Connect with us

សុខភាព

មន្ត្រីជាន់ខ្ពស់ លើកទឹកចិត្តឱ្យពលរដ្ឋបង្កើនបរិច្ចាគឈាម ខណៈអ្នកបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត នៅមានកម្រិតនៅឡើយ

បានផុស

នៅ

មន្ត្រី​ជាន់​ខ្ពស់ នៃ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ បាន​ជំរុញ ​និង​លើកទឹកចិត្ត​ដល់​ប្រជាពលរដ្ឋ​ ពិសេស​យុវជន​ បង្កើន​ការចូលរួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​ច្រើន​បន្ថែម​ទៀត​ ខណៈ​បច្ចុប្បន្ន​ចំនួន​អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមានកម្រិត​នៅឡើយ​ ដែល​តម្រូវឱ្យ​សាច់ញាតិ ​ឬ​ក្រុម​គ្រួសារ​អ្នកជំងឺ ​ផ្តល់​ឈាម​ជំនួស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​វេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម ​បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ១០ មិថុនា​ ថា​ ការជំរុញ​នេះ​ ដោយសារតែ​ចំនួន​អ្នកបរិច្ចាគឈាម​ដោយ​ស្ម័គ្រចិត្ត​នៅមានកម្រិត​ ពោល​មាន​ប្រមាណ​ ២០%​ ប៉ុណ្ណោះ ​ខណៈ​ចំនួន​អ្នកផ្តល់​ឈាម​ជំនួស​មាន​រហូតដល់​ទៅ​ ៨០%។ ជាក់ស្ដែង​រយៈពេល​ ៥​ ខែ​ ឆ្នាំ ​២០២៥​ នេះ ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ ទទួលបាន​អំណោយ​ឈាម​ចំនួន ៥៥ ៧៣៤ ប្លោក ​ក្នុងនោះ​ អ្នក​បរិច្ចាគ​ឈាម​ដោយ​ស្ម័គ្រចិត្ត​មាន​ចំនួន​ ១៤ ៨៧០ ​ប្លោក​ និង​អ្នកផ្តល់​ឈាម​ជំនួស​ចំនួន​ ៤០ ៨៦២ ​ប្លោក ​ខណៈ​បច្ចុប្បន្ន​ ក្នុង​ ១​ ថ្ងៃ​ មាន​តម្រូវការ​ឈាម​នៅ​ទូទាំង​ប្រទេស​កើន​ឡើង​ដល់​ ៤០០ ​ប្លោក ​ក្នុងនោះ​ នៅ​រាជធានី​ភ្នំពេញ​មាន​តម្រូវការ​ឈាម​ដល់ ​៣៥០ ​ប្លោក ​និង​តាម​ខេត្ត​ ៥០ ​ប្លោក​ ដោយសារ​នៅ​តាម​ខេត្ត​ការ​វះកាត់​មាន​តិចជាង​នៅ​រាជធានី​ភ្នំពេញ ​ពោលគឺ​ក្នុង ១ នាទី​ ត្រូវការ​ឈាម ​១​ ប្លោក។

លោក​វេជ្ជបណ្ឌិត បាន​បន្តថា ​«​ដូចនេះ​ សូម​ប្រជាពលរដ្ឋ​ ពិសេស​យុវជន​ បន្ត​ចូលរួម​បរិច្ចាគ​ឈាម​ឱ្យ​បាន​កាន់តែ​ផុលផុស​បន្ថែមទៀត ​ដើម្បីឱ្យ​មជ្ឈមណ្ឌល​ជាតិ​មាន​ស្តុក​ឈាម​គ្រប់គ្រាន់​ក្នុង​ការ​ជួយ​សង្គ្រោះ​ដល់​អ្នកជំងឺ​ពាក់ព័ន្ធ​ទៅ​នឹង​គ្រោះ​ចរាចរណ៍ ស្ត្រី​ឆ្លងទន្លេ ការវះកាត់​ធំៗ ដូចជា ​វះកាត់​ជំងឺ​បេះដូង ជំងឺ​មិន​ឆ្លង​រួមមាន ​ជំងឺមហារីក ​និង​ជំងឺ​លាង​ឈាម​ជាដើម​ សំដៅ​ជួយ​កាត់បន្ថយ​ការបរិច្ចាគ​ឈាម​ជំនួស​សាច់ញាតិ ​និង​បងប្អូន​របស់​អ្នកជំងឺ​»។

លោក​វេជ្ជបណ្ឌិត បាន​បន្ថែម​ថា លើស​ពី​នេះ​ទៀត​ ការ​ចូលរួម​ពី​មហាជន​ នឹង​ធ្វើ​ឱ្យ​មជ្ឈមណ្ឌល​ជាតិ​ផ្តល់​ឈាម​ អាច​សម្រេច​តាម​ផែនការ​ដែល​បាន​ដាក់​ចេញ​នៅ​ក្នុង​ឆ្នាំ​ ២០២៥ ​នេះ​ គ្រោង​នឹង​ប្រមូល​ឈាម​ឱ្យ​បាន​ ១​ សែន​ ៨​ ម៉ឺន​ប្លោក​ មានការ​កើន​ឡើង​ ២០%​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ ២០២៤ ប្រមូល​បាន ១ សែន ៧ ម៉ឺន​ប្លោក៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម