ព័ត៌មានជាតិ
បើប្រាសាទកោះកេរ មិនអាចចុះបញ្ជីបេតិកភណ្ឌពិភពលោក តើកម្ពុជា អាចធ្វើអ្វីបន្ត?
កម្ពុជាបានដាក់ឯកសារស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ទៅកាន់គណៈកម្មការបេតិកភណ្ឌពិភពលោកកាលពីដើមឆ្នាំ២០២១ ចំណែកខាងគណៈកម្មការបេតិកភណ្ឌពិភពលោក បានទទួលឯកសារ និងបានបញ្ជូនអ្នកជំនាញមកពិនិត្យ និងវាយតម្លៃរួចហើយ និងយើងកំពុងរង់ចាំទទួលលទ្ធផលនៅពាក់កណ្ដាលឆ្នាំ ២០២២នេះ។ បើករណី ប្រាសាទកោះកេរ មិនបានទទួលចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក នៅពេលនោះ តើកម្ពុជាអាចធ្វើអ្វីបន្តទៀតចំពោះកិច្ចការនេះ?

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ លោក គង់ ពុទ្ធិការ មានប្រសាសន៍ប្រាប់ “កម្ពុជាថ្មី” នៅថ្ងៃនេះថា នៅពេលនេះយើងមិនទាន់អាចសន្និដ្ឋានថា ប្រាសាទកោះកេរនឹងត្រូវប្រកាសថា នឹងបានចុះបញ្ជីបេតិកភណ្ឌពិភពលោកក្នុងប្រជុំខាងមុខ ឬយ៉ាងម៉េចទេ ព្រោះលទ្ធផលស្ថិតនៅលើការសម្រេចរបស់គណៈកម្មការបេតិកភណ្ឌពិភពលោកតតាមរយៈអ្នកជំនាញការ ត្រួតពិនិត្យ និងវាយតម្លៃ និងប្រជុំសម្រេច។
លោក គង់ ពុទ្ធិការ មានប្រសាសន៍ឆ្លើយតបបន្ថែមថា៖ “ការសម្រេចរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក មាន ៣ កម្រិត៖ ទី១ កម្រិតអាក្រក់បំផុត គឺសម្រេចមិនឱ្យចុះបញ្ជីតែម្ដង កម្រិតទី២ សម្រេចឱ្យកែសម្រួលឯកសារបន្តិចបន្តួចណាមួយតាមការណែនាំរបស់គណៈកម្មការ និងអ្នកជំនាញ ហើយផ្ញើទៅវិញ រង់ចាំការសម្រេចម្ដងទៀត និងទី៣ បើបេតិកភណ្ឌដែលយើងស្នើទៅនោះគ្រប់លក្ខខណ្ឌហើយ គឺគណៈកម្មការសម្រេចចុះបញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកតែម្ដង”។

អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ រូបនេះបញ្ជាក់ថា តាមការសម្រេចកាលពីឆ្នាំមុនថា គណៈកម្មការបេតិកភណ្ឌពិភពលោក គ្រោងប្រជុំនៅរុស្ស៊ី ប៉ុន្តែឥឡូវស្ថានភាពរុស្ស៊ីកំពុងមានបញ្ហាសង្គ្រាមជាមួយប្រទេសអ៊ុយក្រែន។
លោក គង់ ពុទ្ធិការ មានប្រសាសន៍បន្តថា៖ “ឥឡូវយើងនៅរង់ចាំលទ្ធផលការស្នើសុំចុះបញ្ជីប្រាសាទកោះកេរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោក តាមរយៈកិច្ចប្រជុំសម្រេចពី គណៈកម្មការបេតិកភណ្ឌពិភពលោក អាចនៅកំឡុងខែ ៦ (មិថុនា) ឬ ខែ ៧ (កក្កដា) ឆ្នាំហ្នឹង (២០២២) តាមការគ្រោងទុកពីឆ្នាំមុន។ ដែលយើងមិនទាន់ដឹងថា គណៈកម្មការនឹងសម្រេចរៀបចំ ឬធ្វើអ្វីរបៀបម៉េចបន្តទៀត”។
លោក គង់ ពុទ្ធិការ បញ្ជាក់ការប្ដេជ្ញាថា ក្នុងនាមជាអ្នកគ្រប់គ្រងរមណីដ្ឋានប្រាសាទកោះកេរ និងជាអ្នកដឹកនាំរៀបចំឯកសារចុះបញ្ជីប្រាសាទកោះកេរចូលបញ្ជីបេតិកភណ្ឌពិភពលោក ដែលជាសេនាធិការនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ អាជ្ញាធរជាតិព្រះវិហារ នឹងខិតខំប្រឹងប្រែងឱ្យអស់ពីលទ្ធភាពជាមួយអ្នកជំនាញការរបស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្យាយាមពន្យល់អ្នកជំនាញការរបស់ គណៈកម្មការបេតិកភណ្ឌពិភពលោក បន្តទៀត ដើម្បីបញ្ចូលប្រាសាទកោះកេរចូលទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក។

សូមជម្រាបថា ប្រាសាទកោះកេរមានទីតាំងស្ថិតនៅក្នុងភូមិស្រយ៉ង់ជើង ឃុំស្រយ៉ង់ ស្រុកគូលេន ខេត្តព្រះវិហារ មានចម្ងាយប្រមាណ ៨០ គីឡូម៉ែត្រ ពីទីរួមខេត្តព្រះវិហារ។
កាលពីឆ្នាំ២០១៨ កម្ពុជាបានចុះសិក្សាស្រាវជ្រាវនៅតំបន់ប្រាសាទកោះកេរ ខេត្តព្រះវិហារ និងប្រាសាទបន្ទាយឆ្មារ ខេត្តបន្ទាយមានជ័យ ដើម្បីស្នើដាក់ប្រាសាទខ្មែរទាំងពីរនេះទៅក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោក បន្ទាប់ពីប្រាសាទអង្គរវត្តបានចុះបញ្ជីជាសម្បត្តិបេតិកភណ្ឌពិភពលោកនៅឆ្នាំ១៩៩២ ប្រាសាទព្រះវិហារនៅឆ្នាំ២០០៨ និងតំបន់ប្រាសាទសំបូរព្រៃគុកនៅឆ្នាំ២០១៧។
ទីតាំងប្រជុំប្រាសាទកោះកេរនេះ គឺជាអតីតរាជធានី “ឆោកគគ៌្យរ” របស់ព្រះបាទជ័យវរ្ម័នទី៤ ដែលត្រូវបានកសាងឡើងក្នុងសតវត្សទី១០ (៩២៨-៩៤២)។ ព្រះអង្គបានផ្លាស់ប្តូររាជធានីពីក្រុងយសោធរបុរៈ (ក្រុងអង្គរ) ទៅកាន់តំបន់កោះកេរនេះ ក្រោយពេលដណ្ដើមរាជបល្ល័ង្កពីក្មួយរបស់ព្រះអង្គ គឺព្រះបាទយសោវរ្ម័នទី២ ដែលសោយរាជ្យនៅក្រុងអង្គរ។ ប្រាសាទនេះកសាងឡើងតាមរចនាប័ទ្មកោះកេរ ដែលមានរាងស្រដៀងនឹងពីរ៉ាមីត៕
អត្ថបទ៖ ច័ន្ទ វីរៈ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២០ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


