ព័ត៌មានជាតិ
CRF៖ ការនាំចេញអង្កររបស់វៀតណាម និងថៃនឹងរងផលប៉ះពាល់ខ្លាំងពីគោលនយោបាយពន្ធរបស់ត្រាំ
អគ្គលេខាធិការនៃសហព័ន្ធស្រូវអង្ករកម្ពុជា (CRF) លោក លន់ យ៉េង បានថ្លែងប្រាប់កម្ពុជាថ្មីថាការដាក់ពន្ធគយបដិការរបស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នឹងធ្វើឱ្យប៉ះពាល់ការកើនឡើងតម្លៃអង្ករនាំចូលទៅកាន់ទីផ្សារអាមេរិក ជាពិសេសគឺប្រទេសដែលនាំចូលអង្ករធំៗទៅកាន់ទីផ្សារមួយនេះដូចជាវៀតណាម និងថៃ។

លោកបានថ្លែងថា៖«ទីផ្សារអាមេរិកពុំមែនជាទីផ្សារធំសម្រាប់ការនាំអង្ករចេញពីកម្ពុជារបស់យើងឡើយ។ ដោយក្នុង១ឆ្នាំយើងនាំចេញទៅកាន់ទីផ្សារអាមេរិកប្រមាណជា២ពាន់តោនប៉ុណ្ណោះ អ្វីដែលយើងបារម្ភនោះនៅពេលដែលអាមេរិកដាក់ពន្ធគយច្រើនលើការនាំចូល ដូច្នេះប្រទេសដែលនាំចេញធំៗដូចជាថៃ និងវៀតណាមដែលរងផលប៉ះពាល់ខ្លាំងនោះ នឹងបែរទិសដៅទៅកាន់បណ្តាប្រទេសនៅអឺរ៉ុបដែលយើងនាំចេញទៅនោះ ពួកគេនឹងទៅដណ្តើមទីផ្សាររបស់យើងនៅអឺរ៉ុបនោះដែរ ដោយសារតែទីផ្សារដ៏ធំរបស់ពួកគេនៅអាមេរិកចំណាយលើពន្ធខ្ពស់។
កាលពីថ្ងៃទី៣ ខែមេសា ឆ្នាំ២០២៥ ប្រធានាធិបតីសហរដ្ឋអាមេរិក “បានប្រកាសដំឡើងពន្ធ ៤៩% សម្រាប់ទំនិញ ផលិតផលនាំចូលពីកម្ពុជា ខណៈប្រទេសថៃរងអត្រាពន្ធ៣៦% និងវៀតណាម ៤៦%។
បើតាមលោក លន់ យ៉េង ដោយសារតែប្រទេសវៀតណាម និងថៃជាអ្នកនាំចេញអង្ករធំជាងគេទៅកាន់ទីផ្សារអាមេរិក ដូច្នេះនៅពេលដែលអ្នកនាំចេញបង់ពន្ធខ្ពស់ជាងមុន ពួកគេក៏នឹងបង្កើនតម្លៃអង្ករផងដែរ ចង់មិនចង់ពួកគេនឹងបង្វែរទិសដៅខ្លះដើម្បីចាប់ទីផ្សារអឺរ៉ុបដែលកម្ពុជាកំពុងទទួលបានចំណែកទីផ្សារធំ និងក៏ទទួលបានការអនុគ្រោះពន្ធផងដែរ។
លោក សុង សារ៉ន ប្រធានក្រមហ៊ុន Amru Rice (Cambodia) Co.ltd បានថ្លែងថា នាពេលបច្ចុប្បន្នការនាំចេញប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គរបស់ក្រុមហ៊ុនលោកទទួលបានការចាប់អារម្មណ៍និងទទួលស្គាល់លើគុណភាពពីសំណាក់អតិថិជននៅប៉ែកអឺរ៉ុប អាមេរិក និងអូស្រ្តាលីកាន់តែច្រើនឡើងៗ។

លោកបានថ្លែងថា៖«ចាប់តាំងពីយើងបានពង្រីកការនាំចេញនូវប្រភេទអង្ករល្អប្រណិត និង អង្ករសរីរាង្គនេះទៅកាន់បណ្តាប្រទេសនានានៅប្រទេសក្នុងសហគមន៍អឺរុប (EU) អាមេរិក អូស្ត្រាលី និងប្រទេសផ្សេងៗទៀត គឺប្រជាពលរដ្ឋនៅប្រទេសទាំងនោះចាប់ផ្តើមទទួលស្គាល់នូវគុណភាពអង្ករប្រណិតរបស់យើងកាន់តែច្រើនឡើង។ បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមមាញឹកក្នុងជំរុញការនាំចេញដើម្បីឆ្លើយតបទៅនឹងតម្រូវការនេះផងដែរ»។
លោកបានមានប្រសាសន៍ថា៖«ដោយសារតែក្រុមហ៊ុន Amru Rice (Cambodia) មានវិញ្ញាបនបត្រទទួលស្គាល់គុណភាពពីចក្រភពអង់គ្លេស ( British Retail Consortium Global Standard_ BRCGS) មួយចំនួនធំនៅសហគមន៍អឺរ៉ុប ដូច្នេះយើងអាចភ្ជាប់ស្លាកសញ្ញា( Label) ជូនបណ្តាអ្នកបញ្ជាទិញរបស់យើងនៅសហគមន៍អឺរ៉ុបដូច្នេះយើងអាចដាក់លក់តាមផ្សារទំនើបនៅសហគមន៍អឺរ៉ុប។ យើងមាន៣០ម៉ាក (brands) ដែលយើងកំពុងតែវេចខ្ចប់ជូនអតិថិជនរបស់យើងនៅតាមបណ្តាប្រទេសនៅសហគមន៍អឺរ៉ុប»។

យោងតាម CRF ក្នុងឆ្នាំ២០២៤ កម្ពុជាបាននាំចេញអង្ករចំនួន៦៥១ ៥២២ តោន គិតជាទឹកប្រាក់ បានចំនួនជាង ៤៩១លានដុល្លារ តាមរយៈក្រុមហ៊ុននាំចេញអង្ករចំនួន ៥៧ក្រុមហ៊ុន ទៅកាន់គោលដៅចំនួន៦៨ដែលក្នុងនោះទៅកាន់បណ្តាប្រទេសនៅក្នុងតំបន់អឺរ៉ុបចំនួន ២៦ បានបរិមាណអង្ករចំនួន ៣២៧ ១៥៦ តោន គិតជាទឹកប្រាក់ចំនួនជាង ២៥៣ លានដុល្លារ, ទៅកាន់ប្រទេសចិន រួមទាំងហុងកុង និងម៉ាកាវ ចំនួន ១១៧ ៩២៥ តោន គិតជាទឹកប្រាក់ចំនួនជិត ៧៦ លានដុល្លារ ទៅកាន់ប្រទេសក្នុងអាស៊ាន រួមទាំងទីម័រខាងកើត ចំនួន៧ប្រទេសបានបរិមាណ ចំនួន ១២៧ ០៧៦ តោន គិតជាទឹកប្រាក់ចំនួនជិត ៩៣ លានដុល្លារ និងទៅកាន់គោលដៅ ៣២ប្រទេសផ្សេងទៀតមាន អាហ្វ្រិក មជ្ឈឹមបូព៌ា អាមេរិក កាណាដា អូស្ត្រាលី ញ៉ូហ្សេឡេន -ល- បានចំនួន៧៩ ៣៦៥ តោន គិតជាទឹកប្រាក់ចំនួន ៦៩.៥៤ លានដុល្លារ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


