ព័ត៌មានជាតិ
កម្ពុជាជាប់ចំណាត់លេខ១ ប្រទេសរួសរាយជាងគេលើពិភពលោក
វែបសាយអន្តរជាតិមួយ ឈ្មោះ “Rough Guides” ជាទីភ្នាក់ងារទេសចរណ៍ និងជាក្រុមហ៊ុនបោះពុម្ពផ្សាយសៀវភៅមគ្គុទេសក៍ដ៏ល្បីល្បាញ អំពីប្រទេសដែលរួសរាយរាក់ទាក់ជាងគេបំផុតនៅលើពិភពលោក “The World’s Friendliest Countries” ផងនោះ បានបង្ហាញពីការស្ទង់មតិពីអ្នកទេសចរនៅលើពិភព ទៅលើប្រទេសជាច្រើន ហើយជាលទ្ធផលបានបង្ហាញថា កម្ពុជាបានជាប់ចំណាត់លេខ១ ជាប្រទេសដែលមានភាពរួសរាយរាក់ទាក់បំផុតនៅលើពិភពលោក ដែលមានអ្នកបោះឆ្នោតគាំទ្រច្រើនជាងគេ នៅក្នុងប្រព័ន្ធអ៊ីនធើណេត។

លោក តុប សុភ័ក អ្នកនាំពាក្យក្រសួងទេសចរណ៍ បានមានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” ថា វេបសាយ Rough Guides ដែលជាក្រុមហ៊ុនជំនាញខាងទេសចរណ៍ មានស្នាក់ការនៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស បានដាក់ការស្ទង់មតិមួយ នៅលើបណ្តាញសង្គម Twitter និង Facebook របស់ខ្លួន អំពីប្រទេសដែលមានភាពរួសរាយរាក់ទាក់ជាងគេបំផុតលើពិភពលោក ហើយការស្ទង់មតិនេះ បានធ្វើឡើងនៅខែសីហា ឆ្នាំ២០២១ កន្លងទៅថ្មីៗនេះ។ លោកថា យើងមិនដឹងពីនីតិវិធីរបស់គេទេ ប៉ុន្តែជាលទ្ធផលគេបានបង្ហាញថា ប្រទេសកម្ពុជាទទួលបានចំណាត់ថ្នាក់លេខ១។
ទោះជាយ៉ាងណា លោក តុប សុភ័ក អះអាងថា វេបសាយ Rough Guides គេមិនបានរំលេចពីចំនួនអ្នកចូលរួមបោះឆ្នោតនោះទេ តែគេបានឱ្យកម្ពុជាយើងជាប់ចំណាត់ថ្នាក់ទី១។

ចំណែកលោកស្រី ឆាយ ស៊ីវលីន ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា បានថ្លែងថា ការផ្តល់ចំណាត់ថ្នាក់លេខ១ របស់វេបសាយរួសរាយមកដល់កម្ពុជានេះគឺជារឿងត្រឹមត្រូវ។
លោកស្រី ឆាយ ស៊ីវលីន បានបញ្ជាក់ថា ការស្ទង់មតិនេះធ្វើឡើងតាមរយៈភ្ញៀវ ដែលបានស្គាល់ប្រទេសកម្ពុជា ដោយបានឆ្លងកាត់ប្រទេសកម្ពុជាតាមរយៈដំណើរទេសចរណ៍របស់ពួកគាត់ ដូច្នេះពួកគាត់ធ្លាប់មានអនុស្សាវរីយ៍ ធ្លាប់មានបទពិសោធន៍នៅប្រទេសកម្ពុជា ទើបអាចឱ្យគាត់ចូលរួមក្នុងការស្ទង់មតិនេះ ហើយលទ្ធផលនេះ គឺជាសញ្ញាល្អសម្រាប់ប្រទេសកម្ពុជា ដែលជាការទាក់ទាញមួយ។ ពីព្រោះជាធម្មតាភ្ញៀវទេសចរ មុននឹងគេធ្វើដំណើរទៅកាន់ប្រទេសណាមួយ ឬកន្លែងណាមួយ គេតែងតែឆែកមើល ថាតើប្រទេសនោះ មានផលិតផល មានស្ថានភាពបែបណា ហើយប្រជាជនមានអត្តចរិកលក្ខណៈបែបណាបែបម៉េច ដើម្បីគេត្រៀមខ្លួនក្នុងការធ្វើដំណើរ។
លោកស្រី ឆាយ ស៊ីវលីន អះអាងថា៖ “ដូច្នេះបើប្រទេសកម្ពុជាជាប់ចំណាត់ថ្នាក់ជាប្រទេសរូសរាយរាក់ទាក់នោះ មានន័យថា គឺជាអ្វីដែលគេចង់បាន ពីព្រោះនៅពេលគេចេញដើរ គេតែងតែចង់បានអនុស្សាវរីយ៍ល្អៗ បទពិសោធន៍ល្អៗ រូបភាពល្អៗ ជាពិសេស គឺភាពរួសរាយរាក់ទាក់នេះហើយ ពីព្រោះភ្ញៀវទេសចរភាគច្រើន គឺតែងតែដើរធ្វើដំណើរពីតំបន់មួយ ទៅតំបន់មួយ ពីខេត្តមួយទៅខេត្តមួយ ដូច្នេះពួកគេចង់ឃើញរូបភាពស្នាមញញឹម ដែលជាសញ្ញាមួយស្វាគមន៍ចំពោះភ្ញៀវបរទេស ដែលចូលទៅទស្សនាតំបន់របស់ពួកគាត់”។

ជាមួយគ្នានោះ លោកស្រី ឆាយ សៀវលីន បានបញ្ជាក់ថា ទន្ទឹមនឹងលទ្ធផលនេះ ប្រជាពលរដ្ឋខ្មែរយើងក៏ត្រូវតែព្យាយាមរក្សានូវអត្តសញ្ញាណរបស់ខ្មែរយើងជារៀងរហូត ដើម្បីកុំឱ្យអ្វីដែលគេស្ទង់មតិទៅហើយ នៅពេលគេមកលេង កុំឱ្យគេខកចិត្ត ខុសពីអ្វីដែលគេរំពឹងទុក ពីព្រោះ គេមកលេងប្រទេសយើង គេចង់ឃើញថា តើមានស្នាមញញឹមហ្នឹងចឹងមែនអត់។
លោកស្រីអះអាងថា ការមកលេងរបស់ភ្ញៀវទេសចរណ៍នេះសំខាន់ណាស់ ពីព្រោះបាននាំមកនូវចំណូលរបស់ជាតិ និងចំណូលមូលដ្ឋាន។

គួរបញ្ជាក់ថា ប្រទេសចំនួន ៩ទៀត ត្រូវបានអ្នកទេសចរអន្តរជាតិចាត់ទុកថា ជាប្រទេសមានភាពរួសរាយរាក់ទាក់ផងដែរ ដែលភាគច្រើនជាប្រទេសនៅក្នុងតំបន់អាស៊ាន។ ប្រទេសដែលឈរនៅលេខរៀងបន្ទាប់ពីកម្ពុជា គឺប្រទេសហ្វីលីពីន។ ចំណាត់លេខ៣ ប្រទេសឡាវ ចំណាត់លេខ៤ ប្រទេសណេប៉ាល់ ចំណាត់លេខ៥ ប្រទេសថៃ ចំណាត់លេខ៦ ប្រទេសមីយ៉ាន់ម៉ា ចំណាត់លេខ៧ ប្រទេសឥណ្ឌូនេស៊ី ចំណាត់ទី៨ ប្រទេសហ្វីជី ចំណាត់ថ្នាក់លេខ៩ ប្រទេសស្កុតលែន និងចុងក្រោយ គឺប្រទេសស្រីលង្កា ទទួលបានចំណាត់ថ្នាក់ទី១០។
អ្នកចូលរួមផ្តល់មតិយោបល់ម្នាក់ គឺលោកស្រី Andrea Leber បាននិយាយថា៖ “ពួកគេ (ប្រជាជនកម្ពុជា) បានឆ្លងកាត់ការលំបាកច្រើន ប៉ុន្តែពួកគេនៅតែមានស្នាមញញឹមនៅលើមុខ”៕
អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


