ព័ត៌មានអន្ដរជាតិ
តើខ្មាន់កាំភ្លើងប៉ុនប៉ងធ្វើឃាតលោកត្រាំ ជាមនុស្សបែបណា?
បន្ទាប់ពីការបាញ់ប្រហារដ៏មិននឹកស្មានដល់លើលោក ត្រាំ នៅទីក្រុង Butler រដ្ឋ Pennsylvania កាលពីថ្ងៃអាទិត្យ FBI បានកំណត់អត្តសញ្ញាណខ្មាន់កាំភ្លើងឈ្មោះ Thomas Matthew Crooks ដោយប្រើ DNA និងបច្ចេកវិទ្យាសម្គាល់មុខ ហើយរហូតមកដល់ពេលនេះ មានការជជែកដេញដោលគ្នាយ៉ាងខ្លាំងទៅលើសំណួរថាតើ Crooks ជានរណា?

Thomas Matthew Crooks មានអាយុ ២០ឆ្នាំរស់នៅជាមួយឪពុកម្ដាយក្នុងភូមិ Bethel Park ជាយក្រុង Pittsburgh នៃរដ្ឋ Pennsylvania ចម្ងាយប្រហែល ៧០ គីឡូម៉ែត្រ ពីកន្លែងប៉ុនប៉ងធ្វើឃាតលោកត្រាំ។ នៅឆ្នាំ ២០២២ Crooks បានបញ្ចប់ការសិក្សាពីវិទ្យាល័យ Bethel Park ជាមួយប្រាក់រង្វាន់ ៥០០ ដុល្លារលើមុខវិជ្ជាគណិតវិទ្យា និងវិទ្យាសាស្រ្ត។ បន្ទាប់ពីបញ្ចប់ការសិក្សា Crooks បានធ្វើការនៅក្នុងមណ្ឌលថែទាំមួយកន្លែងនៅឆ្ងាយពីផ្ទះគាត់បន្តិច។ Crooks ក៏ធ្លាប់ជាសមាជិកក្លឹបបាញ់កាំភ្លើង Clairton Sportsmen’s Club យ៉ាងហោចណាស់មួយឆ្នាំផងដែរ។
យោងតាមយុវជនមួយចំនួនដែលរៀនសាលាជាមួយ Crooks បានឲ្យដឹងថា Crooks ជាមនុស្សស្ងប់ស្ងាត់ និងត្រូវបានជេរប្រមាថជាញឹកញាប់ ហើយពេលខ្លះ Crooks ពាក់ឈុតបរបាញ់ទៅសាលារៀនទៀតផង។ អតីតមិត្តរួមថ្នាក់ម្នាក់ទៀតបានឲ្យដឹងថា Crooks ជាមនុស្សខុសគេ ប៉ុន្តែតែងទទួលបានពិន្ទុល្អក្នុងការប្រលង។ គាត់ចូលចិត្តគ្រូបង្រៀននិងចូលចិត្តមុខវិជ្ជាប្រវត្តិសាស្រ្តខ្លាំងណាស់ ហើយអ្វីៗដែលទាក់ទងនឹងរដ្ឋាភិបាល និងប្រវត្តិសាស្ត្រ Crooksតែងតែដឹង។ ចំណែកមិត្តម្នាក់ទៀតក៏បាននិយាយដែរថា Crooks គឺមនុស្សល្អ មិននឹកស្មានដល់ថាគាត់ជាឃាតករឡើយ។

ទន្ទឹមនោះ យោងតាមលោក Jameson Myers អតីតសមាជិកនៃក្រុមកាំភ្លើងវែង Bethel Park High School ដែលបញ្ចប់ការសិក្សាជាមួយ Crooks ក្នុងឆ្នាំ ២០២២ បានប្រាប់ CBS ថា Crooks ហាក់ដូចជាក្មេងប្រុសធម្មតាម្នាក់ដែលមិនសូវរួសរាយ ប៉ុន្តែគាត់ជាក្មេងល្អមិនដែលនិយាយអាក្រក់ពីនរណាម្នាក់ឡើយ។
លើសពីនេះអ្នកជិតខាងនិងអ្នករស់នៅជាយក្រុង Pittsburgh កំពុងតែមានការភ្ញាក់ផ្អើល បន្ទាប់ពី FBI បានដាក់ឈ្មោះ Thomas Matthew Crooks ថាជាអ្នកបាញ់លោក Donald Trump អំឡុងការជួបជុំ។

មួយថ្ងៃបន្ទាប់ពីការធ្វើឃាតនេះ ប៉ូលិសបានបិទផ្លូវនិងជម្លៀសមនុស្សនៅតំបន់ផ្ទះរបស់ Crooks ហើយបានរកឃើញគ្រឿងផលិតអាវុធនៅក្នុងរថយន្តនិងផ្ទះរបស់គាត់ថែមទៀត ហើយក៏កំពុងសហការជាមួយក្រុមគ្រួសាររបស់គាត់ដើម្បីស៊ើបអង្កេតរកមូលហេតុដែលជំរុញឲ្យគាត់ធ្វើរឿងបែបនេះដែរ។
គួរបញ្ជាក់ជាថ្មី ក្រុមអ្នកស៊ើបអង្កេតបានរកឃើញថា Crooks ប្រដាប់ដោយកាំភ្លើង AR-15 ពាក់កណ្តាលស្វ័យប្រវត្តិដែលឪពុករបស់គាត់ទិញឲ្យកាលពីប្រហែល៦ខែមុន បានបាញ់ប្រហារទៅលើអតីតប្រធានាធិបតីលោកត្រាំ ខណៈដែលគាត់កំពុងនិយាយទៅកាន់អ្នកគាំទ្រក្នុងទីក្រុង Butler នៃរដ្ឋ Pennsylvania ដែលបណ្តាលឲ្យទស្សនិកជនម្នាក់ស្លាប់ និងពីរនាក់ទៀតរងរបួស។
ទោះបីជាយ៉ាងណាលោកត្រាំ មានសុវត្តិភាព ទោះជាបានរងរបូសត្រង់ត្រចៀកហើយលោកក៏បានចេញសេចក្កីថ្លែងការណ៍មួយចូលរួមរំលែកទុក្ខដល់គ្រួសារជនរងគ្រោះដែលបានស្លាប់ក្នុងហេតុការណ៍បាញ់ប្រហារនេះផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សន្តិសុខសង្គម៤ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២២ ម៉ោង agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


