Connect with us

ព័ត៌មានអន្ដរជាតិ

អ្នក​វិទ្យាសាស្ត្រ​ថាការ​ប្រែប្រួល​អាកាសធាតុ​ធ្វើ​ឲ្យ​ភ្លៀង​ធ្លាក់​កាន់​តែ​អាក្រក់​នៅ​តំបន់​អាហ្វ្រិក​

បានផុស

នៅ

ក្រុមអ្នក​វិទ្យាសាស្ត្រអន្តរជាតិថា ភ្លៀងធ្លាក់ដ៏បំផ្លិចបំផ្លាញដែលបង្កឲ្យមានទឹកជំនន់​សម្លាប់​មនុស្សនៅក្នុងប្រទេសកាមេរូន ឆាដ នីហ្សេ នីហ្សេរីយ៉ា និងស៊ូដង់ ក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ កាន់តែអាក្រក់ទៅៗ​ដោយការប្រែប្រួលអាកាសធាតុដែល​បង្កឡើងដោយមនុស្ស។ យោង​ទីភ្នាក់ងារព័ត៌មាន​Reuterនៅថ្ងៃទី២៣ខែតុលានេះ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត


ក្រុមអ្នកវិទ្យាសាស្ត្រដែលសិក្សាពីទំនាក់ទំនងរវាងការប្រែប្រួលអាកាសធាតុ និងអាកាសធាតុខ្លាំង បាននិយាយថា ការឡើង​កំដៅផែនដី​បានធ្វើ​ឱ្យមានភ្លៀងធ្លាក់តាមរដូវនៅឆ្នាំនេះប្រហែល ៥-២០​ភាគរយ កាន់តែខ្លាំងនៅទូទាំងអាងទឹក​នីហ្សេ និងបឹងប្រទេសឆាដ។ លើសពីនេះភ្លៀងធ្លាក់ខ្លាំងបែបនេះអាចកើតឡើងជារៀងរាល់ឆ្នាំ ប្រសិនបើកំដៅនៅតែបន្ត។

លោក Izidine Pinto អ្នកស្រាវជ្រាវនៅវិទ្យាស្ថានឧតុនិយម Royal Netherlands បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖​«ភ្លៀងធ្លាក់​ខ្លាំង​នៅរដូវក្តៅនិងក្លាយជាបញ្ហាប្រឈមថ្មីនៅក្នុងប្រទេសស៊ូដង់ នីហ្សេរីយ៉ា នីហ្សេ កាមេរូន និងឆាដ»។

យោងតាមទីភ្នាក់ងារជំនួយ OCHA របស់អង្គការសហប្រជាជាតិ បានឱ្យដឹងថា ទឹកជំនន់ឆ្នាំនេះបានសម្លាប់មនុស្សប្រហែល ១៥០០នាក់ និងបានជម្លៀសជាង ១ លាននាក់ទៀតនៅអាហ្វ្រិកខាងលិច និងកណ្តាល។ ជំនន់​ទឹកភ្លៀង​ក៏​បាន​លិចលង់​ទំនប់​នៅ​នីហ្សេរីយ៉ា និង​ស៊ូដង់ផងដែរដែលបង្កផលប៉ះពាល់ដល់មនុស្សរាប់លាននាក់។

យោងតាម WWA ប្រសិនបើការឡើងកំដៅផែនដីឡើងដល់​២អង្សាសេ កើតមាននៅដើមទសវត្សរ៍ឆ្នាំ ២០៥០​ភ្លៀងធ្លាក់បែបនេះត្រូវបានគេរំពឹងថានឹងកើតឡើងស្ទើរតែរៀងរាល់ឆ្នាំនៅក្នុងតំបន់ដែលរងផលប៉ះពាល់។

(រូបភាព៖ AP)

ជាមួយគ្នានេះលោកស្រី Joyce Kimutai អ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលគោលនយោបាយបរិស្ថាននៅមហាវិទ្យាល័យ Imperial College ក្នុងទីក្រុងឡុងបាននិយាយថា៖​«ទ្វីបអាហ្រ្វិកបានចូលរួមចំណែកតិចតួចនៃការបំភាយកាបូននៅទូទាំងពិភពលោក ប៉ុន្តែកំពុងរងការវាយប្រហារខ្លាំងបំផុតដោយអាកាសធាតុខ្លាំង»។

លោកស្រីបាននិយាយថា ទំនួលខុសត្រូវគឺនឹងត្រូវមាននៅលើកិច្ចពិភាក្សាអាកាសធាតុ COP29 ក្នុងឆ្នាំនេះក្នុងខែវិច្ឆិកា ដើម្បីធានាថាប្រទេសអ្នកមានបានរួមចំណែកខាងហិរញ្ញវត្ថុជួយស្ដារប្រទេសដែលរងផលប៉ះពាល់ទាំងនេះ។

គួរបញ្ជាក់ថាការប្រែប្រួលអាកាសធាតុគឹជាបញ្ហាប្រឈមមួយដ៏ធំរបស់ពិភពលោក ខណៈប្រទេសនានាមិនថានៅអាស៊ី អឺរ៉ុប​និង​អាហ្វ្រិកបានកំពុងរងគ្រោះធម្មជាតិដូចជាទឹកជំនន់ ខ្យល់ព្យុះដ៏សាហាវ និគ្រោះរាំងស្ងួតជាដើមដែល ប៉ះពាល់ដល់មនុស្សរាប់លាននាក់ និងបំផ្លាញទ្រព្យសម្បិត្តិរាប់លានដុល្លារ៕

(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម