កីឡា
ចន្ថា ចន្ទាកា លេងបានតែ១១នាទីទទួលបានការសរសើរខ្លាំងពីអ្នកគាំទ្រ
ខ្សែបម្រើប្រយុទ្ធរបស់បឹងកេត ចន្ថា ចន្ទាកា ត្រូវបានប្តូរចូលជំនួសកីឡាករ លឹម ពិសុទ្ធ នៅនាទីទី៨៤ ក្នុងជំនួបមិត្តភាពអន្តរជាតិជាមួយហុងកុង ដែលបញ្ចប់ដោយលទ្ធផល ១-១ យប់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

ការបង្ហាញខ្លួនផ្លូវការជាលើកដំបូងឲ្យក្រុមជម្រើសជាតិកម្ពុជាបានត្រឹមតែ១១នាទីចុងក្រោយ ប៉ុន្តែ ចន្ទាកា ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរខ្លាំងពីអ្នកគាំទ្រ។ នៅពេលរូបគេដូរចូលទីលានភ្លាម ទទួលបានបាល់ពីមិត្តរួមជាតិភ្លេត ហើយអូសបាល់ទៅស៊ុតតែម្តង។ ការស៊ុតបាល់រាបស្មើដោយបច្ចេកទេស និងល្បឿនស្រាលៗបានផុតដៃអ្នកចាំទីរបស់ហុងកុង ទៅបុកបង្គោលទី ហើយ រ៉ឹង ប៊ុនហៀង ទៅដណ្តើមបាល់ដែលធ្វើឲ្យអ្នកចាំទីហុងកុងចាប់បាល់ខុស ទៅទាក់ជើងរបស់ រ៉ឹង ប៊ុនហៀង។ កន្លែងនេះហើយកម្ពុជាទទួលបាល់ពិន័យ១១ម៉ែត្រនៅនាទី៨៦ ប៉ុន្តែ ចាន់ វឌ្ឍនាកា ស៊ុតមិនបានសម្រេច។
នៅនាទី៨៩ ចន្ថា ចន្ទាកា បានបណ្តើរបាល់ពីក្រោមឡើងលើ និងបញ្ជូនបាល់ឲ្យ វឌ្ឍនាកា ហើយ វឌ្ឍនាកា បានបញ្ជូនបាល់ឲ្យរូបគេវិញ។ បន្ទាប់មក ចន្ទាកា បានអូសបាល់ពីស្លាបស្តាំចូលតំបន់គ្រោះថ្នាក់ដោយបានញាក់បាល់យ៉ាងល្អធ្វើឲ្យខ្សែការពារហុងកុងបានរារាំងប៉ះបាល់ចេញក្រៅ ហើយកម្ពុជាទទួលបានបាល់ជ្រុងដែល ចាន់ វឌ្ឍនាកា លើកឲ្យ ស៊ុន សុផាណាត់ តែតចូលទីតាមស្មើ១-១។

ការបង្ហាញខ្លួនបានត្រឹម១១នាទីនេះ ចន្ថា ចន្ទាកា បានជួយឲ្យការលេងរបស់ក្រុមបាល់ទាត់កម្ពុជារស់រវើក និងបង្កើតឱកាសរកគ្រាប់បាល់។ ទាំងនេះហើយដែលបានធ្វើឲ្យអ្នកគាំទ្រកោតសរសើររូបគេយ៉ាងខ្លាំង ខណៈអ្នកខ្លះហៅថា កីឡាករនាំសំណាង ឬកីឡាករប្តូរចូលដ៏អស្ចារ្យ។ លក្ខណៈនេះមិនខុសអ្វីពីពេលដែលរូបគេបានជួយឲ្យបឹងកេតឈ្នះវិសាខា ដោយលទ្ធផល ៤-២ ក្នុងលីគកំពូលកម្ពុជា នៅពេលរូបគេប្តូរចូលក្នុងវគ្គទី២ រកបាន២គ្រាប់ និងបញ្ជូនបាល់ឲ្យមិត្តរួមក្រុម១គ្រាប់។
ចន្ថា ចន្ទាកា បាននិយាយថា ៖«អរគុណបងប្អូនទាំងអស់គ្នាសម្រាប់ការគាំទ្រ។ ខ្ញុំនឹងខិតខំប្រឹងបន្ថែមទៀត»។
ចន្ថា ចន្ទាកា ជាយុវជនដែលចូលចិត្តលេងបាល់ទាត់តាមដងផ្លូវ និងលេងបាល់ទាត់ជាមួយមិត្តភក្តិតាមភូមិឃុំស្ទើររាល់ថ្ងៃ បើទោះជាថ្ងៃរៀនក៏រូបគេចោលសាលាទៅលេងបាល់ទាត់ដែរ។ មុនពេលទទួលបានឱកាសលេងនៅក្លិបអាជីពអគ្គិសនីកម្ពុជាដើមឆ្នាំ២០២០ រូបគេបានលេងឲ្យក្រុមហ្វូតសាលជាច្រើនដូចជា Down Town ឱម៉ាល់ មហាកាម្យូរ៉ាជាដើម។ រូបគេក៏ធ្លាប់ជាប់ក្នុងក្រុមហ្វូតសាលជម្រើសកម្ពុជាទៅប្រកួតនៅប្រទេសឥណ្ឌូណេស៊ីផងដែរ។ ចុងក្រោយរូបគេបានចូលរួមជាមួយក្លិបបឹងកេត៕

អត្ថបទ៖ វីរបុត្រ

-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ១៩ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?