ព័ត៌មានជាតិ
អង្គការភ្លែន កំពុងធ្វើការអប់រំពលរដ្ឋ ដើម្បីបញ្ឈប់ការរៀបការទាំងវ័យក្មេងក្នុងខេត្តចំនួន២
អង្គការភ្លែនអន្តរជាតិ ប្រកាសពីការបើកគម្រោងមួយឈ្មោះថា “ដល់ពេលធ្វើសកម្មភាព” ដើម្បីអប់រំដល់ប្រជាជន និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេងដែលមិនទាន់គ្រប់អាយុរៀបការ។ គម្រោងនេះមានរយៈពេល២ឆ្នាំ ហើយធ្វើនៅខេត្តរតនគិរី និងស្ទឹងត្រែង។ នេះបើតាមការប្រកាសរបស់អង្គការភ្លែន អន្តរជាតិ។

ប្រភពដដែលលើកឡើងថា គម្រោង “ដល់ពេលធ្វើសកម្មភាព”នេះ ធ្វើឡើងក្រោមការផ្តល់មូលនិធិដោយក្រសួងសហព័ន្ធអាល្លឺម៉ង់សម្រាប់កិច្ចសហប្រតិបត្តិការ និងអភិវឌ្ឍន៍សេដ្ឋកិច្ច (BMZ) និងអង្គការភ្លែនអន្តរជាតិអាល្លឺម៉ង់។ គម្រោងនេះ មានគោលបំណងគាំទ្រដល់ក្មេងស្រី និងក្មេងប្រុសវ័យជំទង់ចំនួន ៦ពាន់នាក់ ដើម្បីផ្សព្វផ្សាយឱ្យពួកគេបានយល់ដឹង និងបញ្ឈប់ការរៀបអាពាហ៍ពិពាហ៍ទាំងវ័យក្មេង។ វា នឹងជួយឱ្យពួកគេអភិវឌ្ឍខ្លួនជាមនុស្សពេញវ័យប្រកបដោយសក្តានុពលនៅក្នុងតំបន់ជួបការលំបាក ជាពិសេស តំបន់ដាច់ស្រយាលនៃខេត្តភាគឦសានទាំងពីរនេះ។
ការស្រាវជ្រាវរបស់អង្គការភ្លែនអន្តរជាតិកាលពីឆ្នាំ២០២០ បង្ហាញថា អត្រាអាពាហ៍ពិពាហ៍នៅវ័យក្មេង ក្នុងខេត្តរតនគិរី មានប្រមាណ ៤៨% មុនអាយុ ១៨ ឆ្នាំ (៨% មុនអាយុ ១៥ ឆ្នាំ) និង ២៥% មុនអាយុ១៨ឆ្នាំ នៅខេត្តស្ទឹងត្រែង។

ជុំវិញបញ្ហានេះ លោកស្រី គ្វីននេត វ៉ង នាយិកាប្រចាំប្រទេសនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានលើកឡើងថា អាពាហ៍ពិពាហ៍នៅវ័យក្មេង និងបោះបង់ការសិក្សា នៅតែជាបញ្ហាដែលបង្អាក់ការអភិវឌ្ឍរបស់ក្មេងស្រីជំទង់។ កុមារី ជាពិសេសរស់នៅតំបន់ជនបទ ប្រឈមមុខនឹងហានិភ័យ មិនត្រឹមតែចំពោះសុខភាព រាងកាយ និងការមានផ្ទៃពោះវ័យក្មេងប៉ុណ្ណោះទេ ថែមទាំងមានអំពើហិង្សាក្នុងគ្រួសារ និងការប្រឈមកាន់តែខ្លាំងឡើងចំពោះការពង្រឹងសេដ្ឋកិច្ចរបស់ពួកគេផងដែរ។
លោកស្រី គ្វីននេត មានប្រសាសន៍៖ “ការរៀបអាពាហ៍ពិពាហ៍នៅវ័យក្មេង គឺជាការអនុវត្តដ៏គ្រោះថ្នាក់ និងជាបញ្ហាសិទ្ធិមនុស្សដែលប៉ះពាល់ដល់ក្មេងស្រី។ ក្មេងស្រីដែលប្រឈមនឹងគ្រោះថ្នាក់ច្រើនបំផុត មកពីគ្រួសារក្រីក្រ ជាក្រុមជនងាយរងគ្រោះ និងរស់នៅតាមតំបន់ជនបទ”។
គម្រោងនេះ ត្រូវបានចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ ២០២៣ ដល់ថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៤ ដោយធ្វើការយ៉ាងជិតស្និទ្ធក្នុងភាពជាដៃគូជាមួយអង្គការមិនមែនរដ្ឋាភិបាលក្នុងស្រុកចំនួន២ គឺអង្គការវឌ្ឍភាព (WP) និងសមាគមយុវជនខ្មែរ (KYA) នៅក្នុងឃុំគោលដៅចំនួន ១៦ ហើយរំពឹងថា នឹងផ្តល់អត្ថប្រយោជន៍ដោយផ្ទាល់ដល់ស្ត្រីចំនួន ៥,៣២៧នាក់ និងក្មេងស្រីចំនួន ៣,៣៦១នាក់ តាមរយៈការកែលម្អបរិយាកាសរៀនសូត្រក្នុងសាលារៀន ដើម្បីកាត់បន្ថយហានិភ័យនៃការបោះបង់ការសិក្សា និងអាពាហ៍ពិពាហ៍នៅវ័យក្មេង។
បន្ថែមលើនេះ ភាគីពាក់ព័ន្ធថ្នាក់ឃុំ នឹងចូលរួមជាមួយគម្រោងនេះដូចគ្នា ដើម្បីធានាថា ក្មេងស្រី ក្មេងប្រុសវ័យជំទង់ ស្ត្រីដែលរៀបការវ័យក្មេង និងឪពុកម្តាយមានភាពយល់ដឹង និងការពារ ព្រមទាំងរាយការណ៍ពីបញ្ហាណាមួយតាមរយៈបណ្តាញទូរស័ព្ទទាន់ហេតុការណ៍ក្នុងស្រុកក្នុង ១៦ឃុំគោលដៅផងដែរ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


