ព័ត៌មានជាតិ
ឆ្នាំ ២០២២ បាតុភូតរន្ទះបាញ់បណ្ដាលឲ្យមនុស្សស្លាប់ និងរបួសជាង ១២០ នាក់ ថយចុះជាងឆ្នាំមុន
លោក សុទ្ធ គឹមកុលមុនី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានមានប្រសាសន៍កាលពីព្រឹកថ្ងៃទី ១០ មករានេះថា នៅឆ្នាំ ២០២២ បាតុភូតរន្ទះបាញ់ បានបណ្ដាលឲ្យមនុស្សស្លាប់ និងរបួសប្រមាណជាង ១២០ នាក់ និងងាប់គោក្របី ៩០ ក្បាល មានការថយចុះ បើប្រៀបធៀបនឹងឆ្នាំ ២០២១ កន្លងទៅ។

លោកបានបន្តថា ឆ្នាំ ២០២២ រន្ទះបាញ់ បានកើតឡើងចំនួន ១១០ លើក បណ្ដាលឲ្យខូចខាតផ្ទះសម្បែង ២៣ ខ្នង ស្លាប់មនុស្ស ៦៣ នាក់ និងរងរបួស ៥៨ នាក់ ព្រមទាំងងាប់គោក្របី ៩០ ក្បាល។
លោកបានបន្តទៀតថា ចំនួននេះបើប្រៀបធៀបទៅនឹងឆ្នាំ ២០២១ កន្លងទៅ ឃើញថា មានការថយចុះ ខណៈឆ្នាំមុនរន្ទះបាញ់បានកើតឡើងចំនួន ១១៨ ខូចខាតផ្ទះ ១៤ ខ្នង បណ្ដាលឲ្យមនុស្សស្លាប់ ៨៣ នាក់ រងរបួស ៥០ នាក់ និងងាប់គោក្របី ៥៧ ក្បាល។

លោក សុទ្ធ គឹមកុលមុនី បានបន្ថែមថា ក្នុងការទប់ស្កាត់បញ្ហារន្ទះបាញ់នេះ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ គ្រោងនឹងរៀបចំបំពាក់ឧបករណ៍ការពាររន្ទះនៅតាមតំបន់ប្រឈមមួយចំនួនដែលតែងតែកើតមាននូវបាតុភូតរន្ទះញឹកញាប់ ដើម្បីទប់ស្កាត់កុំឲ្យមនុស្សសត្វរងរបួសស្លាប់ជាបន្តទៀត ពិសេសបំពាក់នៅខេត្តចំនួន ៣ មុនគេ ដែលមានករណីរងគ្រោះច្រើនជាងគេរួមមាន ខេត្តសៀមរាប ពោធិ៍សាត់ និងខេត្តបាត់ដំបង។ ប៉ុន្តែមុននឹងឈានទៅបំពាក់ឧបករណ៍ការពាររន្ទះនេះ គណៈកម្មការជាតិគ្រោះមហន្តរាយ ត្រូវរៀបចំផែនការឲ្យបានច្បាស់លាស់ ពិសេសស្វែងរកថវិកាពីដៃគូ ក៏ដូចជាស្នើសុំថវិកាពីរាជរដ្ឋាភិបាលក្នុងការទិញឧបករណ៍ទាំងនោះ។

លោកបានបន្ថែមទៀតថា មុននឹងបំពាក់ឧបករណ៍ការពាររន្ទះបាញ់នេះ ក្រុមការងារគណៈកម្មការជាតិគ្រោះមហន្តរាយ នឹងចុះទៅសិក្សានៅខេត្តប្រឈមខ្ពស់ទាំងនោះជាមុនសិន ដើម្បីពិនិត្យមើល និងវាយតម្លៃពីតម្រូវការជាក់ស្ដែង ដើម្បីធ្វើរបាយការណ៍ជូនថ្នាក់ដឹកនាំសម្រាប់អនុម័តបន្ត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


