ព័ត៌មានអន្ដរជាតិ
សហរដ្ឋអាមេរិក ប្រឈមហានិភ័យធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២
តាមសេចក្តីរាយការណ៍របស់ CBS News, លោក Jamie Dimon នាយកប្រតិបត្តិក្រុមហ៊ុន JPMorgan Chase បានចេញការព្រមានខ្លាំងៗថា សហរដ្ឋអាមេរិក កំពុងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរបំផុតចាប់តាំងពីសង្គ្រាមលោកលើកទី២មក ដោយសារតែការកើនឡើងនៃភាពតានតឹងផ្នែកភូមិសាស្ត្រនយោបាយពិភពលោក និងការប្រកាន់ខ្ជាប់នយោបាយក្នុងស្រុករបស់ប្រទេសនេះ។

នៅក្នុងលិខិតម្ចាស់ភាគហ៊ុនប្រចាំឆ្នាំកាលពីថ្ងៃចន្ទទី៨ខែមេសា នាយកប្រតិបត្តិធនាគារធំបំផុតរបស់សហរដ្ឋអាមេរិករូបនេះ បានលើកឡើងពីក្តីបារម្ភទាក់ទិនការចំណាយនិងកិច្ចខិតខំប្រឹងប្រែងរបស់ធនាគារកណ្តាលសហព័ន្ធ ដែលគ្មានតុល្យភាព ក៏ដូចជាជម្លោះអ៊ុយក្រែន និងសង្រ្គាមអ៊ីស្រាអែល-ហាម៉ាស ដែលជាហេតុបង្កើតឲ្យមានបរិយាកាសមួយ បង្កជាហានិភ័យខ្លាំង។
លោក Dimon បានសរសេរថា “កេរ្តិ៍ឈ្មោះជាអ្នកដឹកនាំសកល របស់អាមេរិក កំពុងត្រូវបានជំទាស់នៅខាងក្រៅដោយប្រទេសផ្សេងៗ និងនៅខាងក្នុងដោយអ្នកបោះឆ្នោតរបស់ខ្លួននេះឯង។ យើងត្រូវស្វែងរកវិធីដើម្បីទុកភាពខ្វែងគំនិតគ្នានៅមួយឡែកសិន ហើយខិតខំធ្វើការជាមួយដៃគូប្រទេសលោកខាងលិចផ្សេងទៀត ក្នុងនាមលទ្ធិប្រជាធិបតេយ្យ។ ក្នុងអំឡុងពេលនៃវិបត្តិដ៏ធំនេះ ការរួបរួមគ្នាដើម្បីការពារសេរីភាពសំខាន់ៗ រួមទាំងសហគ្រាសសេរី គឺជារឿងសំខាន់បំផុត”។

ធនាគារិកវ័យ៦៨ឆ្នាំរូបនេះបន្ថែមថា “ពិតជាមានតម្រូវការកាន់តែខ្លាំងឡើង សម្រាប់ការចំណាយបន្ថែម ក្នុងពេលមួយដែលយើងត្រូវបន្តការផ្លាស់ប្តូរទៅរកសេដ្ឋកិច្ចបៃតង ការរៀបចំរចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់សកល បង្កើនការចំណាយយោធា និងប្រយុទ្ធប្រឆាំងនឹងការកើនឡើងនៃថ្លៃថែទាំសុខភាព”។
ទន្ទឹមនឹងនេះ លោក Dimon ព្រមានថា ចិន បាននិងកំពុងដំឡើងខ្លួនជាមហាអំណាចដ៏មានសក្តានុពល និងផ្តោតជាយុទ្ធសាស្ត្រលើសន្តិសុខសេដ្ឋកិច្ចរបស់ខ្លួន ខណៈប្រទេសលោកខាងលិចកំពុងដេកលក់។

មិនត្រឹមប៉ុណ្ណឹង លោកក៏សង្កត់ធ្ងន់ផងដែរថា អតិផរណា អាចបន្តកើនឡើងក្នុងរយៈពេលយូរជាងការរំពឹងទុក ដែលបង្កហានិភ័យដល់សេដ្ឋកិច្ចរបស់សហរដ្ឋអាមេរិក ខណៈអត្រាការប្រាក់អាចឡើងដល់ ៨% ឬច្រើនជាងនេះទៅទៀត។
សូមបញ្ជាក់ថា លោក Jamie Dimon គឺជាបុគ្គលល្បីដែលបានដឹកនាំក្រុមហ៊ុន JPMorgan Chase អស់រយៈពេលជិតពីរទសវត្សរ៍មកហើយ ដោយធ្វើឲ្យគាត់ ក្លាយជានាយកប្រតិបត្តិនៅ Wall Street យូរបំផុតនាពេលបច្ចុប្បន្ន។
ក្នុងអំឡុងពេលកាន់តំណែងរបស់គាត់នៅ JPMorgan, លោក Dimon ក៏បានក្លាយជាធនាគារិក និងជាអ្នកដឹកនាំដែលគួរឲ្យគោរពបំផុតរបស់អាមេរិកផងដែរ ដោយសារគាត់បានពុះពារឆ្លងកាត់ព្យុះភ្លៀងជាច្រើន រាប់ចាប់ពីវិបត្តិហិរញ្ញវត្ថុពិភពលោកឆ្នាំ២០០៨ រហូតដល់ជំងឺរាតត្បាតកូវីដ១៩ ភាពចលាចលភូមិសាស្ត្រនយោបាយនិងសេដ្ឋកិច្ច ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
អត្ថបទ៖ សុខ សុវណ្ណ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


