ព័ត៌មានជាតិ
កម្ពុជា បដិសេធដាច់អហង្កាមិនទទួលស្គាល់ផែនទីថៃគូសស្រេចតែចិត្តឯង ឬ«ផែនទីចោរ» ដែលសម្ដេចតេជោ បានហៅ
នៅក្នុងកិច្ចប្រជុំគណៈកម្មការព្រំដែនចម្រុះ(JBC) កម្ពុជា-ថៃភាគីកម្ពុជា តំណាងដោយលោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន បដិសេធដាច់អហង្កាមិនទទួលស្គាល់ចំពោះផែនទីដែលថៃគូសស្រេចចិត្តតែឯង គ្មានការទទួលស្គាល់ដោយកម្ពុជា ឬភាគីអន្តរជាតិ។

ជាការកត់សម្គាល់ ការបញ្ជាក់របស់លោក ឡាំ ជា យ៉ាងដូច្នេះ គឺដូចទៅនឹងការលើកឡើងរបស់សម្ដេចតេជោ ហ៊ុន សែន នៅក្នុងសមាជព្រឹទ្ធសភា រដ្ឋសភា កាលពីដើមខែមិថុនា កន្លងទៅ។ ក្នុងសមាជនាកាលណោះសម្ដេចតេជោ ហ៊ុន សែន ថ្លែងខ្លាំងៗ និងហៅ ផែនទីដែលថៃគូសស្រេចតែចិត្តឯងកាលពីឆ្នាំ២០០៨ ថាជាផែនទីចោរ និងចាត់ទុកទង្វើគូសផែនទីស្រេចតែចិត្តឯងរបស់ថៃ ថាជាការប្រមាទ និងបោកបញ្ឆោតដ៏ទុច្ចរិតមកលើកម្ពុជា។ សម្ដេចតេជោបញ្ជាក់ថាការដោះស្រាយ ការកាត់សេចក្ដីលើរឿងព្រំដែនកម្ពុជា-ថៃ ត្រូវប្រើសន្និសញ្ញាបារាំង-សៀមឆ្នាំ ១៩០៤-១៩០៧។

សេចក្ដីប្រកាសព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ ៖« ឯកឧត្តម ឡាំ ជា ក៏បានបញ្ជាក់អំពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការប្រកាន់យក នូវសន្តិភាពនិយម និងចង់បានព្រំដែនមួយប្រកបដោយសន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការល្អ ជាមួយភាគីថៃ ដោយផ្អែកលើមូលដ្ឋានលិខិតបទដ្ឋានគតិយុត្ត និងផែនទីដែលបានឯកភាពគ្នា ដូចមាន ចែងក្នុងអនុស្សរណៈនៃការយោគយល់គ្នា (MOU) ឆ្នាំ ២០០០ ដែលភាគីទាំងពីរបានឯកភាពគ្នាប្រើប្រាស់ ផែនទីមាត្រដ្ឋាន១/២០០.០០០ ស្របតាមស្មារតីនៃអនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងសន្ធិសញ្ញា បារាំង-សៀមឆ្នាំ១៩០៧ ដើម្បីអនុវត្តការងារខណ្ឌសីមានិងបោះបង្គោលព្រំដែន។ ក្នុងន័យនេះ ភាគីកម្ពុជា បានបដិសេធយ៉ាងដាច់ខាតមិនទទួលស្គាល់ផែនទីដែលភាគីថៃបានគូសជាឯកតោភាគីហើយយកមក ប្រើប្រាស់ជាសម្អាង ដែលជាប្រភពចម្បងនាំមកនូវជម្លោះព្រំដែនដ៏រ៉ាំរ៉ៃ នាពេលកន្លងមក ក៏ដូចជា ពេលបច្ចុប្បន្ន និងទៅអនាគត។ »។

នៅអំឡុងឆ្នាំ២០០៨ ក្រោយកម្ពុជាជោគជ័យដាក់បញ្ចូលប្រាសាទព្រះវិហារជាសម្បត្តិបេតិកភណ្ឌពិភពលោក ថៃបានគូសផែនទីឯកតោភាគីមួយស្រេចតែចិត្តឯង ប្រឆាំងទៅនឹងការចុះបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ក្រោមហេតុផល ការចុះបញ្ជីប្រាសាទព្រះវិហារទៅជាសម្បត្តិបេតិកភណ្ឌពិភពលោក ជាការបំពានទៅលើអធិបតេយ្យភាពដែនដីរបស់ខ្លួន ពិសេសតំបន់ជុំវិញប្រាសាទព្រះវិហារ ដែលថៃអះអាង ក្នុងសេចក្តីសម្រេច ICJ ឆ្នាំ ១៩៦២ មិនបានកំណត់ច្បាស់ពីតំបន់ជុំវិញប្រាសាទព្រះវិហារនៅឡើយ។

ថ្លែងក្នុងប្រជុំសមាជរដ្ឋសភា ព្រឹទ្ធសភា នៅរសៀលថ្ងៃទី២ ខែមិថុនា ឆ្នាំ២០២៥ សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថាការប្រើប្រាស់ផែនទីគូសដោយចិត្តឯងរបស់ថៃ គឺជាការប្រឆាំងឯករាជ្យរបស់កម្ពុជា ហើយ«ផែនទីចោរ»នេះមិនគួរត្រូវប្រើម្ដងទៀតទេ។
ដោយឡែក នៅក្នុងកិច្ចប្រជុំដដែល លោក ឡាំ ជា រដ្ឋមន្ត្រីទទួលបន្ទុកកិច្ចការព្រំដែន ប្រាប់ទៅកាន់ភាគីថៃថា ក្រៅពីតំបន់ទាំងបួនដែលស្ថិតក្នុងបណ្ដឹងទៅ តុលាការយុត្តិធម៌អន្តរជាតិ(ICJ) ភាគីកម្ពុជានៅតែប្រកាន់ជំហរនិងសុច្ឆន្ទៈក្នុងការបន្តសហការជាមួយភាគីថៃ ដើម្បីជំរុញការវាស់វែង ខណ្ឌសីមា និងបោះបង្គោលព្រំដែន ដោយប្រើប្រាស់យន្តការគណៈកម្មការចម្រុះ ព្រំដែន (JBC) កម្ពុជា-ថៃ។ ភាគីទាំងពីរឯកភាពគ្នាគ្រោងជួបប្រជុំគ្នាសាជាថ្មី នៅខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ៕
ដោយ៖ ង៉ិល ណារ៉ាត់
-
កីឡា១៧ ម៉ោង agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៦ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoកម្ពុជា ដាក់ទិសដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវប្រព័ន្ធភស្តុភារកម្ម ជំរុញកំណើនពាណិជ្ជកម្ម ទាក់ទាញការវិនិយោគ
-
កីឡា១ សប្តាហ៍ agoWorld Cup 2026 រកឃើញវគ្គ ៨ ក្រុម ខណៈ អាហ្សង់ទីន ហាក់ដូចសំណាងជាងគេ


