Connect with us

ព័ត៌មានអន្ដរជាតិ

លោក គីម ជុងអ៊ុន ស្រក់ទឹកភ្នែក អង្វរករឲ្យស្រ្តីកូរ៉េខាងជើង យកកូនច្រើន

បានផុស

នៅ

លោក គីម ជុងអ៊ុន បានសម្រក់​ទឹក​ភ្នែក ខណៈ​លោកធ្វើការអង្វរករដល់ស្រ្តីកូរ៉េខាងជើងឲ្យយកកូនច្រើន ដោយថា វាជាកាតព្វកិច្ច ក្នុងការពង្រឹងអត្រាកំណើតខ្ពស់សម្រាប់ប្រទេស ដើម្បីជួយជាតិ។

(រូបថត៖ GBN)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គេបានឃើញលោក គីម យកកន្សែងជូតភ្នែក ពេលគាត់និយាយទៅកាន់ស្ត្រីរាប់ពាន់នាក់ដែលជួបជុំនៅឯកិច្ចប្រជុំមាតាជាតិ ក្នុងទីក្រុងព្យុងយ៉ាងកាលពីចុងសប្តាហ៍ ខណៈការ​អង្វរកររបស់គាត់ ហាក់ដូចជាទាញក្តីអាណិតអាសូរយ៉ាងពន់ពេក ពីសំណាក់អ្នកចូលរួម។

លោក គីម និយាយថា “ការទប់ស្កាត់ការធ្លាក់ចុះនៃអត្រាកំណើត និងការថែទាំកូនល្អ គឺជាភារកិច្ច ដែលយើងទាំងអស់គ្នាត្រូវដោះស្រាយ ជាមួយម្តាយរបស់យើង”។

ថ្វីបើប្រទេសកូរ៉េខាងជើង បង្ហាញព័ត៌មានលម្អិតខ្លះៗពាក់ព័ន្ធនឹងចំនួនប្រជាជនរបស់ខ្លួនក៏ដោយ ប៉ុន្តែរដ្ឋាភិបាលកូរ៉េខាងត្បូងបានប៉ាន់ស្មានថា អត្រាមានកូនរបស់ប្រទេសនេះ បានធ្លាក់ចុះជាលំដាប់ក្នុងទសវត្សរ៍កន្លងមក ហើយវាគឺជាបញ្ហាប្រឈមចំពោះរបបមួយ ដែលពឹងផ្អែកខ្លាំងលើការងារដោយដៃ និងការបម្រើយោធា។

(រូបថត៖ Latestly)

ក្រសួងបង្រួបបង្រួមកូរ៉េខាងត្បូងនិយាយថា សុន្ទរកថារបស់លោក គីម គឺជាលើកដំបូងហើយ ដែលគាត់ទទួលស្គាល់ជាសាធារណៈអំពីការធ្លាក់ចុះនៃអត្រាកំណើតរបស់ប្រទេសខ្លួន។

យោងតាមមូលនិធិប្រជាជនរបស់អង្គការសហប្រជាជាតិ និងធនាគារពិភពលោក, អត្រាមានកូនរបស់កូរ៉េខាងជើង គឺប្រហែល ១.៧៩ ទៅ ១.៨ ក្នុងស្ត្រីម្នាក់ ចាប់តាំងពីឆ្នាំ២០២០មក។

នេះគឺជាការធ្លាក់ចុះពីកម្រិតខ្ពស់ ៤.០៥នាក់នៅចុងទសវត្សរ៍ឆ្នាំ១៩៦០ មកនៅក្រោម២.១នាក់នៅចុងទសវត្សរ៍ឆ្នាំ១៩៩០ បន្ទាប់ពីការដាក់ចេញកម្មវិធីគ្រប់គ្រងកំណើតនៅទសវត្សរ៍ឆ្នាំ១៩៧០និង៨០ ដើម្បីពន្យឺតកំណើនប្រជាជនក្រោយសង្គ្រាម និងគ្រោះទុរ្ភិក្សដ៏ធំនៅពាក់កណ្តាលទសវត្សរ៍ឆ្នាំ១៩៩០។

ជំរឿនចុងក្រោយរបស់កូរ៉េខាងជើង ដែលចេញផ្សាយក្នុងឆ្នាំ២០០៨ គឺបង្ហាញថា ប្រជាជនរបស់ខ្លួនមានចំនួន២៤លាននាក់។ យ៉ាងណា តាមការប៉ាន់ស្មានបច្ចុប្បន្ន ប្រជាជនកូរ៉េខាងជើងមានប្រហែល ២៥.៧លាននាក់ ប៉ុន្តែទិន្នន័យនេះ មិនច្បាស់ទេ៕

សូមទស្សនាវីដេអូ៖

ប្រែសម្រួល៖ Vann Vann

ប្រភព៖ GB News, Yahoo

ចុចអាន៖ លោក គីម ជុងអ៊ុន បញ្ចប់ទស្សនកិច្ចនៅ រុស្ស៊ី ហើយត្រលប់ទៅ កូរ៉េខាងជើង វិញមិនមែនដោយដៃទទេ (មានវីដេអូ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម