Connect with us

ព័ត៌មានជាតិ

វិធីដែលនាយករដ្ឋមន្ត្រីយកការរិះគន់វាយប្រហារមកជាការលើកទឹកចិត្ត

បានផុស

នៅ

នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថាពីវិធីដែលសម្ដេចយកមតិរិះគន់ធ្វើជាការលើកទឹកចិត្តជម្នះនូវការរិះគន់ទាំងនោះ។ សម្ដេចថាបើយើងផ្ដេកផ្ដួលតាមការរិះគន់ទាំងនោះនាំតែបាក់ទឹកចិត្ត បោះបង់ចោល ដែលនេះហើយជាអ្វីដែលអ្នករិះគន់ទាំងនោះចង់បាន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្លែងពីវិទ្យាល័យ ហ៊ុន សែន វាលរេញ ក្នុងខេត្តព្រះសីហនុ ព្រឹកថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន​ ម៉ាណែត បានលើកឡើងថាពាក្យឌឺដង រិះគន់ វាស្ទើតែកើតមានសម្រាប់មនុស្សគ្រប់រូប ព្រមទាំងអ្នកធ្វើការជាមួយគ្នាផងដែរ។ សម្ដេចថាបើរវល់តែនៅខ្វល់ខ្វាយនឹងពាក់ឌឺដង រិះគន់ ទាំងនេះយើងនឹងមិនអាចទៅមុខទេ ដោយណែនាំវិធីឆ្លើយតបជាលក្ខណៈវិជ្ជមានទៅវិញផងដែរ។

សម្ដេចបានរៀនពីការយកពាក្យឌឺដង រិះគន់នេះធ្វើជាកម្លាំងចិត្តតាំងពីសម្ដេចនៅរៀនថ្នាក់វិទ្យាល័យមកម្លេះដោយថាប្រសិនជាគេរិះគន់លើរឿងអ្វីយើងត្រូវខិតខំធ្វើរឿងនេះហ្នឹងឱ្យកាន់តែល្អ។

សម្ដេចថា៖ «គាត់និយាយអីក៏និយាយទៅ។ តែអ្វីដែលខ្ញុំធ្វើឱ្យគាត់ចាញ់នោះហើយចាញ់រហូតនោះ គឺខ្ញុំខំប្រឹងរៀន។ ដល់ខ្ញុំខំប្រឹងរៀនតើអ្នកណាជាសាក្សីគឺគ្រូខ្ញុំ និងមិត្តភ័ក្រខ្ញុំ អ្នកហ្នឹងគឺជាសាក្សីល្អបំផុតទោះបីជាខ្ញុំចេញពីហ្នឹងអ្នកគ្រូខ្ញុំគាត់តែងតែប្រាប់សិស្សជំនាន់ក្រោយថា សូម្បីតែកូននាយករដ្ឋមន្ត្រីក៏គេរៀនដែរ!»។

សម្ដេចថាឆ្លងតាមបទពិសោធន៍នេះហើយសម្ដេចដឹងថា មនុស្សយើងមិនអាចផ្គាប់ចិត្តមនុស្សបានគ្រប់គ្នាទេ តែត្រូវធ្វើយ៉ាងណាឱ្យប្រជាពលរដ្ឋដែលរស់នៅបានឃើញសកម្មភាពផ្ទាល់ ទទួលបានផលផ្ទាល់ ពីការងារដែលខិតខំធ្វើជូនពលរដ្ឋ។

សម្ដេចបន្ថែមថា៖ «នេះហើយដែលខ្ញុំថាស្នេហ៍មិនឈ្នះស្និទ្ធ! ចង់ផ្ទាញ់អ្នកដែលថាឱ្យយើង​គឺមានតែខិតខំធ្វើជាក់ស្ដែងដើម្បីឱ្យមនុស្សដែលបានផលរាប់ពាន់រាប់ម៉ឺននាក់គាត់ធ្វើជាសាក្សីដូចគ្រូខ្ញុំធ្វើជាសាក្សីឱ្យខ្ញុំចឹង។ នេះហើយជាការពិតហើយនេះមិនមែនតែខ្ញុំទេ គឺសម្រាប់អ្នកទាំងអស់គ្នា ខ្ញុំគិតថាមានតែប្រើវិធីនេះល្អជាង»។

សម្ដេចធិបតីថាមនុស្សមានពេលវេលា១ថ្ងៃ២៤ម៉ោងដូចគ្នាមិនគួរយកពេលវេលាទៅចំណាយលើរឿងមិនមានប្រយោជន៍នោះទេ គួរស្ដាប់សំឡេងពិតប្រាកដ ការបារម្ភពិតពីប្រជាពលរដ្ឋ សំឡេងរិះគន់ស្ថាបនា ជាជាងសំឡេងរំខានដែលបានតែរិះគន់ដោយគ្មានមូលដ្ឋាន៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម