ព័ត៌មានជាតិ
លោក ទៀ សីហា៖ បើថៃប្រើផែនទីគូសដោយឯកតោភាគី ទោះ១០០០ឆ្នាំទៀត ក៏ដោះស្រាយព្រំដែនមិនចប់ដែរ
ឧបនាយករដ្ឋមន្រ្តី ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានលើកឡើងថា បើភាគីថៃមានបំណងដោះស្រាយបញ្ហាព្រំដែនជាមួយកម្ពុជាគួរប្រើផែនទីបារាំង សៀម ឆ្នាំ ១៩០៧ មិនគួរប្រើផែនទីគូសដោយឯកតោភាគីនោះទេ។

អញ្ជើញជាអធិបតីក្នុងពិធីខួបអនុស្សាវរីយ៍លើកទី៤៨ ទិវានៃការចងចាំដំណើរឆ្ពោះទៅការផ្តួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត (២០ មិថុនា ១៩៧៧ – ២០ មិថុនា ២០២៥) នៅខេត្តត្បូងឃ្មុំ លោក ទៀ សីហា រដ្ឋមន្រ្តីក្រសួងការពារជាតិ បានថ្លែងឱ្យដឹងថា ចំពោះភាគី ឡាវ វៀតណាម អ្នកជិតខាងកម្ពុជាដោះស្រាយបញ្ហាព្រំដែនរួមគ្នាជិតអស់ហើយ។ ដោយឡែកភាគីថៃវិញគឺបានឯកភាពគ្នា តាំងពីឆ្នាំ ២០០១ ដោះស្រាយបោះបង្គោលខណ្ឌសីមាបានត្រឹម ៤៣ បង្គោល លើ ៧៤ បង្គោល បើគិតជាភាគរយ ប្រហែលជាង ៥០ % ប៉ុណ្ណោះ។
ក្នុងន័យនេះលោកសង្កត់ធ្ងន់ថា៖« បើថៃមានបំណងដោះស្រាយបញ្ហានេះ គឺប្រហែលដោះស្រាយបញ្ហានេះពីមួយឆ្នាំទៅមួយឆ្នាំ តាមរយៈយន្តការគណៈកម្មការព្រំដែនចម្រុះកម្ពុជា-ថៃ (JBC) កន្លងមកហើយ ប៉ុន្តែថៃអាក់ខានជាមួយប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១២ មកម្ល៉ះ ទើបតែចាប់ដៃគ្នាក្នុងការដោះស្រាយបញ្ហាព្រំដែន ក្រោមយន្តការ JBC ក្នុងឆ្នាំ ២០២៥ នេះទេ។ ១២ ឆ្នាំហើយ ដែលថៃ និងកម្ពុជាអាក់ខានក្នុងការដោះស្រាយព្រំដែន»។

លោកអះអាងថា ដោយសារការអាក់ខាននេះហើយ បានជារាជរដ្ឋាភិបាលកម្ពុជា សម្រេចចិត្តយ៉ាងម៉ឺងម៉ាត់បំផុត ដាក់ចំណុចជម្លោះចំនួន ៤ រួមមាន ប្រាសាទតាមាន់តូច ប្រាសាទតាមាន់ធំ ប្រាសាទតាក្របី និងតំបន់មុំបីទៅតុលាការយុត្តិធម៌អន្តរជាតិ ដើម្បីឱ្យអ្នកទីបីមកកាត់ក្តី។ លោកបញ្ជាក់ទៀតថា៖« បើសិនជាយើងប្រើផែនទីខុសគ្នាចង់ ១០ឆ្នាំទៀត ចង់ ១០០ ទៅ១០០០ ឆ្នាំទៀត ក៏យើងមិនអាចដោះស្រាយបានដែរ។ អ៊ីចឹងហើយយន្តការដែលល្អបំផុតជូនទៅដល់តុលាការអន្តរជាតិ ជួយកាត់ក្តី»។
លោក ទៀ សីហា ក៏ត្រៀមទទួលយកលទ្ធផលផងដែរ ដោយបញ្ជាក់ថា ការកត់ក្តីពី ICJ មិនប្រាកដថាកម្ពុជាចំណេញទឹកដី មិនប្រាកដថាភាគីថៃចំណេញនោះទេ វាអាចមានចំណេញ ឬខាត ព្រោះយកចំណុចកណ្តាល។ លោកថា៖«ប៉ុន្តែកម្ពុជា-ថៃ បានសន្តិភាព និងការឯកភាពទាំងសងខាង ថាព្រំប្រទល់នេះយើងបានកំណត់ និងឯកភាពរួមគ្នា នេះហើយដែលយើងចង់បានពីការកាត់ក្តីយុត្តិធម៌អន្តរជាតិ»។

លោករដ្ឋមន្រ្តីក្រសួងការពារជាតិ បានបញ្ជាក់ទៀតថា ទោះបីជាកម្ពុជាចង់សម្រួលគ្នា ចរចាគ្នាយ៉ាងណាក៏ដោយទៅលើបញ្ហាព្រំដែន ប្រហែលជាមិនអាចទៅមុខបានទេ ដរាបណាប្រទេសថៃនៅប្រើផែនទីខុសពីកម្ពុជា គឺមិនអាចរកចំណុចកណ្តាលបានទេ។ លោកបញ្ជាក់ថា៖« ថៃគេថាតំបន់មុំបីជារបស់ថៃ ទោះបីថៃប្រើផែនទីខ្នាត ១លើ ៥០ ពាន់ ដែលថៃប្រើដោយឯកតោភាគីយ៉ាងណាក៏ដោយ ក៏ចំណុចនេះមិនស្ថិតនៅក្នុងព្រំប្រទល់របស់ថៃដែរ គឺស្ថិតនៅក្នុងទឹកដីកម្ពុជា»។
លោកបន្ថែមថា«ប្រើផែនទីរបស់យើង ១លើ ២០០ ពាន់ ក៏បង្ហាញដូចគ្នា តំបន់ដែលគងគ្នានៅតំបន់ខាងលើ មិនមែនគងគ្នានៅកន្លែងមុំបី (នៅសាលារួមចិត្តទេ) សូមឱ្យច្បាស់រឿងនេះ។ ប៉ុន្តែវាប៉ះពាល់ដល់ចំណុចផ្សេងៗទៀត ព្រោះដោយសារកម្ពុជាប្រើផែនទីនៃសន្ធិសញ្ញាបារាំង សៀម ១៩០៧ ។ ចុះថៃវិញ ទៅរៀបចំផែនទីដោយឯកតោភាគី មិនមានការឯកភាពជាមួយកម្ពុជានោះឡើយ»៕

-
នយោបាយ១ សប្តាហ៍ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
អ៊ីរ៉ង់ ថា ប៉ាគីស្ថាន ចេញមុខធានាទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ លើអ៊ីស្រាអែល ក្នុងលក្ខខណ្ឌមួយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រី៨រូបដាក់ពាក្យលាឈប់ពីរដ្ឋាភិបាលចម្រុះ ដឹកនាំដោយគណបក្សភឿថៃ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ក្រោយពីភ្លើងឆេះហាង ពេជ្រ ចរណៃ ត្រូវជួសជុលសងម្ចាស់ដើមវិញខ្ទង់ ៥០ ទៅ៦០ម៉ឺនដុល្លារ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ផែថងថាន រក្សាភាពស្ងប់ស្ងាត់ និង គ្មានការលាលែងពីអំណាច រហូតពេលនេះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ១ សប្តាហ៍ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អ្នកស្លាប់និងរបួសនៅអ៊ីស្រាអែលកើនឡើងយ៉ាងគំហុក ខណៈអ៊ីរ៉ង់បាញ់ស្រោចមីស៊ីល