ព័ត៌មានជាតិ
ក្រុមហ៊ុនជប៉ុន កំពុងបង្កើនសកម្មភាពលើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា
ក្នុងពេលចូលជួបសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៥ នៅទីក្រុងតូក្យូ ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. បានបញ្ជាក់ពីប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា ខណៈដែលក្រុមហ៊ុនកំពុងបង្កើនសកម្មភាពលើការកែច្នៃសំណល់ប្លាស្ទិកនៅកម្ពុជា។

លោក OKUMURA Yusuke ប្រធានក្រុមហ៊ុន KOUA SHOJI Co., Ltd. លើកឡើងថា ក្រុមហ៊ុនរបស់លោក បានចាប់ផ្ដើមប្រតិបត្តិការអាជីវកម្មក្នុងប្រទេសកម្ពុជា តាំងពីឆ្នាំ២០១៥ ដោយមានកិច្ចសហការជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ពាក់ព័ន្ធនឹងការកែច្នៃសំរាមនៅខេត្តស្វាយរៀង។
បើតាមលោកប្រធានក្រុមហ៊ុន បច្ចុប្បន្ននេះ ក្រុមហ៊ុនក៏កំពុងមានប្រតិបត្តិការអាជីវកម្មកែច្នៃសំរាមនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងកែច្នៃផលិតផលប្លាស្ទិកឱ្យទៅជាសម្ភារៈប្រើប្រាស់ឡើងវិញ សម្រាប់ផ្គត់ផ្គង់ទៅទីផ្សារក្នុងស្រុក និងសម្រាប់នាំចេញ។ លោក ថា ក្រុមហ៊ុនកំពុងតែមានកិច្ចសហការជាមួយនឹងដៃគូនៅក្នុងប្រទេសជប៉ុន ដើម្បីជំរុញ និងបង្កើនសកម្មភាពប្រតិបត្តិការអាជីវកម្មរបស់ខ្លួនលើការកែច្នៃសំណល់ប្លាស្ទិកបន្ថែមទៀត តាមរយៈគំនិតផ្តួចផ្តើមថ្មីៗដូចជាការកែច្នៃសំរាមចល័ត និងការកែច្នៃតាមទូកុងតឺន័រ ជាដើម។

កន្លងមក ក្រុមហ៊ុនក៏បានសហការជាមួយបណ្ដាខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាក្នុងការចែកធុងសំរាម ក៏ដូចជាសហការជាមួយក្រសួងបរិស្ថាន និងសាលារៀនលើការបណ្ដុះបណ្ដាលផ្នែកអនាម័យ និងធ្វើយុទ្ធនាការប្រមូលសំរាម។ លោកប្រធានក្រុមហ៊ុន បានអរគុណរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែផ្ដល់នូវការសម្របសម្រួល និងការគាំទ្រដល់ប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុនក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានសម្ដែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះប្រតិបត្តិការអាជីវកម្មរបស់ក្រុមហ៊ុន នៅកម្ពុជា។ សម្ដេចធិបតី ថា រាជរដ្ឋាភិបាលកម្ពុជាវាយតម្លៃខ្ពស់ចំពោះគ្រប់បណ្ដាក្រុមហ៊ុនវិនិយោគទាំងឡាយ ដែលបានធ្វើប្រតិបត្តិការអាជីវកម្មផ្ទាល់នៅកម្ពុជា ដោយសម្តេច គូសបញ្ជាក់ពីការដាក់ចេញនូវគោលនយោបាយ យន្តការនៃការលើកទឹកចិត្ត និងការគាំទ្រផ្សេងៗសម្រាប់វិនិយោគិន។

សម្ដេចធិបតី បានបន្ថែមថា ស្របពេលដែលកម្ពុជាកំពុងមានការអភិវឌ្ឍរីកចម្រើន ហើយកំណើនប្រជាជនមានការកើនឡើង បរិមាណសំរាម និងសំណល់ផ្សេងៗ ក៏មានការកើនឡើងជាបន្តបន្ទាប់។ ដូច្នេះ សកម្មភាពការកែច្នៃសំណល់របស់ក្រុមហ៊ុនពីប្លាស្ទិក ក៏ដូចជាសំរាមផ្សេងៗ ទៅជាផលិតផលប្រើប្រាស់ឡើងវិញ ជាអាជីវកម្មដ៏មានសារៈសំខាន់ ហើយរាជរដ្ឋាភិបាលកម្ពុជា នឹងនៅតែបន្តគាំទ្រដល់សកម្មភាពអាជីវកម្មប្រភេទនេះ។
សម្ដេចនាយករដ្ឋមន្ត្រី បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រីកសកម្មភាពអាជីវកម្មរបស់ខ្លួនបន្ថែមទៀត ក៏ដូចជាការបន្តកិច្ចសហការជាមួយក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីចូលរួមចំណែកដល់ការលុបបំបាត់ ឬកាត់បន្ថយសំរាម និង សំណល់នៅក្នុងប្រទេសកម្ពុជា៕

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ជនដៃដល់៣នាក់ត្រូវបានឃាត់ខ្លួនក្នុងករណីរំលោភសម្លាប់ក្មេងស្រីវ័យ១៥ឆ្នាំនៅខណ្ឌព្រែកព្នៅ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ១៩ ម៉ោង ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម២ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
កូរ៉េខាងជើង យកតង់បាំងនាវាចម្បាំងដែលលិច