ព័ត៌មានជាតិ
សភាពាណិជ្ជកម្មខេត្តស្វាយរៀង សាងសង់ចំណតទូកដើម្បីសម្រួលដល់ការដឹកជញ្ជូនស្រូវរបស់កសិករទៅវៀតណាម
ដើម្បីជួយសម្រួលក្នុងការដឹកជញ្ជូនផលស្រូវរបស់ពលរដ្ឋនៅក្នុងខេត្តស្វាយរៀងទាំងមូល អាជីវករ និងសភាពាណិជ្ជកម្មខេត្តស្វាយរៀងបានសម្រេចធ្វើការសាងសង់ចំណតទូកមួយកន្លែងស្ថិតនៅក្នុងភូមិក្រសាំងជ្រំ ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។ ជាមួយគ្នានេះ ក៏មានការធ្វើផ្លូវឲ្យរថយន្តដឹកស្រូវចូលទៅក្នុងចំណតទូក ព្រមទាំងមានបំពាក់នូវជញ្ជីងសម្រាប់ថ្លឹងស្រូវដល់អាជីវករ និងប្រជាពលរដ្ឋដែលនាំស្រូវចេញទៅលក់ឱ្យអ្នកទិញខាងវៀតណាម។

លោក សុក រ៉ាដូ ប្រធានសភាពាណិជ្ជកម្មខេត្តស្វាយរៀង បានមានប្រសាសន៍ឲ្យដឹងនារសៀលថ្ងៃទី៧ ខែកុម្ភ: ឆ្នាំ២០២៤ ថា គោលបំណងនៃការធ្វើចំណតទូកនេះ គឺដើម្បីឲ្យប្រជាកសិករងាយស្រួលក្នុងការប្រើប្រាស់ជាកន្លែងផ្ទេរស្រូវរបស់ប្រជាកសិករចេញពីឡាន ចូលទូករបស់អ្នកទិញស្រូវមកពីប្រទេសវៀតណាម នៅក្នុងស្រុកស្វាយជ្រំ ក៏ដូចជាកន្លែងផ្សេងៗទៀតនៅក្នុងខេត្ត ទៅលក់ឱ្យអ្នកទិញខាងវៀតណាម ព្រោះថា បច្ចុប្បន្ននេះ ស្រូវកំពុងឡើងថ្លៃ ហើយបើកន្លែងច្បាស់លាស់នោះ គឺងាយស្រួលក្នុងការគ្រប់គ្រង។
លោកបានបន្តឲ្យដឹងទៀតថា ដោយសារឆ្នាំនេះ ទិន្នផលស្រូវបានតម្លៃខ្ពស់ ហើយប្រជាកសិករបាននាំគ្នាសម្រុកធ្វើស្រូវប្រាំងច្រើន ដូច្នេះហើយ សភាពាណិជ្ជកម្មខេត្ត បានធ្វើការសម្របសម្រួលទៅខាងភាគីវៀតណាម ដើម្បីស្វែងរកទីផ្សារឱ្យប្រជាកសិករដោយទទួលបានការគាំទ្រពីសំណាក់អាជ្ញាធរនៅមូលដ្ឋានផងដែរ នោះ គឺបានចុះទៅពិនិត្យនៅតំបន់នេះ ហើយបានព្រមព្រៀងឯកភាពរវាងភាគីកម្ពុជា និងភាគីវៀតណាម ព្រមទាំងអ្នកដែលមានការពាក់ព័ន្ធរួចហើយ គឺពុំមានផលប៉ះពាល់ដល់បង្គោលព្រំដែន ឬប្រឡាយទឹករួមនោះទេ។

លោក សុក រ៉ាដូ បានបញ្ជាក់ថា ចំពោះរណ្តៅដីតូចមួយដែលក្រុមការងារជាង បានជីកយកអាចម៍ដីនោះ គឺដើម្បីធ្វើជើងទេផ្លូវ ឲ្យរថយន្តដាក់សម្ភារ:ចូល ក្រោយបញ្ចប់ការងារនោះ ក្រុមជាង នឹងលុបរណ្តៅនោះឲ្យរាបស្មើមានសភាពដូចដើមវិញជាក់ជាពុំខាន។
ដោយឡែក មន្ត្រីនៃរដ្ឋបាលខេត្តមួយរូបបានឲ្យដឹងផងដែរថា តាមអនុសាសន៍របស់អភិបាលខេត្តស្វាយរៀង ឱ្យស្វែងរកទីផ្សារស្រូវដល់ប្រជាកសិករនៅមូលដ្ឋាន គឺក្រុមការងារត្រូវធ្វើយ៉ាងណាបង្កលក្ខណ:ងាយស្រួលដល់ប្រជាពលរដ្ឋ ដើម្បីលក់ស្រូវរបស់គាត់ឱ្យទាន់រដូវកាលមិនត្រូវមានភាពយឺតយ៉ាវនោះឡើយ ពីព្រោះថានាពេលបច្ចប្បន្ននេះ ស្រូវកំពុងមានតម្លៃខ្ពស់ នៅលើទីផ្សារធ្វើឲ្យពួកគាត់មានចំណូលខ្ពស់ជួយកាត់បន្ថយភាពក្រីក្រនៅក្នុងជីវភាពគ្រួសារបានមួយកម្រិត។ ចំណែកប្រជាពលរដ្ឋក៏ដូចជាអាជីវករដែលនាំស្រូវទៅលក់ទាំងនោះ ក៏មានការសប្បាយរីករាយដែលមានកន្លែងចំណតទូកច្បាស់លាស់សម្រាប់ទូកចេញចូល ងាយស្រួលក្នុងការដឹកស្រូវចេញទៅលក់បានតម្លៃថ្លៃ ចំណាយតិចក្នុងការដឹកជញ្ជូននៅក្នុងតំបន់មាត់ច្រកព្រំដែន។

សូមបញ្ជាក់ថា ចំពោះផលស្រូវដែលប្រជាកសិករលក់ឱ្យអាជីវករវៀតណាម គឺពុំមានលក់បន្តទៅកន្លែងផ្សេងទៀតនោះទេ ពោល គឺលក់តែស្រូវនៅក្នុងតំបន់ជាប់ព្រំដែនហើយក្របខ័ណ្ឌនៃការធ្វើកិច្ចសហប្រតិបត្តិការនេះ គឺត្រឹមតែខេត្តរវាងខេត្តតែប៉ុណ្ណោះ៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
សន្តិសុខសង្គម៤ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
ព័ត៌មានជាតិ១៥ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


