមានជ័យ រាជធានីភ្នំពេញ សៀមរាប ព្រះវិហារ កំពង់ចាម កំពង់ធំ និងបណ្តាខេត្តមួយចំនួនទៀត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
សន្តិសុខសង្គម២ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


