ព័ត៌មានជាតិ
ធនាគារជាតិនៃកម្ពុជាអំពាវនាវដល់សាធារណជនបង្កើនការប្រើប្រាស់ប្រាក់រៀលដើម្បីឱ្យសេដ្ឋកិច្ចកាន់តែរឹងមាំ
ទេសាភិបាលរង ធនាគារជាតិនៃកម្ពុជា (NBC) លោក យឹម លាត បានថ្លែងថា ទោះបីជាអត្រានៃការប្រើប្រាស់ប្រាក់រៀលមានភាពល្អប្រសើរនាពេលបច្ចុប្បន្ននៅតាមបណ្តាខេត្ត ក្រុងនានាក្តី ប៉ុន្តែការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់ បើធៀបនឹង ប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត។

ការលើកឡើងរបស់លោក យឹម លាតធ្វើឡើងក្នុងកម្មវិធីផ្សព្វផ្សាយស្ដីពីប្រាក់រៀល ប្រព័ន្ធបាគង និងប្រព័ន្ធខេអេចឃ្យូអរ (KHQR) នៅសួនច្បារសម្ដេចតេជោ-ឈ្នះឈ្នះ ខេត្តបន្ទាយមានជ័យនាព្រឹកថ្ងៃទី២៥ ខែវិច្ឆិកានេះ។
លោកបានថ្លែងបញ្ចាក់ថា ការប្រើប្រាស់ប្រាក់ដុល្លារអាមេរិកនៅកម្ពុជាបានចាក់ឫសយ៉ាងជ្រៅ ក្នុងជីវភាពរស់នៅ ប្រចាំថ្ងៃ ចាប់តាំងពីការមកដល់របស់ អ៊ុនតាក់ ក្នុងអំឡុងទស្សវត្សរ៍ទី៩០។ កាលនោះ អ៊ុនតាក់ បាននាំមកនូវថវិកាចំនួន ១,៧ ពាន់លាន ដុល្លារអាមេរិកមកកម្ពុជា ហើយនៅ ពេលនោះដែរ ជំនឿចិត្តលើប្រាក់រៀលរបស់ប្រជាជនកម្ពុជាក៏មានភាពទន់ខ្សោយនៅ ឡើយដែរ។
លោកថា ក្នុងរយៈពេល ២ទសវត្សរ៍ចុងក្រោយនេះ តម្លៃប្រាក់រៀលរក្សាបាន លំនឹងល្អ ដោយមានតម្លៃក្នុងចន្លោះប្រមាណ ៤០៥០ រៀល/១$ ដែលត្រឹមតែអាចទប់ស្កាត់ ការប្រើប្រាស់ប្រាក់ដុល្លារមិនឱ្យកើនឡើងតទៅទៀតប៉ុណ្ណោះ ព្រោះការប្រើប្រាស់ប្រាក់ ដុល្លារអាមេរិកនៅមិនទាន់ថមថយនៅឡើយ។
«នេះគឺជាមេរៀនប្រវត្តិសាស្ត្រដែលបាន បង្ហាញថា ការបាត់បង់ទំនុកចិត្តលើប្រាក់រៀលកើតឡើងត្រឹមរយៈពេលដ៏ខ្លី តែការស្តារ ទំនុកចិត្តឡើងវិញគឺជាការលំបាក ហើយទាមទារនូវពេលវេលា និងការចូលរួមយ៉ាងសកម្ម របស់ក្រសួង-ស្ថាប័ន វិស័យឯកជន និងជាពិសេសប្រជាពលរដ្ឋយើងទាំងអស់គ្នា»។ នេះបើយោងតាមលោក យឹម លាត។

បើយោងតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា ដោយសហការជាមួយទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិជប៉ុន JICA កាលពីឆ្នាំ២០១៧ បានបង្ហាញថា ប្រាក់រៀលបាន ទទួលការទុកចិត្តនិងការប្រើប្រាស់កាន់តែច្រើន ក្នុងជីវភាពប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ជាពិសេសនៅតាមតំបន់ជនបទ ដែលប្រាក់រៀលដើរតួនាទីចម្បងនិងទូលំទូលាយទាំង ក្នុងសកម្មភាពរកប្រាក់ចំណូល ចំណាយ និងសន្សំ។
លោកថា៖«ជាក់ស្តែង សម្រាប់ខេត្តបន្ទាយ មានជ័យ ទិន្នន័យស្រាវជ្រាវបង្ហាញថាគិមធ្យមប្រមាណ ៧១% នៃការចំណាយប្រចាំ ថ្ងៃរបស់ប្រជាជនត្រូវបានធ្វើឡើងជាប្រាក់រៀល។ ដូចនេះ ខ្ញុំសូមថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ប្រជាជននៅខេត្តបន្ទាយមានជ័យ ទាំងអស់ ក្នុងការចូលរួមលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល ទោះបីជាខេត្តនេះស្ថិតនៅជាប់ព្រំ ដែននិងមានការដោះដូរពាណិជ្ជកម្មជាមួយប្រទេសជិតខាងច្រើនក៏ដោយ»។
ជាមួយគ្នានេះដែរ បើតាមលទ្ធផលសិក្សាស្រាវជ្រាវរបស់ធនាគារជាតិនៃកម្ពុជា សហការជាមួយ អង្គការ UNDP ក្នុងឆ្នាំ២០២៣ ក៏បានបង្ហាញដែរថាកម្មករនិយោជិតរោងចក្រដែលរស់នៅតាមបណ្តា ខេត្តចាយវាយ ប្រចាំថ្ងៃរហូតដល់ទៅ ៩២% នៃចំណាយសរុបជាប្រាក់រៀល ជាពិសេស ទៅលើ ការស្នាក់នៅ ថ្លៃទឹកភ្លើង ការធ្វើដំណើរជិតឆ្ងាយ អាហារ សំលៀកបំពាក់ និងថ្នាំ សង្កូវ។

«លោក យឹម លាតថា៖«ចំណែកឯកម្មករនិយោជិតអ្នកដេលរស់នៅទីក្រុងចាយវាយជាប្រាក់រៀលរហូត ដល់ ៨២% នៃចំណាយសរុប។ ដូចនេះ ប្រសិនទាំងអ្នកលក់ និងអ្នកទិញប្រើប្រាស់ ប្រាក់រៀលតែមួយនោះ គឺនឹងអាចជួយដល់ការលក់ដូរ ឱ្យមានភាពឆាប់រហ័ស ងាយស្រួល និងមិនចាំបាច់ពិបាកគិតគូរដល់អត្រាប្តូរប្រាក់នោះទេ»។
« ទោះបីយ៉ាងណា ការប្រើប្រាស់ដុល្លារអាមេរិកនៅបន្តមានកម្រិតខ្ពស់ បើធៀបនឹង ប្រាក់រៀល ជាពិសេសនៅរាជធានីភ្នំពេញ និងតាមទីប្រជុំជននៅតាមបណ្តាខេត្ត។ ក្នុងស្ថានភាពនេះ ខ្ញុំសូមអំពាវនាវដល់ក្រសួង-ស្ថាប័ន រោងចក្រ ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ជាពិសេសបងប្អូនប្រជាពលរដ្ឋទូទៅ សូមបន្ត ចូលរួមប្រើប្រាស់ប្រាក់រៀលឱ្យបានកាន់តែទូលំទូលាយ ទាំងការទូទាត់ជាប្រាក់រៀល ការបិទស្លាកថ្លៃទំនិញជារៀល និងការសន្សំជាប្រាក់រៀល ព្រមទាំងផ្តល់ការអនុគ្រោះឱ្យបានកាន់តែច្រើន ចំពោះការប្រើប្រាស់ប្រាក់រៀលរបស់ជាតិយើងទាំងអស់គ្នា»។ នេះបើតាមការអំពាវនាវរបស់លោក យឹម លាត៕
-
កីឡា១ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៧ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ១ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


