ព័ត៌មានជាតិ
អាជ្ញាធរខេត្តកំពង់ធំ ត្រៀមចុះអន្តរាគមន៍បូមទឹកសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជិត២០០ហិកតា នៅស្រុកប្រាសាទសំបូរ
កំពង់ធំ ៖ អាជ្ញាធរខេត្តកំពង់ធំ ត្រៀមចុះអន្តរាគមន៍បូមទឹកស្រោចស្រពសង្គ្រោះស្រូវប្រជាពលរដ្ឋប្រមាណជិត ២០០ហិកតា ដែលអាចរងផលប៉ះពាល់ខ្វះខាតទឹកស្រោចស្រព នៅបឹងអភិរក្ស ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរខេត្តកំពង់ធំ។

នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤, លោក ងួន រតនៈ អភិបាលខេត្តកំពង់ធំ ដឹកនាំសហការី ចុះពិនិត្យ បឹងអភិរក្ស និងស្ថានភាពបង្កបង្កើនផល របស់ប្រជាពលរដ្ឋ នៅស្រុកប្រាសាទសំបូរ។

ជាមួយគ្នានេះដែរ លោក អភិបាសខេត្ត លើកឡើងថា ការចុះពិនិត្យស្ថានភាពការបង្ករបង្កើនផល របស់ប្រជាពលរដ្ឋនៅតំបន់នេះ គឺដើម្បីពិនិត្យឲ្យឃើញពីស្ថានភាពជាក់ស្តែងនៃការបង្កបង្កើនផល។ ទន្ទឹមនឹងការពិនិត្យនេះ ក្រុមការងារខេត្តសង្កេតឃើញថា ស្រូវរបស់ប្រជាពលរដ្ឋ ក្នុងដំណាក់កាលបង្កបង្កើនផល រដូវសម្រកនេះ នៅទូទាំងខេត្តកំពង់ធំ មិនទាន់មានផលប៉ះពាល់នៅឡើយទេ។

ក្នុងករណី នៅតំបន់នេះមានការខ្វះខាតទឹកនាពេលខាងមុខ មន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត សហការជាមួយអាជ្ញាធរមូល ត្រៀមខ្លួនដាក់ម៉ាស៊ីន ដើម្បីជួយសង្គ្រោះបានទាន់ពេលវេលា។ ជាមួយគ្នានេះផងដែរ ឯកឧត្តម សំណេះសំណាលជាមួយបងប្អូន ដែលបានកំពុងអាស្រ័យផលធ្វើស្រែប្រាំងនៅតំបន់នេះ ដោយលើកឡើងថា ស្រូវរដូវប្រាំងនៅពេលនេះ មានទឹកគ្រប់គ្រាន់ ស្ថានភាពស្រូវល្អ អាចប្រមូលបានផលច្រើន តម្លៃស្រូវសមរម្យ និងបានជួយសម្រួលជីវភាពបងប្អូនបានធូរស្រាលមួយកម្រិត។ ប៉ុន្តែបញ្ហាប្រឈម អាចកើតឡើងក្នុងរដូវទី២ នឹងខ្វះខាតទឹក។ លោក អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលបានកំពុងបង្កបង្កើនផលស្រូវរដូវប្រាំង បន្ទាប់ពីប្រមូលផលដំណាក់កាលនេះចប់ មុននឹងចាប់ផ្តើមបង្កបង្កើនផលម្តងទៀត សូមបងប្អូនធ្វើការសម្រេចចិត្តឲ្យបានត្រឹមត្រូវ និងស្វែងយល់ឲ្យបានច្បាស់អំពីសុវត្ថិភាពទឹកនៅក្នុងតំបន់នីមួយៗ តើអាចស្រោចស្របលើផ្ទៃដីបានប៉ុន្មានហិចតា? ហើយនេះជាបញ្ហាដែលយើងត្រូវស្វែងយល់ទាំងអស់គ្នា ទាំងសហគមន៍គ្រង់គ្រងទឹក ទាំងគ្រួសារធ្វើស្រែប្រាំង ទាំងអាជ្ញាធរមូលដ្ឋាន ដើម្បីយើងពិភាក្សាគ្នា ពិគ្រោះយោបល់គ្នា ជៀសវាងការបង្កបង្កើនផលដំណាក់កាលទី២ មានហានិភ័យខ្វះខាតទឹក ធ្វើឲ្យស្រូវក្រៀមស្វិតខូចខាត បាត់បង់ថវិកាប្រាក់ចំណូលរបស់បងប្អូនប្រជាពលរដ្ឋ។

លើសពីនេះទៀតលោក ងួន រតនៈ បានក្រើនរំលឹកដល់សហគមន៍ប្រើប្រាស់ទឹក ត្រូវពង្រឹងសហគមន៍របស់ខ្លួន ដើម្បីធានាសុវត្ថិភាពនៃការប្រើប្រាស់ទឹកបានត្រឹមត្រូវ ពីព្រោះ ទឹក ក៏មិនមែនប្រើប្រាស់សម្រាប់ការធ្វើស្រែប្រាំងតែមួយមុខនោះទេ វាជាតម្រូវការរបស់មនុស្ស សត្វ រុក្ខជាតិ និងមច្ឆាជាតិផងដែរ៕
អត្ថបទ ៖ ឈាង មករា






-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


