ព័ត៌មានជាតិ
ស.ស.យ.ក ខេត្តសៀមរាប រៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារខ្មែរលើទឹកដីអង្គរ
នាព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០២៤នេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប (ស.ស.យ.ក) បានសហការជាមួយសមាគមចុងភៅកម្ពុជា ក្រោមការដឹកនាំរបស់លោក ប្រាក់ សោភ័ណ ប្រធាន ស.ស.យ.ក ខេត្ត និងជាអភិបាលខេត្តសៀមរាប បានរៀបចំកម្មវិធីវេចនំអន្សមមហាគ្រួសារ នៅសួនច្បារព្រះអង្គចេកព្រះអង្គចម ក្នុងក្រុងសៀមរាប។

កម្មវិធីវេចនំអន្សមមហាគ្រួសារនេះ មានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរ អង្គភាព កងកម្លាំងទាំងបី មន្ត្រីរាជការ និងសមាជិកសមាជិកាសហភាពសហព័ន្ធកម្ពុជាខេត្តសៀមរាបជាច្រើនរូប។
នំអន្សម ជានំដែលប្រជាពលរដ្ឋខ្មែរស្ទើរគ្រប់ក្រុមគ្រួសារ តែងតែរៀបចំវេចនំអន្សមជារៀងរាល់ឆ្នាំ មិនដែលខានក្នុងរដូវបុណ្យចូលឆ្នាំខ្មែរ ក៏ដូចជារដូវបុណ្យភ្ជុំបិណ្ឌ ក្រៅពីពិធីបុណ្យទាំងពីរនេះ ក៏មានពិធីមង្គលការក៏គេតែងឃើញមានវេចនំអន្សមផងដែរ។ តាមការកត់សម្គាល់ មុនថ្ងៃភ្ជុំបិណ្ឌ មួយ ឬពីរថ្ងៃ ប្រជាពលរដ្ឋខ្មែរតែងញាប់ដៃញាប់ជើង រៀបចំវេចនំអន្សម ដើម្បីទុកចូលរួមក្នុងឱកាសភ្ជុំបិណ្ឌ។

តាមការបញ្ជាក់របស់លោក សំកុល សុចិត្រា អនុប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្ត និងជាអភិបាលរងខេត្ត ការវេចអន្សម មហាគ្រួសារមន្ត្រីរាជការ សហភាពសហព័ន្ធយុវជនកម្ពុជា នាំគ្នាវេចនោះមាននំអន្សមជ្រូក នំអន្សមចេក , នំបត់ និងនំគម ជាដើម។ ម៉្យាងទៀត ការវេចនំអន្សមនៅថ្ងៃនេះ គឺបានបង្ហាញនូវភាពសាមគ្គីគ្នានៃមហាគ្រួសារខ្មែរយើង ព្រមទាំងទាក់ទាញដល់ភ្ញៀវទេសចរណ៍ ដែលបានចូលមកកម្សាន្តនៅលើទឹកដីប្រវត្តិសាស្ត្រអង្គរនេះ បានភ្លក់នូវរសជាតិ នូវនំអន្សមកូនខ្មែរខេត្តសៀមរាប។
លោក បានបន្តថា ការវេចនំអន្សមនេះ គឺជារដូវកាលដែលប្រជាពុទ្ធបរិស័ទខ្មែរកាន់សាសនាព្រះពុទ្ធ តែងបានគោរពប្រតិបត្តិនៅពេលរដូវបុណ្យភ្ជុំបិណ្ឌ ក៏ដូចជាពិធីបុណ្យចូលឆ្នាំខ្មែរផងដែរ។ ចំពោះអន្សមដែលបានពីការចូលរួមគ្នាវេចនៅពេលនេះ និងយកទៅធ្វើការឧបត្ថម្ភដល់មណ្ឌលកុមារកំព្រា និងមន្ទីរពេទ្យកុមារជាដើម។

ចំពោះអត្ថន័យរបស់នំអន្សម «អន្សម» តាមវចនានុក្រមសម្ដេចសង្ឃ ជួន ណាត បានពន្យល់ថា ជាឈ្មោះ នំធ្វើដោយអង្ករដំណើបខ្ចប់ដោយស្លឹកស្រស់ (តាមធម្មតាច្រើនប្រើស្លឹកចេក) មានរាងមូលស្មើចុងស្មើដើម ចម្អិនដោយស្ងោរ ឬអាំងក៏មាន គឺអន្សមចេក អន្សមជ្រូក អន្សមដូង អន្សមអាំង។ យោងតាមឯកសារមួយចំនួនបានឲ្យដឹងថា សម័យព្រះបាទ ជ័យវរន្ម័ទី៧ ប្រទេសកម្ពុជាប្រកាន់សាសនាព្រាហ្មណ៍ ហើយរបស់ប្រើប្រាស់ និងសម្ភារភាគច្រើនមានទំនាក់ទំនងនឹងសាសនា តួយ៉ាងនំអន្សមនេះជាដើម ដែលជាស្បៀងបម្រុងនៅពេលចេញទៅធ្វើសឹកសង្គ្រាម។

ម៉្យាងវិញទៀត ក្នុងសាសនាព្រាហ្មណ៍ នំអន្សម គឺតំណាងឲ្យលិង្គព្រះឥសូរ ចំណែកឯនំគមវិញ គឺតំណាងយោនីនាង ឧមា ដែលជាព្រះមហេសីរបស់ព្រះឥសូរ។ ម៉្លេះហើយទើបយើងតែងតែឃើញនំប្រភេទនេះក្នុងពិធីបុណ្យទានអមជាមួយ នឹង «នំគម» ដែលជានំប្រពៃណីខ្មែរផងដែរ។ «នំអន្សម» មានដើមកំណើតតាំងពីបរមបុរាណកាលក្នុងប្រវត្តិនំប្រពៃណីខ្មែរ និងត្រូវបានគេឃើញវត្តមាននំមួយប្រភេទនេះនៅក្នុងពិធីបុណ្យប្រពៃណីខ្មែរ ដូចជាបុណ្យចូលឆ្នាំ បុណ្យភ្ជុំបិណ្ឌ ក្នុងពិធីរៀបអាពាហ៍ពិពាហ៍ និងពិធីបុណ្យសាសនាមួយចំនួនទៀត៕
អត្ថបទ៖ គឿន វេត
-
ព័ត៌មានជាតិ២ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ២ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម១ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៣ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត
-
កីឡា៦ ថ្ងៃ agoBreaking News! Cristian នឹងចាកចេញពី ព្រះខ័នរាជស្វាយរៀង ចុងរដូវកាលនេះ


