ព័ត៌មានជាតិ
ពលរដ្ឋ ១២ ភូមិ នៅស្រុកស្ទោង កំពុងរងផលប៉ះពាល់ដោយទឹកជំនន់
ប្រជាពលរដ្ឋចំនួន ១២ ភូមិ ប្រមាណ ៦៦០ គ្រួសារ កំពុងទទួលរងផលប៉ះពាល់ដោយសារទឹកជំនន់ ខណៈផ្លូវ និងសាលារៀនមួយចំនួនទៀត ក៏កំពុងរងផលគំរាមកំហែងពីទឹកជំនន់ផងដែរ។

កាលពីថ្ងៃទី ២១ ខែកញ្ញា ឆ្នាំ ២០២៣ លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ បានដឹកនាំសហការីចុះពិនិត្យស្ថានភាពទឹកស្ទឹងស្ទោង ដែលរងផលប៉ះពាល់ហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ក្នុងបេសកកម្មនេះ លោកអភិបាលខេត្ត បញ្ជាក់ថា ស្ថានភាពទឹកស្ទោង នៅថ្ងៃទី ២១ ខែកញ្ញា មានកម្ពស់ ៥.៥០ ម៉ែត្រ ប្រៀបធៀបនឹងម្សិលមិញ ស្ថានភាពទឹក និងកម្ពស់ទឹក ប្រកាសឲ្យមានការប្រុងប្រយ័ត្ន ៥.៨០ ម៉ែត្រ។

លោកបន្តថា បើទោះបីជាកម្ពស់ទឹកស្ទឹងស្ទោងមិនទាន់ឈានដល់កម្រិតប្រកាសឲ្យមានការប្រុងប្រយ័ត្នក្តី ប៉ុន្តែបរិមាណទឹកនៅតាមបណ្តាទីកន្លែងទំនៀបក្នុងភូមិសាស្ត្រស្រុក ហាក់ដូចជាមានសភាពធំធេង ដែលជាហេតុធ្វើឲ្យប៉ះពាល់ដល់ប្រជាពលរដ្ឋនៅស្រុកស្ទោង ចំនួន ៤ ឃុំ លើ ១២ ភូមិ មានគ្រួសារសរុបចំនួន ៦៦០ គ្រួសារ កំពុងរងផលប៉ះពាល់ និងសាលារៀន ៧ សាលា ផ្លូវគ្រួសក្រហម ១.៦១៨ ម៉ែត្រ ផ្លូវដីសប្រវែង ១.៤៧០ ម៉ែត្រ ព្រមទាំងដំណាំស្រូវសរុប ៥.០៣៥ ហិតា ក៏កំពុងទទួលឥទ្ធិពលផងដែរ។ ការលិចលង់នេះ មិនទាន់អាចសន្និដ្ឋានបានថា ការខូចកម្រិតណានោះទេ ព្រោះនេះជាជំនន់ភ្លៀងភាគច្រើន ហើយទឹកនឹងស្រកទៅវិញនៅផ្នែកខ្លះ ប្រសិនបើមិនមានភ្លៀងធ្លាក់ចុះបន្ថែមទៀត។

លោក ងួន រតនៈ បានជំរុញដល់អាជ្ញាធរស្រុក ត្រូវតាមដាននូវស្ថានភាពកម្ពស់ទឹក ស្រង់ទិន្នន័យខ្នងផ្ទះបន្ថែមទៀត រាយការណ៍មកថ្នាក់លើ ដើម្បីរៀបចំជំនួយ និងអំណោយជូនគ្រួសារដែលរងផលប៉ះពាល់ ជាពិសេសត្រូវត្រៀមលក្ខណៈឲ្យបានគ្រប់គ្រាន់លើមធ្យោបាយសង្គ្រោះ និងទីទួលសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋស្នាក់នៅបណ្ដោះអាសន្ន។ ក្នុងនោះផ្សព្វផ្សាយពីអនាម័យ ការពារកុំឲ្យមានជំងឺឆ្លងកើតឡើងផងដែរ។

លោកអភិបាលខេត្ត ផ្ដាំផ្ញើដល់ប្រជាពលរដ្ឋទាំងអស់ សូមប្រុងប្រយ័ត្នខ្ពស់ នៃការហក់ឡើងទឹកជំនន់នៅពេលនេះ ជាពិសេសត្រូវមើលថែក្មេងៗ ឲ្យបានល្អ ដើម្បីចៀសផុតពីការលង់ទឹក ឆ្លងចរន្តអគ្គិសនី ក៏ដូចជាការការពារពីសត្វអាសិរពិសនានាទិច ឬ ខាំ។ ហើយប្រជាពលរដ្ឋគ្រប់ផ្ទះ ក៏ត្រូវត្រៀមម្ហូបអាហារ ថ្នាំសង្កូវខ្លះៗ ដើម្បីសង្គ្រោះបឋម ជៀសវាងគ្រោះថ្នាក់ធ្ងន់ធ្ងរ៕
អត្ថបទ ៖ ឈាង មករា





-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


