ព័ត៌មានអន្ដរជាតិ
ត្រាំ គំរាមដំឡើងពន្ធ ៥០% លើ EU និង ២៥% លើស្មាតហ្វូននាំចូល
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានគំរាមកាលពីថ្ងៃសុក្រ លើការដាក់ដំឡើងពន្ធដល់ ៥០ ភាគរយ លើសហភាពអឺរ៉ុប (EU) ចាប់ពីថ្ងៃទី ១ មិថុនា ខណៈព្រមានក្រុមហ៊ុនផលិតស្មាតហ្វូនផ្សេងៗ រួមទាំង Apple ថាលោកអាចនឹងយកពន្ធ ២៥ ភាគរយ លើស្មាតហ្វូននាំចូលសហរដ្ឋអាមេរិក។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
ការគំរាមកំហែងទាំង២នេះ ធ្វើឡើងខណៈភាពតានតឹងពាណិជ្ជកម្មសកលហាក់បានធូរស្រាល ក្រោយសហរដ្ឋអាមេរិក និងចិន ព្រមព្រៀងគ្នាទម្លាក់ពន្ធជាគំហុកពីអត្រាខ្ពស់កប់ពពករយៈពេល ៩០ ថ្ងៃ និងបើកផ្លូវសម្រាប់ការបន្តចរចា។
លោក ត្រាំ បានលើកឡើងជាថ្មីអំពីការត្អូញត្អែរចាស់របស់លោកថា សហភាពអឺរ៉ុបបានធ្វើដាក់ចំពោះសហរដ្ឋអាមេរិក«យ៉ាងអាក្រក់» និងដាក់កម្រិតសហរដ្ឋអាមេរិក មិនឱ្យលក់រថយន្តចូលទៅក្នុងប្លុករបស់ខ្លួន។ លោកបានបន្តយ៉ាងដូច្នេះថា៖ «ខ្ញុំគ្រាន់តែនិយាយទេថា ‘ដល់ពេលហើយដែលយើងលេងហ្គេមតាមរបៀប ដែលខ្ញុំដឹងពីរបៀបលេង»។
នៅពេលសាកសួរពីការរំពឹងទុកអំពីកិច្ចព្រមព្រៀងមុនថ្ងៃទី ១ ខែមិថុនាថា លោកបានថ្លែងថា៖ «ខ្ញុំមិនស្វែងរកកិច្ចព្រមព្រៀងទេ។ យើងបានកំណត់កិច្ចព្រមព្រៀងនេះ។ វាគឺ(ពន្ធ) ៥០ ភាគរយ ប៉ុន្តែនិយាយម្ដងទៀត វានឹងគ្មានពន្ធទេ បើពួកគេសាងសង់រោងចក្រនៅទីនេះ»។
ជុំវិញបញ្ហានេះផងដែរ ប្រធានពាណិជ្ជកម្ម EU លោក Maros Sefcovic បាននិយាយថា គណៈកម្មការអឺរ៉ុប បានប្តេជ្ញាចិត្តយ៉ាងពេញលេញក្នុងការធានាបាននូវកិច្ចព្រមព្រៀងដែលដំណើរការសម្រាប់ភាគីទាំង២ បន្ទាប់ពីការហៅទូរស័ព្ទកាលពីថ្ងៃសុក្រ ជាមួយសមភាគីអាមេរិក លោក Jamieson Greer និងរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មអាមេរិក Howard Lutnick ។ លោកបានបន្ថែមថា ពាណិជ្ជកម្មសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក «ត្រូវតែត្រូវបានដឹកនាំដោយការគោរពគ្នាទៅវិញទៅមក មិនមែនជាការគំរាមកំហែងនោះទេ»។
ការប្រឆាំងទ្រង់ទ្រាយរបស់ ត្រាំ លើសហភាពអឺរ៉ុប កើតឡើងខណៈមានការរាយការណ៍ថា សេតវិមានរបស់រដ្ឋបាល ត្រាំ ជឿថា វឌ្ឍនភាពនៃការចរចាជាមួយប្លុកមានភាពយឺតយ៉ាវ ខណៈមកទល់ពេលនេះ គ្មានការសម្រេចណាមួយរវាងភាគីទាំង២នៅឡើយទេ។ កន្លងមក សហភាពអឺរ៉ុបបានប្ដេជ្ញាសងសឹក ទោះបីជាបង្ហាញពីចេតនានៃការចរចាក្ដី។
ជាមួយគ្នានោះ លោក ត្រាំ បានប្រាប់អ្នកយកព័ត៌មានផងដែរថា លោកនឹងដំឡើងពន្ធ ២៥ ភាគរយ លើ iPhone នាំចូលសហរដ្ឋអាមេរិក ហើយនឹងអនុវត្តដូចគ្នាចំពោះក្រុមហ៊ុន Samsung និងគ្រប់ក្រុមហ៊ុនស្មាតហ្វូន។ លោករំពឹងថា ការដំឡើងពន្ធលើស្មាននឹងដាក់ចេញអនុវត្តនៅចុងខែមិថុនា។
គេមើលឃើញថា ការគំរាមកំហែងលើ Apple និងក្រុមហ៊ុនផ្សេងទៀត គឺជាការប៉ុនប៉ងចុងក្រោយរបស់លោក ត្រាំ ក្នុងការដាក់សម្ពាធលើពួកគេឱ្យផ្លាស់ប្ដូរទីផលិតកម្មទៅសហរដ្ឋអាមេរិក ដូចអ្វីដែលលោកបានគំរាមដែរលើក្រុមហ៊ុនផលិតរថយន្ត ក្រុមហ៊ុនឱសថ និងក្រុមហ៊ុនផលិតបន្ទះឈីប។ យ៉ាងណាមិញ សហរដ្ឋអាមេរិកមិនផលិតស្មាតហ្វូនច្រើននោះទេ ទោះបីជាអ្នកប្រើប្រាស់អាមេរិក ទិញទូរស័ព្ទច្រើនជាង ៦០ លានគ្រឿង/ឆ្នាំក៏ដោយ ហើយពន្ធបន្ថែម នឹងបង្កើនសម្ពាធសម្រាប់អ្នកប្រាស់៕
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
សន្តិសុខសង្គម៥ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ២ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន


