កីឡា
ប្រវត្តិព្រឹទ្ធាចារ្យប្រដាល់ អ៊ុំ រី ជាបុរសទី១នាំគុនខ្មែរចូលទឹកដីសហរដ្ឋអាមេរិក
លោកគ្រូតាប្រដាល់គុនខ្មែរ អ៊ុំ រី កើតនៅឆ្នាំ១៩៤៤ ត្រូវបានពិភពលោកស្គាល់ជាជើងឯកប្រដាល់ឃីកបុកស៊ីងអន្តរជាតិរបស់កម្ពុជាទី១ដែលបាននាំក្បាច់គុនបុរាណខ្មែរទៅកាន់ទឹកដីសហរដ្ឋអាមេរិក បន្ទាប់ពីលោកភៀសខ្លួនទៅដល់ទីនោះក្នុងសម័យសង្គ្រាម។

តាមប្រវត្តិកាលពីក្មេងមុនសម័យសង្គ្រាម លោក អ៊ុំ រី បានផ្ញើខ្លួនជាមួយព្រះសង្ឃក្នុងវត្ត បន្ទាប់មកលោកបានចាប់ផ្តើមហ្វឹកហាត់ប្រដាល់គុនខ្មែរដែលពេលនោះនិយមហៅ«ប្រដាល់សេរី»។ លោកក៏បានចេញប្រកួត និងបានក្លាយជាជើងឯកថ្នាក់ជាតិនៅវ័យ២៣ឆ្នាំ។
លោកបានក្លាយជាកីឡាករប្រដាល់សេរីដ៏ល្បីល្បាញម្នាក់នៅក្នុងប្រទេសកម្ពុជា និងតំបន់អាស៊ីអាគ្នេយ៍។ ក្នុងរយៈពេលប្រកបអាជីពប្រដាល់ជាច្រើនឆ្នាំ លោកបានចេញប្រកួតស្ទើរទូទាំងតំបន់អាស៊ីអាគ្នេយ៍ និងធ្លាប់មានប្រវត្តិប្រកួតឈ្នះជាង២៥០ដង ព្រមទាំងធ្លាប់ឈ្នះខ្សែក្រវាត់ប្រដាល់សេរីអន្តរជាតិទៀតផង។

នៅឆ្នាំ១៩៧៥ ភរិយារបស់លោកបានសម្រាលកូន ប៉ុន្តែពីរខែក្រោយមក រាជធានីភ្នំពេញត្រូវបានគ្រប់គ្រងដោយខ្មែរក្រហម ហើយប្រទេសជាតិក៏បានធ្លាក់ទៅក្នុងវិបត្តិវឹកវរ។ លោកជាកីឡាករប្រដាល់ម្នាក់មានជីវិតថ្លៃដែលបានរួចផុតពីការកាប់សម្លាប់របស់ខ្មែរក្រហម និងបានភៀសខ្លួនចេញពីទឹកដីកម្ពុជារហូតទៅដល់សហរដ្ឋអាមេរិក។
លោកបានទៅដល់ទឹកដីរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងនៃសហរដ្ឋអាមេរិកជាកន្លែងពោរពេញដោយអំពើហិង្សាពីក្មេងទំនើង ស្របពេលគ្មានសាច់ញាតិ មិនចេះភាសាអង់គ្លេស និងគ្មានការងារអ្វីធ្វើសោះ។ ទោះបីជាយ៉ាងការចេះក្បាច់គុនប្រដាល់ជាផ្នែកមួយដែលលោកអាចការពារខ្លួនបាន។

ក្នុងនាមជាក្រុមគ្រួសារជាជនភៀសខ្លួន លោក អ៊ុំ រី បានចាប់ផ្តើមរៀនភាសាអង់គ្លេស និងធ្វើការជាអ្នកបោសសំអាតនៅសណ្ឋាគារ។ ពីរបីឆ្នាំក្រោយមក លោកបានចាប់ផ្តើមមានគំនិតប្រើជំនាញផ្ទាល់ខ្លួនដើម្បីរកប្រាក់ចិញ្ចឹមគ្រួសារ។ ជំនាញរបស់លោកគឺគ្មានអ្វីក្រៅពីប្រដាល់នោះទេ ហើយលោកក៏បានបើកក្លិបបង្ហាត់ប្រដាល់ឈ្មោះ«មជ្ឈមណ្ឌលប្រដាល់សេរីខ្មែរឡុងប៊ិច (Long Beach Khmer Kickboxing Center)» ស្ថិតនៅទីក្រុងឡុងប៊ិច រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក នៅឆ្នាំ១៩៨៦។
ក្លិបបង្ហាត់ប្រដាល់របស់លោកបានក្លាយជាមជ្ឈមណ្ឌលបណ្តុះបណ្តាលប្រដាល់របស់ជនជាតិអាស៊ានដែលមានអាយុកាលចាស់ជាងគេបំផុតនៅរដ្ឋកាលីហ្វ័រញ៉ាខាងត្បូងនៃទឹកដីសហរដ្ឋអាមេរិក។ លោកបានបណ្តុះបណ្តាលកីឡាករ កីឡាការិនីប្រដាល់រាប់សិបនាក់ក្នុងរយៈពេលជាង៣០ឆ្នាំកន្លងទៅនេះ។ កូនសិស្សរបស់លោកបានចេញប្រកួតប្រដាល់សេរីទូទាំងពិភពលោក និងបានក្លាយជាគ្រូបង្ហាត់ប្រដាល់បន្តពីលោកជាច្រើន។ តាមប្រវត្តិដែលបានបង្ហាញ កូនសិស្សរបស់លោកចំនួន១៦នាក់បានក្លាយជាជើងឯក។

ទោះបីជាយ៉ាងណា ក្លិបប្រដាល់ដែលមានអាយុកាល៣៦ឆ្នាំត្រូវបង្ខំចិត្តផ្លាស់ប្តូរទៅទីតាំងថ្មី បន្ទាប់ពីម្ចាស់ដីដែលជាអង្គការមួយត្រូវការដីដើម្បីពង្រីកទីជម្រកសម្រាប់ជនគ្មានផ្ទះសម្បែង ដូច្នេះសម្រេចឈប់ជួលឲ្យលោកគ្រូតាទៀតហើយ។ តាមសេចក្តីជូនដំណឹងគឺផុតកំណត់ត្រឹមថ្ងៃទី១ ខែសីហា ឆ្នាំ២០២៣។
លោកគ្រូតា អ៊ុំ រី ត្រូវការប្រាក់ក្នុងការផ្លាស់ប្តូរ និងរៀបចំនៅទីកន្លែងថ្មី ដូច្នេះលោកបានរៀបចំរៃអង្គាសថវិកាចំនួន១ម៉ឺនដុល្លារអាមេរិកសម្រាប់ការចំណាយលើការផ្លាស់ប្តូរ និងរៀចំនៅទីកន្លែង។ បន្ទាប់ពីប្រកាសស្វែងរកថវិកាតាមការរៃអង្គាសរយៈពេល៥ថ្ងៃកន្លងទៅ លោកទទួលបានប្រាក់ឧបត្ថម្ភពីសប្បុរសជនជិត២ពាន់ដុល្លារអាមេរិកហើយ។

រឿងដែលធ្វើឲ្យពិភពលោកកាន់តែស្គាល់កីឡាប្រដាល់គុនខ្មែរគឺ លោកគ្រូតា អ៊ុំ រី បាននិពន្ធសៀវភៅមួយមានចំណងជើង «I Aam Oum Ry (ខ្ញុំជា អ៊ុំ រី) ដែលរៀបរាប់ពីជីវិត ការតស៊ូ និងអាជីពប្រដាល់របស់លោក។ សៀវភៅរបស់លោកបានបង្ហាញពីប្រដាល់សេរីខ្មែរឲ្យពិភពលោកបានស្គាល់កាន់តែច្បាស់។ សៀវភៅរបស់លោកកំពុងត្រូវបានដាក់លក់តាម amazon។
លោកធ្លាប់បានមកប្រទេសកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២២ដើម្បីជួបសាច់ញាតិ និងបានជួបគ្រូប្រដាល់ចាស់តិចតូចដែលមានជីវិតសព្វថ្ងៃ ហើយលោកបានចែករំលែកចំណេះដឹងវិជ្ជាគុនដល់ក្មេងជំនាន់ក្រោយនៅកម្ពុជាដែរ៕


អត្ថបទ៖ វីរបុត្រ
-
កីឡា១២ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ


