Connect with us

ព័ត៌មានអន្ដរជាតិ

ឆ្មាចិញ្ចឹមខាំ​ក្មេងប្រុស​​អាយុ៣ឆ្នាំ​បណ្ដាលឲ្យស្លាប់ដោយសារជំងឺឆ្កែឆ្កួត ព្រោះ​មិន​​នាំទៅព្យាបាល​ឬ​ចាក់ថ្នាំ​បង្ការ​ទាន់​ពេល​

បានផុស

នៅ

​ក្មេងប្រុសអាយុ៣ឆ្នាំម្នាក់នៅខេត្ត Gia Lai ប្រទេសវៀតណាមបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតមួយខែ​ក្រោយ​​សត្វ​ឆ្មាចិញ្ចឹម​ក្នុង​គ្រួសារ​បាន​ខាំ។ យោងតាមការចេញផ្សាយរបស់សារពត៌មាន VN Express នៅថ្ងៃទី១៧ខែកក្កដានេះ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្មេងប្រុសរូបនេះត្រូវបានគ្រួសារនាំទៅកាន់មណ្ឌលសុខភាពស្រុក Chu Se កាលពីថ្ងៃអាទិត្យសប្តាហ៍មុន បន្ទាប់ពីក្អួតជាច្រើនថ្ងៃនៅផ្ទះ។ វេជ្ជបណ្ឌិតបានធ្វើរោគវិនិច្ឆ័យឃើញថា កុមារ​នេះ​មានផ្ទុកជំងឺឆ្កែឆ្កួត ដែលបណ្ដាលឲ្យមានការឆ្លងមេរោគពោះវៀន និង ខ្សោះជាតិទឹក ហើយបានបញ្ជូនកុមារនេះទៅមន្ទីរពេទ្យកុមារខេត្ត Gia Lai មួយថ្ងៃក្រោយមក។

បន្ទាប់ពីត្រូវបានគ្រូពេទ្យនៅមន្ទីរពេទ្យកុមារខេត្ត Gia Lai ណែនាំអំពីស្ថានភាពរបស់គាត់ គ្រួសាររបស់កុមាររូបនេះបានសម្រេចចិត្តនាំគាត់ទៅផ្ទះនៅព្រឹកថ្ងៃចន្ទ។ អាការៈ​ជំងឺ​​ពេល​កុមារ​នេះ​​នៅផ្ទះ មាន​ដូច​ជា គាត់ស្រែក ពិបាកហើបមាត់ ស្រក់ទឹកមាត់ ខ្លាចពន្លឺ ទឹក និងខ្យល់ ឈឺក្បាល មិនអាចបរិភោគ​អាហារ​​ ឬផឹកអ្វីទាំងអស់ និងបានស្លាប់នៅព្រឹកថ្ងៃដដែល។

យោងតាម​​ការ​បញ្ជាក់​​របស់​ក្រុម​គ្រួសារ កុមាររូបនេះ​ត្រូវ​ឆ្មា​ខាំ​ដៃ​កាលពី​មួយ​ខែ​មុន​។ មុខរបួសដែលឆ្មាខាំមានសភាពរាក់ តែមាន​ហូរឈាម ប៉ុន្តែ​ក្រុម​គ្រួសារ​មិន​បាន​នាំ​ទៅ​ព្យាបាល​​ឬវ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត​ទាន់​ពេល​នោះទេ ខណៈឆ្មាដែលជាសត្វចិញ្ចឹមបានបាត់ខ្លួន បន្ទាប់ពីខាំក្មេងប្រុស​នោះ​ និងមិនទាន់ត្រលប់មកផ្ទះវិញតាំងពីពេលនោះមក។

តាមសេចក្តី​រាយការណ៍​របស់​សារព័ត៌មាន​នោះ​ កាលពីខែមុនក៏មានក្មេងប្រុសអាយុប្រាំពីរឆ្នាំនៅភាគខាងជើងប្រទេសវៀតណាមបានស្លាប់ដោយសារជំងឺឆ្កែឆ្កួតមួយខែបន្ទាប់ពីត្រូវបានឆ្កែរបស់អ្នកជិតខាងខាំ។ ក្មេង​ប្រុស​​នោះត្រូវបានបញ្ជូនទៅព្យាបាលបន្ទាប់ពីមានអាការៈអស់កម្លាំង ខ្លាចទឹក ខ្យល់ និងពន្លឺ ថែមទាំងក្អួតឈាម។ គ្រូពេទ្យ​បាន​ធ្វើ​រោគវិនិច្ឆ័យក៏រកឃើញថា​ក្មេងប្រុស​នោះ​មាន​ជំងឺ​ឆ្កែឆ្កួត។​

មធ្យោបាយតែមួយគត់ដើម្បីការពារជំងឺឆ្កែឆ្កួត គឺត្រូវទទួលថ្នាំបង្ការ បន្ទាប់ពីត្រូវបានឆ្កែ ឆ្មា ឬសត្វព្រៃណាមួយខាំ ព្រោះថា បើរោគសញ្ញាជំងឺឆ្កែឆ្កួតលេចឡើងហើយនោះ អត្រាមរណភាពគឺ ១០០ភាគរយ ខណៈក្មេងប្រុសដែលត្រូវបានឆ្មាខាំនេះគឺជាករណីស្លាប់ទីបួនហើយនៅក្នុងខេត្ត Gia Lai ប្រទេសវៀតណាមក្នុងឆ្នាំនេះ៕

(រូបភាព៖ VNA)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម