ព័ត៌មានជាតិ
កម្ពុជា កំពុងរៀបចំផែនការផ្លាស់ប្តូររថយន្តដឹកកម្មករនិយោជិតឱ្យកាន់តែមានសុវត្ថិភាព
ក្រសួង និងស្ថាប័នពាក់ព័ន្ធ កំពុងរៀបចំផែនការ សម្រាប់ផ្លាស់ប្តូររថយន្តដឹកកម្មករឱ្យកាន់តែមានសុវត្ថិភាព និងមានផាសុកភាពជាងមុន ខណៈរថយន្ដដឹកកម្មករនិយោជិតមួយចំនួននាពេលបច្ចុប្បន្ន ងាយបង្កហានិភ័យដល់អ្នកជិះ ដោយសារដឹកលើសចំណុះ ឈរប្រជ្រៀតគ្នា និងការកែច្នៃខុសបច្ចេកទេសជាដើម។

កិច្ចពិភាក្សាស្ដីពី ការរៀបចំផែនការផ្លាស់ប្ដូររថយន្ដប្រភេទដឹកទំនិញដែលដឹកកម្មករឈរ មករថយន្ដប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ ត្រូវបានរៀបចំឡើងនៅព្រឹកថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២៥ នៅទីស្តីការក្រសួងមហាផ្ទៃ។ កិច្ចប្រជុំនេះ ដឹកនាំដោយ លោកឧត្តមសេនីយ៍ ហ៊ឹម យ៉ាន រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងលោក សេន ស៊ីហ៊ត់ រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន។

បន្ថែមពីនេះក៏មានការចូលរួមកិច្ចពិភាក្សាពីលោក ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប.ស.ស. និងជាប្រធានក្រុមការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកសម្រាប់គាំពារកម្មករនិយោជិត (ស.ផ.ក) ដើម្បីស្តាប់គោលការណ៌ណែនាំ។
លោក ហេង សុផាន់ណារិទ្ធ ធ្លាប់បានលើកឡើងថា ប.ស.ស បាននិងកំពុងជំរុញឱ្យមានការផ្លាស់ប្ដូររថយន្តដឹកទំនិញដែលកែច្នៃដឹកកម្មករ-និយោជិត នាពេលបច្ចុប្បន្នទៅជារថយន្តដឹកអ្នកដំណើរសម្រាប់ដឹកកម្មករ-និយោជិត យ៉ាងយូរត្រឹមឆ្នាំ ២០២៧ ដើម្បីកាត់បន្ថយអត្រាគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោករបស់កម្មករ-និយោជិតឱ្យនៅកម្រិតទាប។
កិច្ចប្រជុំខាងលើ បានពិភាក្សាទៅលើរបៀបវារៈចំនួន ២រួមមាន ១. កិច្ចពិភាក្សាស្តីពី ការរៀបចំសេចក្ដីណែនាំ អំពីការផ្លាស់ប្តូររថយន្តប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយ និង ២. រៀបចំផែនការសកម្មភាព និងនីតិវិធីក្នុងការអនុវត្តអំពីការផ្លាស់ប្តូររថយន្ត ប្រភេទដឹកទំនិញដែលដឹកកម្មករឈរមករថយន្តប្រភេទដឹកអ្នកដំណើរ ឬកែច្នៃឱ្យមានកៅអីអង្គុយសមរម្យ មានសុវត្ថិភាព និងផាសុកភាព។

បើយោងតាមការសិក្សារបស់ ទីភ្នាក់ងារបេឡាជាតិសន្តិសុខសង្គម ហៅកាត់ថា ប.ស.ស នៅក្នុងចំណោមរថយន្ត ៤ ០០០ គ្រឿងដែលកំពុងផ្តល់សេវាដឹកជញ្ជូនកម្មករនិយោជិតទៅមកបំពេញការងារ គឺមានប្រមាណ៦០ភាគរយ ជារថយន្តប្រភេទដឹកទំនិញ។ ការចុះសិក្សារបស់ ប.ស.ស. បានធ្វើឡើងកាលពីឆ្នាំ ២០២០ ដើម្បីឈានទៅរកដំណោះស្រាយជំរុញការផ្លាស់ប្តូររថយន្តដឹកកម្មករពីប្រភេទរថយន្តទំនិញ មិនសូវមានសុវត្ថិភាព មកជារថយន្តដែលមានសុវត្ថិភាពជាងមុន។
តាមរបាយការណ៍ក្រសួងការងារ ចាប់ពីខែមករា រហូតមកដល់ខែកញ្ញា ឆ្នាំ ២០២៤ នេះ មានកម្មករ-និយោជិត ជួបគ្រោះថ្នាក់នៅកន្លែងធ្វើការ និងគ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ១២ ៦៤៥ នាក់ ស្រី ៦ ៥៦០ នាក់ ក្នុងនោះគ្រោះថ្នាក់នៅកន្លែងធ្វើការចំនួន ៥ ៥២៨ នាក់ ស្រី ២ ៥៥៥ នាក់ និងគ្រោះថ្នាក់ពេលធ្វើដំណើរចំនួន ៧ ១១៧ នាក់ ស្រី ៤ ០០៥ នាក់៕
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៧ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


