ព័ត៌មានអន្ដរជាតិ
សេដ្ឋវិទូអឺរ៉ុបព្រមានថា ផលប៉ះពាល់សេដ្ឋកិច្ចដោយសារ Brexit កាន់តែអាក្រក់ទៅៗ
សេដ្ឋកិច្ចវិទូអឺរ៉ុប១ក្រុមបានព្រមានថា ការចាកចេញពីសហភាពអឺរ៉ុបរបស់ចក្រភពអង់គ្លេស (Brexit) មានផលប៉ះពាល់រយៈពេលយូរ ដោយបណ្តាលឱ្យមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងពាណិជ្ជកម្មរវាងទ្វេភាគីរវាងអង់គ្លេស និងប្លុក ហើយបញ្ហានេះនឹងបន្តកាន់តែអាក្រក់ទៅៗ។ នេះបើតាមការចុះផ្សាយរបស់បណ្ដាញទូរទស្សន៍ Euronews កាលពីថ្ងៃអង្គារ។

ក្រុមសេដ្ឋវិទូនៃសកលវិទ្យាអង់គ្លេស Aston Business School បាននិយាយក្នុងរបាយការណ៍ថ្មីមួយដែលចេញផ្សាយកាលពីថ្ងៃចន្ទថា កិច្ចព្រមព្រៀងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការ (TCA) ដែលចុះហត្ថលេខាដោយទីក្រុងឡុងដ៍ និងទីក្រុងប៊ុចសែល ក្រោយភាគីទាំង២កាត់ផ្តាច់ទំនាក់ទំនងពេញទី បានបន្តមានផលប៉ះពាល់លើសេដ្ឋកិច្ច និងយ៉ាងធ្ងន់ធ្ងរ។ ពួកគេបន្តថា TCA បានបង្កើតជារនាំងពាណិជ្ជកម្មសំខាន់ផ្សេងៗ ដែលធ្វើឱ្យការនាំចេញ និងចូលរបស់អង់គ្លេស ទៅ និងពីសហភាពអឺរ៉ុប ធ្លាក់ចុះ។
ក្រុមសេដ្ឋវិទូដដែល បានថ្លែងយ៉ាងដូច្នេះថា៖ «ការសិក្សាបានគូសបញ្ជាក់ថា ផលប៉ះពាល់អវិជ្ជមាននៃ TCA កាន់តែខ្លាំងឡើងតាមពេលវេលា ដោយការធ្លាក់ចុះនៃពាណិជ្ជកម្មបានបង្ហាញកាន់តែច្បាស់ក្នុងឆ្នាំ ២០២៣ ជាងឆ្នាំមុនៗ។ នេះបង្ហាញថា ការផ្លាស់ប្តូរក្នុងទំនាក់ទំនងពាណិជ្ជកម្មចក្រភពអង់គ្លេស-សហភាពអឺរ៉ុបក្រោយ Brexit មិនមែនគ្រាន់តែជាការរំខានក្នុងរយៈពេលខ្លីប៉ុណ្ណោះទេ ប៉ុន្តែឆ្លុះបញ្ចាំងពីការបន្តផ្លាស់ប្តូររចនាសម្ព័ន្ធកាន់តែស៊ីជម្រៅ»។
គួរគូសបញ្ជាក់ថា អង់គ្លេសបានទទួលរងនូវការលំបាកផ្នែកសេដ្ឋកិច្ច ចាប់តាំងពីចក្រភពនេះបានបោះឆ្នោតផ្ដាច់ខ្លួនពីសហភាពអឺរ៉ុបក្នុងឆ្នាំ ២០១៦ ហើយបានចាកចេញពីប្លុកនេះជាផ្លូវការក្នុងឆ្នាំ ២០២០។ ក្រោយការចាកចេញ អង់គ្លេស ក៏ដូចជាពិភពលោកទាំងមូល បានជួបប្រទះនឹងបញ្ហាសេដ្ឋកិច្ចដែលបណ្ដាលមកពីជំងឺរាតត្បាតកូវីដ១៩ និងការឈ្លានពានអ៊ុយក្រែនរបស់រុស្ស៊ី។

របាយការណ៍របស់ក្រុមសេដ្ឋវិទូបានបង្អុលបង្ហាញថា ចន្លោះឆ្នាំ ២០២១ និង ២០២៣ ទិន្នន័យប្រចាំខែបានបង្ហាញថា ការនាំចេញរបស់អង់គ្លេសធាក់ចុះ ២៧ ភាគរយ ហើយការនាំចេញ និងចូលទៅសហភាពអឺរ៉ុប បានធ្លាក់ចុះ ៣២ ភាគរយ ធៀបទៅនឹងអត្រាដែលគួរតែមានប្រសិនបើគ្មាន Brexit។ របាយការណ៍បន្តថា អ្វីៗមិនមានភាពប្រសើរឡើងច្រើនទេ បើមើលពីតួលេខប្រចាំឆ្នាំ ដោយការនាំចេញរបស់អង់គ្លេសបានធ្លាក់ចុះ ១៧ ភាគរយ និងការនាំចូលធ្លាក់ចុះ ២៣ ភាគរយ។
របាយការណ៍ដដែលបាននិយាយថា៖ «ការវិភាគបង្ហាញពីការរំខាន និងការធ្លាក់ចុះយ៉ាងខ្លាំងនៃខ្សែសង្វាក់ផ្គត់ផ្គង់រវាងចក្រភាពអង់គ្លេស និងសហភាពអឺរ៉ុប ក្រោយ TCA ដែលជាក់ស្តែងនៅលើគ្រប់មុខទំនិញប្រើប្រាស់ ពាក់កណ្ដាលសម្រេច និងមូលធន»។
ទោះជាយ៉ាងណាក៏ដោយ គួរកត់សម្គាល់ថាវិស័យមួយចំនួនតូច បានឃើញកំណើននៃការនាំចេញ រួមមានថ្នាំជក់ គ្រឿងផ្លូវរថភ្លើង និងយន្តហោះជាដើម។ ប៉ុន្តែផ្ទុយទៅវិញ ផលប៉ះពាល់មានខ្លាំងទៅលើទំនិញក្នុងវិស័យកសិកម្ម វាយនភណ្ឌ និងផលិតកម្មដែលពឹងលើវត្ថុធាតុដើម។

Brexit ក៏បានជះឥទ្ធិពលដល់ប្រទេសចំនួន ២៧ នៅក្នុងសហភាពអឺរ៉ុបផងដែរ ប៉ុន្តែស្ថិតក្នុងកម្រិតខុសៗគ្នា។ យោងតាមរបាយការណ៍ ការនាំចេញរបស់ចក្រភពអង់គ្លេសទៅកាន់បែលហ្ស៊ិក និងអៀរឡង់ មានការថយចុះតិចតួច ខណៈការនាំចេញធ្លាក់ចុះខ្លាំងទៅកាន់អាល្លឺម៉ង់ អេស្ប៉ាញ និងក្រិក។ របាយការណ៍របស់សេដ្ឋវិទូបន្តថា ការនាំចូលរបស់អង់គ្លេសពីបណ្ដាប្រទេសធំៗនៅប្លុកអឺរ៉ុប បានធ្លាក់ចុះជាគំហុក ដោយរួមមាន ហូឡង់ (៥១ ភាគរយ) អាល្លឺម៉ង់ (៣២ ភាគរយ) និងបារាំង (២៣ ភាគរយ)។
របាយការណ៍ដដែល បានជំរុញឱ្យរដ្ឋាភិបាលចក្រភពអង់គ្លេសស្វែងរកមធ្យោបាយដើម្បីរក្សាស្ថិរភាព និងលើកកម្ពស់សេដ្ឋកិច្ចរបស់ប្រទេស ដោយថែមទាំងបានស្នើឱ្យបើកការចរចាតាមវិស័យជាក់លាក់ជាមួយសហភាពអឺរ៉ុប ដើម្បីព្យាយាម និងកាត់បន្ថយផលប៉ះពាល់លើវិស័យដែលរងផលប៉ះពាល់ខ្លាំងបំផុតដោយ Brexit។ របាយការណ៍ក៏ផ្តល់ អនុសាសន៍ផងដែរ ឱ្យចក្រភពអង់គ្លេសកំណត់រចនាសម្ព័ន្ធខ្សែសង្វាក់ផ្គត់ផ្គង់របស់ខ្លួនឡើងវិញ ដើម្បីបង្កើនភាពធន់ និងការប្រកួតប្រជែង៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានជាតិ៧ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ១២ ម៉ោង agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


