Connect with us

ព័ត៌មានអន្ដរជាតិ

រុស្ស៊ី ថា លោក Macron “កំសាក” មិនហ៊ានធ្វើទស្សនកិច្ច នៅអ៊ុយក្រែន

បានផុស

នៅ

តាមការចុះផ្សាយរបស់សារព័ត៌មាន​​ TASS, អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev អះអាងថា ប្រធានាធិបតីបារាំង Emmanuel Macron មិនហ៊ានធ្វើទស្សនកិច្ចទៅកាន់ប្រទេសអ៊ុយក្រែន ព្រោះគាត់ជាមនុស្សកំសាក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
ប្រធានាធិបតីបារាំងលោក Emmanuel Macron (រូបថត៖ AFP)

កាលពីថ្ងៃចន្ទ វិមាន Elysee បានប្រកាសថា ដំណើរទស្សនកិច្ចរបស់លោក Macron ទៅអ៊ុយក្រែន នឹងកើតឡើងនៅសប្តាហ៍ក្រោយ ប៉ុន្តែនេះត្រូវបានគេដឹងថា ជាការពន្យារពេល៣លើករួចមកហើយ សម្រាប់ដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីបារាំង ទៅកាន់ទីក្រុងកៀវ។

ដំបូងឡើយ លោក Macron មានគម្រោងទៅបំពេញទស្សនកិច្ចទីនោះ ដើម្បីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខទ្វេភាគីកាលពីខែមុន ប៉ុន្តែឯកសារនេះ បែរជាត្រូវចុះហត្ថលេខាក្នុងអំឡុងពេលដំណើរទស្សនកិច្ចរបស់ប្រធានាធិបតីអ៊ុយក្រែន Vladimir Zelensky ទៅកាន់ទីក្រុងប៉ារីស ទៅវិញ។

អតីតប្រធានាធិបតីរុស្ស៊ី លោក Dmitry Medvedev (រូបថត៖ AP)

ពាក់ព័ន្ធរឿងនេះ លោក Medvedev បានបង្ហោះសារលើបណ្តាញសង្គម X ថា “លោក Macron កំពុងរៀបចំទៅទីក្រុងកៀវ? ប៉ុន្តែ​គាត់​ជា​សត្វ​កំសាក! ប្រធានាធិបតីបារាំង បានដកខ្លួនចេញពីដំណើរទស្សនកិច្ចតាមការគ្រោងទុក។ បារាំង​អន់ណាស់!”។

ទោះបីជាយ៉ាងណាក៏ដោយ សារព័ត៌មាន Politico បានចេញផ្សាយកាលពីថ្ងៃចន្ទ ដោយដកស្រង់សម្តីអ្នកការទូតបារាំងមិនបញ្ចេញឈ្មោះម្នាក់ថា ជំនួសឲ្យការប្រញាប់ប្រញាល់ទៅទីក្រុងកៀវ លោក Macron ចង់ចំណាយពេលវេលាមានតម្លៃ សម្រាប់កិច្ចពិភាក្សាជាមួយសម្ព័ន្ធមិត្ត វិញ។

ទ័ពណាតូ (រូបថត៖ Getty)

ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ប្រធានាធិបតីបារាំង បានបង្កើនវោហាសាស្ត្រយ៉ាងក្តៅគគុកចំពោះប្រទេសរុស្ស៊ី ដោយកាលពីចុងខែកុម្ភៈ បាននិយាយថា ការបញ្ជូនកងទ័ពលោកខាងលិចទៅកាន់អ៊ុយក្រែន មិនគួរត្រូវបដិសេធទេ។

ជាការឆ្លើយតប សមាជិកព្រឹទ្ធសភាកំពូលរុស្ស៊ីលោក Konstantin Kosachev បាននិយាយខ្លាំងៗថា ការដាក់ពង្រាយកងទ័ពណាតូ ទៅកាន់ទឹកដីអ៊ុយក្រែន នឹងនាំឲ្យមានសេណារីយ៉ូដ៏មហន្តរាយយ៉ាងធំធេង ហើយអាចចាត់ទុកថាជា “ការប្រកាសសង្គ្រាម” លើទីក្រុងមូស្គូទៀតផង។

លោក Kosachev បន្តថា “រឿងបែបនេះសបញ្ជាក់ឲ្យឃើញថា វាមិនមែនគ្រាន់តែជាការចូលរួមរបស់ណាតូក្នុងសង្គ្រាមប៉ុណ្ណោះទេ ប៉ុន្តែវាអាចចាត់ទុកថា នេះជាសម្ព័ន្ធភាពដែលបានចូល ក្នុងអរិភាពដោយផ្ទាល់ ឬអាចជាការប្រកាសសង្រ្គាមជាមួយរុស្ស៊ីផងដែរ”៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ រុស្ស៊ី ព្រមានកើតមហន្តរាយធំធេង បើទ័ពណាតូ ទៅដល់ដី អ៊ុយក្រែន មែន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម