ព័ត៌មានជាតិ
រដ្ឋសភាអនុម័តសេចក្ដីព្រាងច្បាប់នៃអនុសញ្ញាស្ដីពីវិធានពាក់ព័ន្ធការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស
សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ត្រូវបានរដ្ឋសភាអនុម័តហើយនាថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ។ ការអនុម័តយល់ព្រមលើសេចក្ដីព្រាងច្បាប់នេះ ធ្វើឡើងនៅក្នុងសម័យប្រជុំរដ្ឋសភាលើកទី២ នីតិកាលទី៧ នាព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤ ដឹកនាំដោយសម្តេច ឃួន សុដារី ប្រធានរដ្ឋសភា។

សេចក្តីព្រាងច្បាប់ខាងលើនេះ មាន៣មាត្រា។ រាជរដ្ឋាភិបាលបានរៀបចំសេចក្តីព្រាងច្បាប់នេះឡើង ស្របតាមអនុសញ្ញាស្តីពីឯកភាវូបនីយកម្មនៃវិធានមួយចំនួនពាក់ព័ន្ធនឹងការដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាស ហៅថា អនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ ត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ នៅទីក្រុងម៉ុងរ៉េអាល់ ប្រទេសកាណាដា នៅក្នុងឱកាសសន្និសីទអន្តរជាតិស្តីពីច្បាប់ដឹកជញ្ជូនតាមផ្លូវអាកាសពីថ្ងៃទី១០ ដល់ថ្ងៃទី២៨ ខែឧសភា ឆ្នាំ១៩៩៩ និងបានចូលជាធរមាននៅថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០០៣។ បើគិតត្រឹមខែកក្កដា ឆ្នាំ២០២៣ រដ្ឋភាគីបានផ្តល់សច្ចាប័នរួចរាល់មានចំនួន ១៣៩ប្រទេសហើយ។

តាមការបញ្ជារបស់រដ្ឋសភា ការផ្តល់សច្ចាប័នអនុសញ្ញាម៉ុងរ៉េអាល់ឆ្នាំ១៩៩៩ កម្ពុជានឹងទទួលបានអត្ថប្រយោជន៍ដូចជា កិច្ចសហប្រតិបត្តិការល្អរបស់កម្ពុជាជាមួយអង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ សមាគមដឹកជញ្ជូនតាមផ្លូវអាកាសអន្តរជាតិ និងដើម្បីលើកកម្ពស់កេរ្តិ៍ឈ្មោះកម្ពុជាលើឆាកអន្តរជាតិ និងបើកឱកាសកាន់តែច្រើនសម្រាប់កម្ពុជាក្នុងការចូលរួមដោយផ្ទាល់ទៅក្នុងយន្តការដឹកនាំរបស់អង្គការអាកាសចរណ៍ស៊ីវិលអន្តរជាតិ។ មួយវិញទៀត គឺការធានាជំរុញទាក់ ទាញវិនិយោគ និងកំណើនសេដ្ឋកិច្ច ទេសចរណ៍ ការងារ ចំនួនអ្នកធ្វើដំណើរតាមផ្លូវអាកាស ព្រមទាំងការតភ្ជាប់វប្បធម៌រវាងប្រជាជន និងប្រជាជន និងផ្តល់ទំនុកចិត្តកាន់តែខ្ពស់ដល់អ្នកធ្វើដំណើរតាមផ្លូវអាកាស និងសហគ្រាសដឹកជញ្ជូនអន្តរជាតិតាមផ្លូវអាកាសជាដើម។

សម័យប្រជុំពេញអង្គរដ្ឋសភា នាព្រឹកថ្ងៃនេះ បានពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់មានសារៈសំខាន់នេះ មួយមាត្រាម្តងៗ និងបានអនុម័តជាឯកច្ឆន្ទលើសេចក្តីព្រាងច្បាប់ទាំងមូល។ ក្នុងនោះ ក៏មានតំណាងរាជរដ្ឋាភិបាល គឺរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល ដើម្បីការពារ និងបកស្រាយលើសេចក្ដីព្រាងច្បាប់នេះផងដែរ៕
-
កីឡា២៣ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិស្ទុះងើបឡើងវិញ ក្រោយអាមេរិកបើកការវាយប្រហារថ្មីប្រឆាំងអ៊ីរ៉ង់


