ព័ត៌មានអន្ដរជាតិ
អាហ្រ្វិកខាងត្បូង ជំរុញតុលាការ ICJ បញ្ជាឲ្យ អ៊ីស្រាអែល បញ្ឈប់ការវាយប្រហារលើទីក្រុង Rafah
អាហ្រ្វិកខាងត្បូងបានជំរុញតុលាការយុត្តិធម៌អន្តរជាតិ (ICJ) បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ការវាយប្រហារលើទីក្រុង Rafah ដែលជាផ្នែកមួយនៃសំណុំរឿងចោទប្រកាន់អ៊ីស្រាអែលពីបទប្រល័យពូជសាសន៍លើប៉ាឡេស្ទីន ខណៈប្រសិនបើទីក្រុងជាប់ព្រំដែនអេហ្ស៊ីបមួយនេះដួល នោះហ្គាហ្សាក៏ដួលដូចគ្នា ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ ខែឧសភានេះ ។

ប្រទេសអាហ្រ្វិកខាងត្បូងដែលធ្លាប់បានប្ដឹងអ៊ីស្រាអែលជុំវិញករណីប្រល័យពូជសាសន៍ កំពុងស្វែងរកវិធានការសង្គ្រោះបន្ទាន់បន្ថែមលើការវាយលុករបស់អ៊ីស្រាអែលនៅភាគខាងត្បូងហ្គាហ្សា ជាទីដែលប្រជាជនប៉ាឡេស្ទីនជាង ១ លាននាក់កំពុងជ្រកកោន ក្រោយរត់ចេញពីការវាយប្រហាររបស់អ៊ីស្រាអែល ។
អាហ្រ្វិកខាងត្បូងបានស្នើទៅតុលាការកំពូលរបស់អង្គការសហប្រជាជាតិ ICJ បញ្ជាឲ្យអ៊ីស្រាអែលបញ្ឈប់ប្រតិបត្តិការយោធារបស់ខ្លួននៅតំបន់ហ្គាហ្សា ហើយដកខ្លួនចេញពីទឹកដីប៉ាឡេស្ទីនទាំងអស់ជាបន្ទាន់ និងស្នើ ICJ បញ្ជាឲ្យអ៊ីស្រាអែលបើកការអនុញ្ញាតឲ្យមន្ត្រីអង្គការសហប្រជាជាតិ ក្រុមជំនួយ អ្នកកាសែត និងអ្នកស៊ើបអង្កេតចូលទៅកាន់តំបន់ហ្គាហ្សាដោយគ្មានឧបសគ្គ ។
ឆ្លើយតបនឹងការស្នើសុំនេះចៅក្រម ICJ ធ្លាប់បានចេញវិធានការបណ្ដោះអាសន្ន ដោយបញ្ជាឲ្យអ៊ីស្រាអែលចាត់វិធានការមួយចំនួន ក្នុងចំណោមបទប្បញ្ញត្តិទាំងនោះ គឺធានាការផ្គត់ផ្គង់ស្បៀងអាហារដោយមិនបង្អង់យូរដល់ប្រជាជនប៉ាឡេស្ទីននៅតំបន់ហ្គាហ្សា ដែលកំពុងទទួលរងនូវភាពអត់ឃ្លានយ៉ាងធ្ងន់ធ្ងរ ខណៈអ្នកខ្លះថែមទាំងប្រឈមនឹងគ្រោះទុរ្ភិក្សទៀតផង ។

ទោះបីជាយ៉ាងណា រហូតមកដល់ពេលនេះ អ៊ីស្រាអែលមិនបានអើពើនឹងដីការបស់តុលាការ ICJ នោះទេ ហើយថែមទាំងបានទាត់ចោលការអះអាងរបស់អាហ្រ្វិកខាងត្បូងដែលថា អ៊ីស្រាអែលកំពុងបំពានលើអនុសញ្ញាប្រល័យពូជសាសន៍ឆ្នាំ ១៩៤៩ ។
គួរបញ្ជាក់ថា ប្រជាជនប៉ាឡេស្ទីនប្រហែលកន្លះលាននាក់ត្រូវបានផ្លាស់ទីលំនៅក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដោយសារតែយុទ្ធនាការជើងគោក និងផ្លូវអាកាសរបស់អ៊ីស្រាអែលនៅភាគខាងជើង និងភាគខាងត្បូងតំបន់ហ្គាហ្សា ខណៈការរវាយប្រហាររបស់អ៊ីស្រាអែលកន្លងមកបានសម្លាប់មនុស្សជាង ៣៥,០០០ នាក់ ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


