ព័ត៌មានជាតិ
ការងាររបៀប និងការគ្រប់គ្រងឯកសារ មានសារៈសំខាន់ សម្រាប់បុគ្គលិក-មន្ត្រីរាជការ
លោក កើត ឆែ អភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាប្រធានបទដ៏មានសារៈសំខាន់ សម្រាប់បុគ្គលិក-មន្ត្រីរាជការ។ ការលើកឡើងនេះ ធ្វើឡើងខណៈ លោក កើត ឆែ តំណាង លោក ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ចូលរួមក្នុងពិធីបើក វគ្គបណ្តុះបណ្តាល ស្តីពី “ការងាររបៀប និងការគ្រប់គ្រងឯកសារ” នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៣ នេះ នៅសាលារាជធានីភ្នំពេញ។

លោក កើត ឆែ បានមានប្រសាសន៍ថា ការរៀបចំវគ្គបណ្តុះបណ្តាល ស្តីពី ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាប្រធានបទដ៏មានសារៈសំខាន់ សម្រាប់បុគ្គលិក-មន្ត្រីរាជការ នៃរដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌ និងរដ្ឋបាលសង្កាត់ យកទៅអនុវត្តក្នុងការងារប្រចាំថ្ងៃនៅតាមអង្គភាពរៀងៗខ្លួន ឱ្យស្របតាមគោលការណ៍ណែនាំរបស់ក្រសួងមហាផ្ទៃ។ វគ្គ បណ្តុះបណ្តាល ពិតជាបានរួមចំណែកបំពេញបន្ថែមចំណេះដឹងជូនមន្ត្រីរាជការ សម្រាប់យកទៅបំពេញ ការងាររដ្ឋបាល ប្រកបដោយប្រសិទ្ធភាព ស័ក្តិសិទ្ធិភាព គុណភាព និងប្រសិទ្ធផលខ្ពស់។

លោក កើត ឆែ បានបញ្ជាក់ថា ការងាររបៀប និងការគ្រប់គ្រងឯកសារ គឺជាបុរេលក្ខខណ្ឌ ដែលធានានូវដំណើរការ ជាប្រក្រតី នៃរដ្ឋបាលសាធារណៈ។ នៅក្នុងស្ថាប័នរដ្ឋ ទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ តែងមានផ្នែកមួយ (ការិយាល័យ) ចំណុះរចនាសម្ព័ន្ធអង្គភាព ដែលទទួលបន្ទុកលើការងាររបៀប ដែលមានតួនាទីពិនិត្យ និងបែងចែករាល់ឯកសារ លិខិតស្នាមផ្សេងៗដែលទទួលបានពីអង្គភាពដទៃ ឬប្រជាពលរដ្ឋ ទៅកាន់ការិយាល័យជំនាញនីមួយៗ ដើម្បីរៀបចំធ្វើកំណត់បង្ហាញរឿង ជូនថ្នាក់ដឹកនាំអង្គភាព ក៏ដូចជាពិនិត្យ និងរៀបចំបោះត្រា, ចុះលេខនូវរាល់លិខិតឆ្លើយតបផ្សេងៗ ឬលិខិតរបស់ស្ថាប័ន (លិខិតស្នើសុំ, សេចក្ដីជូនដំណឹង, សេចក្ដីណែនាំ, សេចក្ដីប្រកាសព័ត៌មាន )។ល។

លោក កើត ឆែ មានប្រសាសន៍បន្តថា ការងារគ្រប់គ្រងឯកសារ ក៏មានសារៈសំខាន់ផងដែរ ក្នុងដំណើរការរបស់អង្គភាព ព្រោះ រាល់ឯកសារទាំងអស់ គឺជាលិខិតយុត្តិការ ដែលបញ្ជាក់អំពីការអនុវត្តការងាររដ្ឋបាល ហើយឯកសារទាំងនេះ តែងធ្វើជាកម្មវត្ថុ នៃកិច្ចសវនកម្ម ឬការធ្វើអធិការកិច្ចផ្សេងៗ។ ប្រសិនបើអង្គភាពមួយពុំយកចិត្តទុកដាក់លើការគ្រប់គ្រងឯកសារទេនោះ ប្រាកដជាប្រឈមនឹងបញ្ហាផ្លូវច្បាប់ កំហុសរដ្ឋបាល និងបញ្ហាប្រឈមផ្សេងៗ ជាក់ជាមិនខាន។

លោក កើត ឆែ បានបញ្ជាក់បន្ថែមថា ពាក់ព័ន្ធនឹងការគ្រប់គ្រងឯកសារនេះ យើងបានឃើញហើយ នៅចុងលិខិត រដ្ឋបាល ត្រង់ផ្នែកចម្លងជូន ឬកន្លែងទទួល តែងសរសេរ “ឯកសារ-កាលប្បវត្តិ” មានន័យថា ចំពោះ “ឯកសារ” គឺរក្សាទុកនៅទីចាត់ការ ការិយាល័យជំនាញ រីឯ “កាលប្បវត្តិ” គឺការរក្សាទុកជាឯកសារតាមលំដាប់កាលបរិច្ឆេទ ដែលបានចេញឯកសារនោះ។ ចំណុចសំខាន់មួយទៀត គឺការរក្សាទុកឯកសារអេឡិចត្រូនិច ត្រូវតែទុកដាក់ឱ្យបានគត់មត់ ពោលគឺត្រូវរក្សានូវក្នុងកុំព្យូទ័រ។

លោក កើត ឆែ បានបញ្ជាក់ផងដែរថា តាមរយៈទីចាត់ការគ្រប់គ្រងធនធានមនុស្ស ក្នុងរយៈពេល ៩ខែ ឆ្នាំ២០២៣ នេះ រដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំនូវវគ្គបណ្តុះបណ្តាលផ្សេងៗ ដើម្បីពង្រឹងសមត្ថភាពមន្ត្រីរាជការ ក្នុងការគ្រប់គ្រងបុគ្គលិកនៅថ្នាក់ក្រោមជាតិ, ការតាក់តែងលិខិតរដ្ឋបាល, ការពង្រឹងផ្នត់គំនិតក្នុងការបំពេញការងារ ជាមួយនឹងការពង្រឹងភាពជាអ្នកដឹកនាំក្នុងអង្គភាពផងដែរ៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ១៩ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


