Connect with us

សេដ្ឋកិច្ច

រដ្ឋាភិបាលអនុម័តគម្រោងបង្កើតរោងចក្រផលិតសំបក​កង់គ្រប់ប្រភេទ មានទុនវិនិយោគ ១៩៥ លានដុល្លារ

បានផុស

នៅ

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) បានអនុម័តគម្រោងបង្កើតរោងចក្រផលិតសំបកកង់គ្រប់ប្រភេទជាមួយទុនវិនិយោគសរុប ១៩៥ លានដុល្លារនៅក្នុងខែមករា ឆ្នាំ ២០២៥ ដែលអាចបង្កើត​ការងារ​បាន​ជាង ១ ពាន់កន្លែង។

នៅក្នុងខែមករា ឆ្នាំ ២០២៥ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានអនុម័តគម្រោងវិនិយោគសរុបចំនួន ៦៨គម្រោង ក្នុងនោះគម្រោងវិនិយោគថ្មីចំនួន ៦៤គម្រោង និងគម្រោងពង្រីកផលិតកម្មចំនួន ៤គម្រោង ដែល​​មានទុនវិនិយោគសរុបប្រមាណ ៧៤៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានប្រមាណជិត ៤៦ពាន់កន្លែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក គឹន ឧត្តមមុនីស៊ីណាត នាយកប្រតិបត្តិក្រុមហ៊ុន Sailun មានប្រសាសន៍ថា វត្តមាន​រោង​ចក្រ​​ផលិតសំបកកង់រថយន្តនៅកម្ពុជាបានធ្វើឱ្យមានកំណើនស្រូបទាញយកមកប្រើប្រាស់ជ័រកៅស៊ូ។

លោកបានបញ្ជាក់ថា ក្រុមហ៊ុន Sailun បានស្រូបទាញកៅស៊ូចំនួន ៣០% នៃផ្ទៃដីដាំដុះជាង ៤០ ម៉ឺនហិកតានៅកម្ពុជា ខណៈមកទល់ពេលនេះ ក្រុមហ៊ុនបាន​ប្រើ​ប្រាស់​កៅស៊ូ​ក្នុង​ស្រុក​រហូត​ដល់ ៥ ម៉ឺនតោនរួចហើយ និងគ្រោងប្រើឱ្យបានដល់ ១០ ម៉ឺន​តោន​​នៅ​ឆ្នាំ ២០២៥ សម្រាប់​លក់​ក្នុងស្រុក និងនាំចេញ។

លោក ឃុន កក្កដា អគ្គនាយករង នៃអគ្គនាយកដ្ឋានកៅស៊ូ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ បានឱ្យដឹងថា បច្ចុប្បន្ន រោងចក្រផលិតសំបកកង់រថយន្តចំនួន ៣ បានស្រូបយក​ជ័រកៅស៊ូក្នុងស្រុកប្រមាណ ១៥ម៉ឺនតោន ដល់ ២០ ម៉ឺនតោនក្នុងមួយឆ្នាំ។

លោក ឃុន កក្កដា ថ្លែងថា៖ «កាលពីមុនយើងអត់មានរោងចក្រ យើងយកជ័រកៅ​ស៊ូទៅកែ​ច្នៃ​ជា​របស់​ប្រើប្រាស់ ដូចជាកង់ឡាន ស្បែកជើង និងសម្ភារៈផ្សេងៗទៀត តែឥឡូវ យើងមាន​វត្តមាន​រោង​ចក្រកង់ឡានចំនួន ៣ អាចស្រូបយកជ័រកៅ​ស៊ូកម្ពុជា ក្នុងរង្វង់ ១៥ ម៉ឺនតោន ទៅ ២០ម៉ឺន តោន ក្នុងមួយឆ្នាំ»។

យោងតាមក្រសួងកសិកម្ម ផលិតផលជ័រកៅស៊ូសម្រេចបានជាង ៤០ ម៉ឺនតោន (៤០៧ ២០៩) នៅក្នុងឆ្នាំ ២០២៤ កើន ៣,៩៣% ធៀបនឹងឆ្នាំ ២០២៣ ក្នុងនោះនាំចេញបាន ៣៣ ម៉ឺន ៨ ពាន់តោន ដែលនាំឱ្យកម្ពុជារកចំណូលបានជាង ៦៧១ លានដុល្លារ កើន ៣៦,៣៨%។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានៅក្នុងឆ្នាំ ២០២៤ បានអនុម័តគម្រោង​វិនិយោគសរុបចំនួន ៤១៤គម្រោង មានទុនវិនិយោគចំនួន ៦,៧ ពាន់លានដុល្លារ កើនឡើង ៤០%​ ធៀបនឹងឆ្នាំ ២០២៣ និងអាចបង្កើតការងារបានប្រមាណជិត ៣២ម៉ឺនកន្លែង៕

អត្ថបទ៖ ឡេង ដេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម