ព័ត៌មានជាតិ
ទីតាំងលំហែកាយដ៏ស្រស់ត្រកាល លាក់ខ្លួនកណ្តាលជ្រលងបុព្វតា កំពុងទាក់ទាញទេសចរទៅកម្សាន្ត
តំបន់ទេសចរណ៍បែបធម្មជាតិមួយកន្លែង ដែលបានលាក់ខ្លួនជាយូរមកហើយនៅក្នុងព្រៃភ្នំជ្រលងបុព្វតា ឥឡូវកំពុងបង្ហាញខ្លួននិងចាប់ផ្ដើមទាក់ទាញក្រសែភ្នែកភ្ញៀវទេសចរណ៍ ឱ្យទៅកម្សាន្តដោយសារតែសម្រស់ធម្មជាតិ ជ្រលងទឹកហូរកាត់ថ្មដា និងខ្យល់អាកាសដ៏បរិសុទ្ធនៅក្នុងតំបន់ព្រៃភ្នំ។
បើយើងធ្វើដំណើរតាមផ្លូវជាតិលេខ ៥៧ ចេញពីទីរួមខេត្តបាត់ដំបង ឆ្ពោះទៅទិសខាងលិច ហើយបត់ឆ្វេងត្រង់រង្វង់មូលភ្ជាវ ទៅកាន់ទឹកដីស្រុកសំឡូត ហើយបត់ចូលតាមច្រកវត្តស្វាយ បើគិតជាចម្ងាយមានប្រវែងប្រមាណ ៨០ គីឡូម៉ែត្រ ពីក្រុងបាត់ដំបងនោះ គេនឹងទៅដល់តំបន់រមណីយដ្ឋានមួយកន្លែងដែលមានទំនប់បង្ហៀរទឹក និងទឹកស្ទឹងដែលហូរកាត់ជ្រលងថ្មដា បង្កើតទៅជាទេសភាពបែបធម្មជាតិយ៉ាងល្អប្រណិត ដែលទីតាំងនោះមានឈ្មោះថាទំនប់បង្ហៀរស្ទឹងក្រញូង។


តំបន់រមណីយដ្ឋានដែលលាក់ខ្លួននៅក្នុងជ្រលងបុព្វតាជាយូរមកហើយនេះ គឺស្ថិតក្នុងភូមិតាសាញជើង ឃុំតាសាញ ស្រុកសំឡូត ខេត្តបាត់ដំបង ដែលបច្ចុប្បន្ននៅទីនោះព្រះសង្ឃដែលគង់នៅវត្តស្ទឹងក្រញូង បានកសាងនូវទំនប់បង្ហៀរនេះឡើង បានក្លាយទៅជារមណីយដ្ឋានដ៏ស្រស់ត្រកាល នៅពេលដែលមានទឹកហូរកាត់ម្ដងៗ ហើយនៅក្បែរព្រៃភ្នំនោះដែរក៏មានការបង្កើតជាខ្ចុះ និងអាហារដ្ឋានដោយមានលក់ចំណីអាហារភេសជ្ជៈគ្រប់ប្រភេទជាតម្រូវការរបស់ភ្ញៀវទេសចរណ៍ដែលទៅកំសាន្តនៅទីនោះ។



លោក មុត សំណាង ជាប្រជាពលរដ្ឋរស់នៅខេត្តបាត់ដំបង ដែលបាននាំក្រុមគ្រួសារទៅកម្សាន្តបានរៀបរាប់ថា នេះជាលើកទីមួយហើយ ដែលលោកបាននាំក្រុមគ្រួសារទៅកម្សាន្តតំបន់ទេសចរណ៍បែបធម្មជាតិនេះ ដែលលោកមើលឃើញថាគឺពិតជាស្រស់ស្អាតមែន ដោយសារតែមានតំបន់រមណីយដ្ឋាន អាហារដ្ឋាន ទំនប់បង្ហៀរ សម្រស់ព្រៃភ្នំ និងទឹកហូរខ្មួលខ្មាញ់កាត់ដុំសិលា ជាការទាក់ទាញក្រសែភ្នែកឲ្យមើលទៅកាន់តែស្រស់ស្អាតឡើង។
លោកបានបន្ថែមថា ចម្ងាយប៉ុណ្ណឹងមិនឆ្ងាយប៉ុន្មានទេ ដូច្នេះគួរតែពលរដ្ឋទៅកម្សាន្តឱ្យបានច្រើនកុះករ ពិសេសនៅរៀងរាល់ថ្ងៃសៅរ៍ អាទិត្យ ចុងសប្តាហ៍ និងថ្ងៃបុណ្យទានជាដើម ដើម្បីឲ្យអារម្មណ៍បានស្រស់ស្រាយនិងបន្ធូរភាពតានតឹងនៅក្នុងចិត្ត ដែលទីតាំងនេះគឺជារមណីយដ្ឋានធម្មជាតិមួយនៅក្នុងរមណីយដ្ឋានដ៏ច្រើនសន្ធឹកសន្ធាប់ក្នុងខេត្តបាត់ដំបង៕
អត្ថបទ៖ សោ និយមរ័ត្ន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


