ព័ត៌មានអន្ដរជាតិ
មេដឹកនាំចិនបង្ហាញការប្តេជ្ញាចិត្តធ្វើការជាមួយវៀតណាម ក្នុងដំណើរទស្សនកិច្ចដែលហ៊ុំព័ទ្ធដោយសង្គ្រាមពាណិជ្ជកម្មដ៏ស្រួចស្រាល
អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន និងជាប្រធានរដ្ឋចិន លោក ស៊ី ជីនពីង (Xi Jinping) បានធ្វើដំណើរទៅដល់ប្រទេសជិតខាងវៀតណាម ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិកនៅតំបន់អាស៊ីអាគ្នេយ៍ ដោយបង្កើតឲ្យមានការវិភាគយ៉ាងច្រើនជុំវិញដំណើរទស្សនកិច្ចរបស់លោក ចំពេលសង្គ្រាមពាណិជ្ជកម្មផ្ទុះឡើងយ៉ាងខ្លាំងបង្កឡើងដោយរដ្ឋបាលរបស់ប្រធានាធិបតី ដូណាល់ ត្រាំក្នុងប៉ុន្មានសប្តាហ៍ចុងក្រោយនេះ។
ប្រធានាធិបតីចិន លោក ស៊ី ជីនពីង ដែលចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋទៅកាន់ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ចំនួន៣ រួមមាន វៀតណាម កម្ពុជា និងម៉ាឡេស៊ី បាននិយាយនៅពេលទៅដល់ប្រទេសវៀតណាមកាលថ្ងៃទី១៤ខែមេសានេះថា ប្រទេសចិនត្រៀមខ្លួនជាស្រេចក្នុងការធ្វើការជាមួយវៀតណាមដើម្បីរក្សាចំណងមិត្តភាព និងបេសកកម្មរួមទ្វេភាគីដែលមានយូរអង្វែង។
ការលើកឡើងរបស់លោក ស៊ី ជីនពីង នៅក្រោយពេលដែលសង្គ្រាមពន្ធនាំចូលជាមួយសហរដ្ឋអាមេរិកបានផ្ទុះឡើងជាបន្តបន្ទាប់ ខណៈដែលវៀតណាមក៏ប្រឈមការដាក់ពន្ធបដិការរហូតដល់ជិត៥០%ពីសំណាក់រដ្ឋបាលប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ ហើយ ក្រោយមក អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក To Lam បានស្នើអាមេរិកដាក់ពន្ធសូន្យទៅវិញទៅមក។ ប៉ុន្តែក្រោយមករដ្ឋបាលសហរដ្ឋអាមេរិក បានបន្ធួរបន្ថយភាពតានតឹងជាមួយបណ្តាប្រទេសនានា ដោយពន្យាការអនុវត្តពន្ធបដិការនោះ ដោយលើកកម្ពស់ការចរចាជាថ្មី និងពន្យាររហូតដល់ខែកក្កដា។
សារព័ត៌មានសំឡេងវៀតណាមអន្តរជាតិ (VOVWORLD) បានចុះផ្សាយថា បន្ទាប់ពីបានមកដល់អាកាសយានដ្ឋានអន្តរជាតិ Noi Bai ក្នុងទីក្រុងហាណូយកាលពីថ្ងៃត្រង់ដោយចាប់ផ្តើមដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេលពីរថ្ងៃនៅវៀតណាមតាមការអញ្ជើញរបស់អគ្គលេខាគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម លោក To Lam និងប្រធានាធិបតី លោក Luong Cuong មេដឹកនាំកំពូលចិន លោក ស៊ី ជីនពីង បានធ្វើសេចក្តីថ្លែងការណ៍ភ្លាមៗ ដោយបង្ហាញនូវមនោសញ្ចេតនា និងការប្តេជ្ញាចិត្តធ្វើការងារជាមួយវៀតណាមឲ្យកាន់តែរឹងមាំក្នុងទំនាក់ទំនងទ្វេភាគី ក៏ដូចជាកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្មតំបន់។
ក្នុងសេចក្តីថ្លែងទៅកាន់មេដឹកនាំវៀតណាម លោក ស៊ី ថ្លែងថា៖«វៀតណាមកំពុងសម្រេចបាននូវការកើនឡើងជាលំដាប់នៃកម្រិតជីវភាពរស់នៅរបស់ប្រជាជន ឥទ្ធិពលអន្តរជាតិ និងតំបន់កាន់តែខ្លាំង ព្រមទាំងលើកទឹកចិត្តនូវលទ្ធផលក្នុងឧស្សាហូបនីយកម្ម និងទំនើបកម្មសង្គមនិយម។ ភាគីចិនពិតជារីករាយដែលបានឃើញរឿងទាំងអស់នេះ»។
នេះជាដំណើរទស្សនកិច្ចនៅបរទេសលើកដំបូងរបស់លោក ស៊ី ក្នុងឆ្នាំ២០២៥ ជាទស្សនកិច្ចលើកទី៤របស់លោកនៅប្រទេសវៀតណាម និងជាលើកទី២ក្នុងអាណត្តិបច្ចុប្បន្នរបស់លោក។ វាបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ដែលបក្ស រដ្ឋ និងមេដឹកនាំចិនមានចំពោះភាពជាអ្នកជិតខាងមិត្តភាព និងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងវៀតណាម និងចិន។
ដំណើរទស្សនកិច្ចរបស់លោក នេះ គឺជាព្រឹត្តិការណ៍នយោបាយដ៏សំខាន់មួយ ដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រ និងមានឥទ្ធិពលយូរអង្វែងលើទំនាក់ទំនងវៀតណាម-ចិន ខណៈដែលប្រទេសទាំងពីរឈានចូលយុគសម័យថ្មីនៃការអភិវឌ្ឍន៍។
សារព័ត៌មានវៀតណាម VN Express បានចុះផ្សាយនៅមុនការមកដល់របស់ប្រធានាធិបតីចិនថា ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងការបរទេសវៀតណាម លោក Bui Thanh Son បាននិយាយថា៖«ថ្នាក់ដឹកនាំបក្ស និងរដ្ឋវៀតណាមទន្ទឹងរង់ចាំដំណើរទស្សនកិច្ចនេះ ហើយរំពឹងថានឹងមានផ្លែផ្កាក្នុងការបង្កើនការផ្លាស់ប្តូរយុទ្ធសាស្ត្រកម្រិតខ្ពស់ ជាពិសេសទំនាក់ទំនងទៀងទាត់រវាងថ្នាក់ដឹកនាំកំពូលនៃបក្ស និងប្រទេសទាំងពីរ»។
លោកឧបនាយករដ្ឋមន្ត្រី Son បាននិយាយថា «នេះនឹងពង្រឹងទំនុកចិត្តផ្នែកនយោបាយ ពង្រីកការចែករំលែកបទពិសោធន៍ក្នុងអភិបាលកិច្ច និងការអភិវឌ្ឍន៍ជាតិ ព្រមទាំងជំរុញការអភិវឌ្ឍប្រកបដោយស្ថិរភាព និងសុខភាពល្អនៃទំនាក់ទំនងទ្វេភាគី ចំពេលមានការផ្លាស់ប្តូរដ៏ស្មុគស្មាញលើសកលលោក និងតំបន់»។
ក្នុងដំណើរទស្សនកិច្ចដ៏មានសារសំខាន់ក្នុងពេលដែលពិភពលោកប្រឈមវិបត្តិសង្គ្រាមសព្វាវុធ បច្ចេកវិទ្យា ពាណិជ្ជកម្ម និងការប្រជែងឥទ្ធិពលភូមិសាស្រ្តនយោបាយនេះ ភាគីវៀតណាមនិងចិនត្រូវបានគេរាយការណ៍ គ្រោយចុះហត្ថលេខាលើកិច្ចព្រមព្រៀងរហូតដល់៤០ ដោយរាប់ចាប់តាំងពីកិច្ចព្រមព្រៀងក្នុងវិស័យការពារជាតិ សន្តិសុខ ពាណិជ្ជកម្ម ហិរញ្ញវត្ថុ និង ការភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


