ព័ត៌មានអន្ដរជាតិ
ជើងហោះហើរជាង១០០ ដឹកអ្នកដំណើរ ១ម៉ឺននាក់ ត្រូវជាប់គាំង ដោយសារប៉េងប៉ោងកូរ៉េខាងជើង
តាមការបញ្ជាក់ពីសមាជិកសភាកូរ៉េខាងត្បូងនៅថ្ងៃពុធទី៣ខែកក្កដាឆ្នាំ២០២៤, ប៉េងប៉ោងផ្ទុកសំរាម ដែលកូរ៉េខាងជើងបង្ហោះឆ្លងដែន បានរំខានដល់ជើងហោះហើរជាង១០០ ដឹកអ្នកដំណើរប្រមាណ ១០ ០០០នាក់។

សារព័ត៌មាន South China Morning Post រាយការណ៍ថា ទីក្រុងព្យុងយ៉ាង បានបង្ហោះប៉េងប៉ោងជាង១ ០០០ផ្ទុកជាមួយសំរាម ឆ្លងដែនចូលប្រទេសកូរ៉េខាងត្បូង ដើម្បីជាការសងសឹកចំពោះសកម្មជនកូរ៉េខាងត្បូង ដែលធ្វើទង្វើស្រដៀងគ្នានេះ ដើម្បីឃោសនាប្រឆាំងលោក គីម ជុងអ៊ុន។
ដោយដកស្រង់ទិន្នន័យថ្មីពីក្រសួងដឹកជញ្ជូន សមាជិកសភា Jeong Jun-ho បានឲ្យដឹងថា ប៉េងប៉ោងរបស់កូរ៉េខាងជើង បានបង្ខំឲ្យផ្អាកជើងហោះហើរចូលនិងចេញអាកាសយានដ្ឋាន Incheon របស់ប្រទេសកូរ៉េខាងត្បូង រយៈពេល៣ម៉ោង កាលពីថ្ងៃទី២៦ខែមិថុនា ហើយការបង្ហោះប៉េងប៉ោងច្រើនដងក្នុងរយៈពេលមួយខែកន្លងមកនេះបានតម្រូវឲ្យជើងហោះហើរផ្សេងទៀត ត្រូវពន្យារពេលហោះហើរ ឬចុះចត ថែមទាំងបង្វែរទិសដៅហោះទៀតផង។

សមាជិកសភាដដែលបន្តថា យន្តហោះពាណិជ្ជកម្មចំនួន១១៥គ្រឿង ត្រូវរំខានដោយការបង្ហោះប៉េងប៉ោង ដែលចាប់ផ្តើមនៅចុងខែឧសភា ធ្វើឲ្យប៉ះពាល់ដល់អ្នកដំណើរជាង ១០ ០០០នាក់។
ស្របពេលជាមួយគ្នានោះដែរ លោក Jeong បានជំរុញឲ្យអាជ្ញាធរទីក្រុងសេអ៊ូល ពន្លឿនការងារ ធ្វើយ៉ាងណារារាំងសកម្មជននៅកូរ៉េខាងត្បូង ឈប់ឲ្យបង្ហោះប៉េងប៉ោងចូលទៅដីកូរ៉េខាងជើងបន្តទៀត ព្រោះខ្លាចទីក្រុងព្យុងយ៉ាង សងសឹកវិញ បង្កផលលំបាក។

ទោះបីជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូងមិនអាចដាក់ទណ្ឌកម្មសកម្មជន ដែលបង្ហោះប៉េងប៉ោងឆ្លងព្រំដែនបានទេ ដោយសារតែសេចក្តីសម្រេចរបស់តុលាការឆ្នាំ២០២៣ ដែលថា បម្រាមលើរឿងនេះ គឺស្មើនឹងការរំលោភបំពានលើសេរីភាពនៃការបញ្ចេញមតិ។
សូមបញ្ជាក់ថា ទំនាក់ទំនងរវាងបងប្អូនកូរ៉េទាំងពីរ គឺស្ថិតនៅចំណុចទាបបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ដោយសារទីក្រុងព្យុងយ៉ាង បង្កើនការធ្វើតេស្តអាវុធ ហើយពង្រឹងចំណងទាក់ទងជាមួយរុស្ស៊ី ចំពេលមានការចោទប្រកាន់ថា ខ្លួនកំពុងផ្គត់ផ្គង់អាវុធដល់ទីក្រុងមូស្គូ ដើម្បីប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉េងប៉ោងផ្ទុកសំរាមកូរ៉េខាងជើង ធ្លាក់នៅជាង ៧៧០ ទីតាំង ក្នុងប្រទេសកូរ៉េខាងត្បូង

-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?
-
សន្តិសុខសង្គម២០ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ