ព័ត៌មានអន្ដរជាតិ
UNICEF៖ កុមារច្រើនជាងពាក់កណ្តាលនៅមីយ៉ាន់ម៉ារស់នៅក្នុងភាពក្រីក្រ
អង្គការយូនីសេហ្វ មីយ៉ានម៉ា (UNICEF Myanmar) បានប្រកាសថា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភ ស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ខណៈមានកុមារចំនួន៥៥ភាគរយរស់នៅក្នុងភាពក្រីក្រ។ យោងរបាយការណ៍អង្គការ UNICEF និងការចេញផ្សាយរបស់បណ្តាញសារព័ត៌មានមួយចំនួន។

យូនីសេហ្វ មីយ៉ាន់ម៉ា បាននិយាយថា ប្រទេសមីយ៉ាន់ម៉ាបាននឹងកំពុងប្រឈមមុខនឹងជម្លោះអស់រយៈពេល៤ឆ្នាំមក ដោយស្ថានភាពនេះបានធ្វើឱ្យកុមារស្លាប់ច្រើនជាងគេបំផុត ជាមួយនឹងអំពើហិង្សា ការផ្លាស់ទីលំនៅ និងការរំខានដល់សេវាសំខាន់ៗ ដូចជា សុខភាព និងការអប់រំ ដែលគំរាមកំហែងយ៉ាងធ្ងន់ធ្ងរដល់ការរស់រានមានជីវិត និងសុខុមាលភាពរបស់កុមារ។ ប្រហែលមួយភាគបីនៃអ្នកផ្លាស់ទីលំនៅទាំងនោះគឺជាកុមារ ដែលត្រូវបានបង្ខំឱ្យចេញពីផ្ទះ និងសហគមន៍របស់ពួកគេ ហើយឥឡូវនេះកំពុងប្រឈមមុខនឹងអនាគតមិនច្បាស់លាស់។
សារព័ត៌មាន Viet Nam News នៅថ្ងៃទី១២ខែកុម្ភៈ បានលើកឡើងថា អសន្តិសុខស្បៀង និងកង្វះអាហារូបត្ថម្ភស្ថិតក្នុងកម្រិតគួរឱ្យព្រួយបារម្ភ ដោយ៥៥ភាគរយនៃកុមារក្នុងប្រទេសមីយ៉ាន់ម៉ារស់នៅក្នុងភាពក្រីក្រ គ្រួសារផ្លាស់ទីលំនៅជាច្រើនកំពុងជួបការលំបាកក្នុងការបំពេញតម្រូវការមូលដ្ឋាន ហើយកុមារពិការ និងគ្រួសាររបស់ពួកគេងាយរងគ្រោះបំផុត។
លើសពីនេះ ប្រព័ន្ធថែទាំសុខភាពសាធារណៈ ដែលត្រូវបានចុះខ្សោយដោយជំងឺរាតត្បាតកូវីដ១៩ ពេលនេះកំពុងរងការខូចខាតយ៉ាងធ្ងន់ធ្ងរដោយជម្លោះ អសន្តិសុខ និងការជម្លៀសបុគ្គលិកសុខាភិបាលយ៉ាងច្រើន ធ្វើឱ្យកុមារជាច្រើនមិនអាចទទួលបានការថែទាំសុខភាពសំខាន់ៗ។ កុមារជាងមួយលាននាក់ពុំបានទទួលថ្នាំបង្ការសំខាន់ៗ ធ្វើឱ្យប្រទេសមីយ៉ាន់ម៉ាក្លាយជាប្រទេសមួយដែលមានចំនួនកុមារមិនបានចាក់វ៉ាក់សាំងច្រើនជាងគេនៅលើពិភពលោក។
យូនីសេហ្វ មីយ៉ាន់ម៉ា បាននិយាយថា កុមារជិត ៥ លាននាក់កំពុងបាត់បង់ការអប់រំ បាត់បង់ឱកាសសិក្សា និងប្រឈមមុខនឹងហានិភ័យធ្ងន់ធ្ងរ រួមទាំងការប្រើប្រាស់ជាពលកម្មកុមារ ការបង្ខំឱ្យរៀបការនៅវ័យក្មេង និងការកេងប្រវ័ញ្ច។ នៅឆ្នាំ ២០២៤ កុមារចំនួន៧៥០នាក់បានស្លាប់ ឬរងរបួសនៅក្នុងជម្លោះ ហើយចំនួននៅតែបន្តកើនឡើង។

បញ្ហាគួបផ្សំដូចជា ព្យុះស៊ីក្លូន Ragi ក្នុងឆ្នាំ២០២៤ បានប៉ះពាល់ដល់កុមារជាង៣០ម៉ឺននាក់ និងបានបំផ្លាញសាលារៀនជាច្រើន។ ជំរំជនភៀសខ្លួនដ៏ចង្អៀត និងសហគមន៍ដែលងាយរងគ្រោះកំពុងប្រឈមមុខនឹងជំងឺអាសន្នរោគឆ្លងពីទឹកធ្ងន់ធ្ងរ និងជីវភាពរស់នៅខ្វះខាតដ៏ធ្ងន់ធ្ងរ ជាមួយនឹងផលប៉ះពាល់ដែលរំពឹងថានឹងបន្តដល់ឆ្នាំ២០២៥។
មានតែ២៥ភាគរយនៃទឹកប្រាក់ដែលត្រូវការចំនួន២០៨លានដុល្លារអាមេរិកនៅឆ្នាំ២០២៤ប៉ុណ្ណោះ ដែលទទួលបាន ដែលធ្វើឱ្យកុមារជាច្រើនមិនអាចទទួលបានជំនួយសំខាន់ៗ។
នៅឆ្នាំ២០២៥នេះ យូនីសេហ្វត្រូវការប្រាក់ចំនួន២៨៦លានដុល្លារ ដើម្បីផ្តល់សេវាសង្គ្រោះជីវិត និងសង្គ្រោះបន្ទាន់ដល់កុមារ និងគ្រួសារដែលងាយរងគ្រោះបំផុតចំនួន ៤.១លាននាក់នៅទូទាំងប្រទេសមីយ៉ាន់ម៉ា។ បើគ្មានមូលនិធិនេះទេ កុមារអាចប្រឈមមុខនឹងកង្វះអាហារូបត្ថម្ភ ការផ្ទុះឡើងនៃជំងឺ កង្វះទឹកស្អាត និងការបាត់បង់ការអប់រំបន្ថែមទៀត៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានជាតិ៧ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអាមេរិក រឹបយកកប៉ាល់ដឹកទំនិញអ៊ីរ៉ង់ នៅឈូងសមុទ្រអូម៉ង់ ខណៈទីក្រុងតេហេរ៉ង់ គំរាមសងសឹក


