Connect with us

ព័ត៌មានអន្ដរជាតិ

លោក បៃដិន ថា លោក ពូទីន កំពុងព្យាយាមរក “អុកស៊ីសែន” ជាមួយនឹងសំណើ បទឈប់បាញ់

បានផុស

នៅ

ប្រធានាធិបតីអាមេរិកលោក ចូ បៃដិន បានលើកឡើងថា ការលំបាករបស់លោក វ្ល៉ាឌីមៀរ ពូទីន នៅក្នុងប្រទេសអ៊ុយក្រែន បន្ទាប់ពីសង្រ្គាមរយៈពេល១០ខែ និងការបាត់បង់ជីវិតមនុស្សរាប់ម៉ឺននាក់ បានជំរុញឲ្យប្រធានាធិបតីរុស្ស៊ីរូបនេះ ស្នើឲ្យមានបទឈប់បាញ់រយៈពេល៣៦ម៉ោង។ លោក បៃដិន និយាយថា “ខ្ញុំគិតថា គាត់កំពុងព្យាយាមរកអុកស៊ីសែន”។

យោងតាមវិមានក្រឹមឡាំង, លោកពូទីនបានបញ្ជាឲ្យមានបទឈប់បាញ់ ចាប់ពីពាក់កណ្តាលថ្ងៃត្រង់នៅថ្ងៃសុក្រទី០៦ខែមករានេះទៅ បន្ទាប់ពីការអំពាវនាវឲ្យមានបទឈប់បាញ់បុណ្យណូអែលដោយសម្តេចសង្ឃ Kirill នៃទីក្រុងមូស្គូ ដែលជាប្រធានព្រះវិហារគ្រិស្តអូស្សូដក់របស់រុស្ស៊ី។

ទោះបីជាយ៉ាងណាក៏ដោយ អ៊ុយក្រែន​បាន​បដិសេធឈប់​បាញ់​ក្នុង​ឱកាស​បុណ្យណូអែល​គ្រិស្ត​អូស្សូដក់ ដោយ​និយាយ​ថា ​នឹង​គ្មាន​បទ​ឈប់​បាញ់​ទេ​ រហូតទាល់តែ​រុស្ស៊ី​ដក​កង​កម្លាំង​វាយលុករបស់​ខ្លួន​ចេញ​ពី​ដី​កាន់កាប់។

នៅពេលសួរអំពីបទឈប់បាញ់នេះ លោក បៃដិន បានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា “ខ្ញុំហាក់ស្ទាក់ស្ទើរក្នុងការឆ្លើយតបទៅនឹងអ្វីដែលលោកពូទីននិយាយ។ ខ្ញុំឃើញថា គាត់មានឆន្ទៈទម្លាក់គ្រាប់បែកលើមន្ទីរពេទ្យ និងព្រះវិហារ នៅថ្ងៃទី២៥និងថ្មីចូលឆ្នាំ។ ខ្ញុំចង់និយាយថា ខ្ញុំគិតថាគាត់កំពុងព្យាយាមរកអុកស៊ីសែនខ្លះប៉ុណ្ណោះ”។

បទឈប់បាញ់របស់លោកពូទីន នឹងចាប់ផ្តើមនៅថ្ងៃទី០៦ខែមករា នៅពេលគ្រិស្តបរិស័ទអូស្សូដក់ជាច្រើន រួមទាំងអ្នកដែលរស់នៅក្នុងប្រទេសរុស្ស៊ី និងអ៊ុយក្រែនផងដែរ ប្រារព្ធពិធីបុណ្យណូអែល។

វានឹងក្លាយជាបទឈប់បាញ់ដ៏សំខាន់លើកដំបូងក្នុងសង្រ្គាមដែលមានរយៈពេលជាង១០ខែ ដែលបានឆក់យកជីវិតមនុស្សរាប់ម៉ឺននាក់ និងបំផ្លិចបំផ្លាញតំបន់ដ៏ធំនៃប្រទេសអ៊ុយក្រែន៕

ប្រែសម្រួល៖ Vann Vann

ប្រភព៖ CNA

ចុចអាន៖ រុស្ស៊ី ប្រកាសបទឈប់បាញ់ ប៉ុន្តែលោក Zelensky បដិសេធ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម