ព័ត៌មានជាតិ
សម្ដេចក្រឡាហោម ស ខេង បញ្ជាបញ្ចប់មូលដ្ឋាន នូវឧក្រិដ្ឋកម្ម ក្នុងខេត្តព្រះសីហនុ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានស្នើឱ្យនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ សហការជាមួយប្រធានគណៈបញ្ជាការឯកភាពខេត្ត និងអគ្គនាយកដ្ឋានអន្តោប្រវេសន៍ធ្វើយ៉ាងណាបង្រ្កាបបទឧក្រិដ្ឋឱ្យអស់នៅក្នុងខេត្តព្រះសីហនុ ដើម្បីធានាបាននូវភាពកក់ក្តៅជូនប្រជាពលរដ្ឋ និងអ្នកវិនិយោគ។

សម្ដេចក្រឡាហោម បានថ្លែងនៅក្នុងពិធីបិទ សន្និបាតបូកសរុបកាងារឆ្នាំ ២០២១ និងទិសដៅកាងារឆ្នាំ២០២២ របស់រដ្ឋបាលខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២២។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា៖ “យើងប្តេជ្ញាថា បញ្ចប់ឱ្យបានជាមូលដ្ឋាននូវបទឧក្រិដ្ឋកម្មដែលកើតមាននៅក្នុងខេត្តព្រះសីហនុ ព្រោះវាជាមុខមាត់ និងកិត្យានុភាពរបស់ខេត្តព្រះសីហនុ។ ដូចនេះត្រូវបញ្ចប់ឱ្យបាននៅមុនការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នេះ ទោះបីមិនបាន ១០០ ភាគរយ ក៏យើងត្រូវតែបញ្ចប់ឱ្យបានជាមូលដ្ឋាន ព្រោះយើងមើលទៅសាហាវណាស់ រឿងដែលបានបញ្ជូនទៅម្ដងៗ គឺរូបភាពសាហាវណាស់ សាហាវទាល់តែមែនទែន។ ដល់គេយកទៅផ្សាយពេញមួយពិភពលោក វាធ្វើឱ្យគេមើលឃើញថា មានឧក្រិដ្ឋកម្ម មានការចាប់ជំរិត មានការសម្លាប់មនុស្ស”។
ជាមួយនេះសម្ដេចក្រឡាហោម ស ខេង បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលការងារដែលរដ្ឋបាលខេត្តសម្រេចបានក្នុងឆ្នាំ២០២១កន្លងមក សម្រាប់សេវាសាធារណៈជូនប្រជាពលរដ្ឋ អ្នកវិនិយោគ ការបង្ការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងខេត្តព្រះសីហនុ។
ប៉ុន្តែបញ្ហាបច្ចុប្បន្នភាព ពិសេសបទល្មើសឧក្រិដ្ឋនៅតែបន្តកើតមានជាបន្តបន្ទាប់ ហើយបញ្ហានេះបានជះឥទ្ធិពលមិនល្អដល់មុខមាត់ខេត្តព្រះសីហនុ។ ការផ្សព្វផ្សាយព័ត៌មាននេះចេញទៅក្រៅ ប្រាកដជាជះឥទ្ធិពលមិនល្អ ទោះបីព័ត៌មាននោះពិត ឬមិនពិតក្តី បើគ្មានការបកស្រាយជាក់លាក់ព័ត៌មាននោះនឹងក្លាយទៅជាព័ត៌មានពិត ហើយអ្នកដែលប្រុងមកវិនិយោគនៅកម្ពុជា គឺលែងមក ឬក៏ស្ទាក់ស្ទើរមកធ្វើវិនិយោគនៅកម្ពុជា ដោយសារវាមានបញ្ហាអសន្តិសុខនៅទីនេះ។
សម្តេចក្រឡាហោម ស ខេង បានរំលឹកថា ខេត្តព្រះសីហនុ ពីមុនបានរងនូវឈ្មោះមិនល្អ ដោយមានការរិះគន់ដោយសារមានជនជាតិចិនមកវិនិយោគច្រើន ធ្វើឱ្យមានការបន្តុះបង្អាប់ពីអាកប្បកិរិយាការរស់នៅ ទំនៀមទម្លាប់ជាដើម ពាក់ព័ន្ធជនជាតិចិននៅកម្ពុជា ហើយបន្តទៀតចាប់ផ្ដើមមានបទល្មើសឧក្រិដ្ឋជាបន្តបន្ទាប់។

សម្តេចក្រឡាហោម ស ខេង បានស្នើឱ្យរដ្ឋបាលខេត្តព្រះសីហនុ ត្រូវខិតខំកែលម្អមុខមាត់ ទីមួយ ព័ន្ធនឹងការមកដល់នៃជនជាតិចិនដែលបានបង្កនូវភាពរញ៉េរញ៉ៃ។ ទីពី រឿងសន្តិសុខ បទឧក្រិដ្ឋកម្ម ជាបញ្ហាដែលមិនទាន់បានដោះស្រាយចប់ បើទោះបីយើងបង្ក្រាបជាបន្តបន្ទាប់ ដូចនេះនាយឧត្តមសេនីយ៍ នេត សាវឿន នាយឧត្តមសេនីយ៍ គៀត ចាន់ថារិទ្ធ អគ្គនាយកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ និង លោក គួច ចំរើន ប្រធានគណៈបញ្ជាការខេត្តព្រះសីហនុ ត្រូវដោះស្រាយបញ្ហានេះឱ្យបានជាមូលដ្ឋាន។
របាយការណ៍បូកសរុបរបស់រដ្ឋបាលខេត្តព្រះសីហនុ បានឱ្យដឹងថា ក្នុងឆ្នាំ២០២១កន្លងទៅ ខេត្តព្រះសីហនុមានបទល្មើសព្រហ្មទណ្ឌ ថយចុះ ២៤% បទល្មើសឧក្រិដ្ឋ ថយចុះ ៥២% បទល្មើសមជ្ឈិម ថយចុះ១៨% បទល្មើសគ្រឿងញៀន ថយចុះ ១៧% បទល្មើសជួញដូរមនុស្ស និងអាជីវកម្មផ្លូវភេទថយចុះ ៤៨%។
គួររំលឹកថា កាលពីពេលថ្មីៗកន្លងទៅនេះ ក្រុមធុរជនចិនតាមរយៈសភាពាណិជ្ជកម្មចិនកម្ពុជា បានសរសេរលិខិតចំហរួមមួយផ្ញើជូនអាជ្ញាធរចិន និងកម្ពុជាឱ្យជួយបង្ក្រាបអ្វីដែលពួកគេចាត់ទុកថាជាឧក្រិដ្ឋកម្ម “ខុសច្បាប់” ពាក់ព័ន្ធនឹងពលរដ្ឋចិននៅកម្ពុជា។ ក្នុងលិខិតដែលបានចែកចាយកាលពីថ្ងៃទី២៤ ខែកុម្ភៈ ២០២២ កន្លងទៅនេះ ក្រុមអ្នកជំនួញចិននៅកម្ពុជាបានរៀបរាប់អំពីកំណើននៃករណីបាញ់ប្រហារ ចាប់ជំរិត ការគំរាមកំហែងយកប្រាក់ និងការកំណត់ “តំបន់ទឹកដី” វាតទីកាងគ្រប់គ្រងដោយក្រុមឧក្រិដ្ឋជននៅក្នុងប្រទេសកម្ពុជាផងដែរ។
លិខិតដដែលដែលសរសេរបីភាសា (ខ្មែរ-អង់គ្លេស-ចិន) មានអត្ថន័យ៖ “វិធីសាស្ត្រនៃឧក្រិដ្ឋជនមួយចំនួនរបស់គេពិតជាឃោរឃៅបំផុត និងទង្វើព្រៃផ្សៃវាបានធ្វើឱ្យផ្ទុះកំហឹង ហើយបានជំរុញឱ្យជនរួមជាតិចិននៅកម្ពុជា និងប្រជាជនចិននៅប្រទេសចិនមានកំហឹងយ៉ាងខ្លាំង។ ករណីគ្រោះថា្នក់ទាំងនេះសុទ្ធតែពាក់ព័ន្ធនឹងល្បែងស៊ីសងតាមអ៊ីនធឺណិត និងក្រុមបោកប្រាស់ទូរគមនាគមន៍នៅកម្ពុជា ដែលបានបង្កការខូចខាតយ៉ាងខ្លាំងដល់អាជីវកម្មរបស់កម្ពុជា និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ទំនុកចិត្តរបស់ជនជាតិចិន ដែលមានគំនិតមកធ្វើការវិនិយោគនិងធ្វើអាជីវកម្មនៅកម្ពុជា។ ពួកគេស្នើរដ្ឋអំណាចកម្ពុជា និងចិនចាត់ការបង្ក្រាបក្រុមឧក្រិដ្ឋជនទាំងនេះឱ្យបាន ធ្ងន់ធ្ងរបំផុត។
បើយោងតាមទិន្នន័យរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) នៅចន្លោះពីឆ្នាំ ១៩៩៤ មកទល់នឹងឆ្នាំ ២០១៩ មុនវិបត្តិកូវីដ-១៩ មកដល់ ប្រទេសចិនជាប្រភពបណ្ដាក់ទុនវិនិយោគពីបរទេសធំជាងគេនៅកម្ពុជា ជាមួយនឹងអត្រាប្រមាណ២១ ភាគរយនៃទុនវិនិយោគសរុប ក្នុងរយៈពេល២៥ឆ្នាំកន្លងមក៕
អត្ថបទ៖ ណារី
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


