Connect with us

សន្តិសុខសង្គម

ជាប់ពន្ធនាគារ ២ ដង មិនរាង គាស់ផ្ទះពលរដ្ឋលួចទ្រព្យសម្បត្តិ ២ ផ្ទះជាប់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បានផុស

នៅ

ជនសង្ស័យ​ម្នាក់ បាន​ធ្វើ​សកម្មភាព​គាស់​ផ្ទះ​ប្រជាពលរដ្ឋ​ចូល​លួច​ទ្រព្យសម្បត្តិ​ចំនួន ២ ផ្ទះ ជាប់​គ្នា ត្រូវ​បាន​កម្លាំង​សមត្ថកិច្ច​ធ្វើការ​ស្រាវជ្រាវ​ឃាត់ខ្លួន​យក​មក​សួរនាំ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប្រតិបត្តិការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឡើង​កាលពី​វេលា​ម៉ោង ១ និង ០០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៤ ខែ​មិថុនា ឆ្នាំ ២០២៥ ស្ថិត​នៅ​ចំណុច​ផ្លូវ ២១ ភូមិ​តាខ្មៅ ២ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល។

ដោយ​អនុវត្ត​តាម​បទបញ្ជា លោក​វរសេនីយ៍ឯក យី វណ្ណដា អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ បាន​ទទួល​ដំណឹង​ពី​ជនរងគ្រោះ​កាលពី​វេលា​ម៉ោង ៣ និង ០០ នាទី​រំលង​អធ្រាត្រ ឈាន​ចូល​ថ្ងៃ​ទី ២៣ ខែ​មិថុនា ឆ្នាំ ២០២៥ ថា​មាន​ជនសង្ស័យ​មិន​ស្គាល់​អត្តសញ្ញាណ​បាន​ឡើង​តាម​ដើម​ឈើ​មុខ​ផ្ទះ​របស់​ជនរងគ្រោះ ដើរ​លួច​តាម​ដំបូល​ផ្ទះ​ខាងមុខ រួចហើយ​គាស់​ដំបូល​ផ្ទះ​របស់​ជនរងគ្រោះ​ចូល​លួច​យក​សម្ភារៈ​មួយ​ចំនួន ​រួច​គេចខ្លួន​បាត់​ទៅ។ បន្ទាប់មក ជនរងគ្រោះ​ក៏​បាន​មក​ដាក់ពាក្យ​បណ្តឹង នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ឲ្យ​លោក​ជួយ​ស្រាវជ្រាវ​ចាប់​ជនសង្ស័យ។

រហូត​មក​ដល់​ថ្ងៃទី​ ២៤ ខែមិថុនា ឆ្នាំ​ ២០២៥ ទើប​កម្លាំង​នគរបាល​ក្រុង​តាខ្មៅ បាន​ចុះ​ស្រាវជ្រាវ​រហូត​ឃាត់ខ្លួន​ឈ្មោះ រិ​ន សម្បត្តិ ភេទ​ប្រុស អាយុ​ ២៦ ​ឆ្នាំ ដែល​ជា​ជនសង្ស័យ​ម្នាក់​ បាន​ចូល​ទៅ​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ជនរងគ្រោះ​ខាងលើ ព្រមទាំង​ដកហូត​បាន​សម្ភារៈ​មួយ​ចំនួន​របស់​ជនរងគ្រោះ​បញ្ជូន​មក​អធិការដ្ឋាន ​ដើម្បី​សាកសួរ​ចាត់ការ​តាម​នីតិវិធី​តែម្ដង។

បើ​តាម​ការ​បញ្ជាក់​ពី លោក​វរសេនីយ៍ឯក យី វណ្ណដា បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ដែល​ឃាត់ខ្លួន​មាន​ឈ្មោះ រិ​ន សម្បត្តិ ភេទ​ប្រុស អាយុ ​២៦ ​ឆ្នាំ ស្នាក់នៅ​ក្រោម​ស្ពាន​វត្ត​ព្រែក​សំរោង​ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្ត​កណ្តាល មុខរបរ​មិន​ពិតប្រាកដ កន្លងមក​ធ្លាប់​ជាប់ពន្ធនាគារ​ខេត្ត​កណ្តាល​ចំនួន ២ ដង (​ករណី​លួច និង គ្រឿងញៀន​)​។ ក្នុង​នោះ​សមត្ថកិច្ច​រក​ឃើញ​វត្ថុតាង​មួយ​ចំនួន​រួមមាន ៖ នាឡិកា​ម៉ាក​ seiko​ ១ គ្រឿង ខ្សែ​ស្បែក​ពណ៌​ខ្មៅ​(​របស់​ជនរងគ្រោះ​) , នាឡិកា​ម៉ាក​seiko​ ១ គ្រឿង ខ្សែ​ដែក​អ៊ីណុក​(​របស់​ជនរងគ្រោះ​) , ចិញ្ចៀន​ដាំ​ត្បូង​ពណ៌​លឿង ១ វង់​(​របស់​ជនរង​គ្រោះ​)។ ដោយឡែក​សម្ភារៈ​ជនរងគ្រោះ​ទាំង​ ២ ​ផ្ទះ ដែល​បាត់បង់​មាន​សម្ភារៈ​ប្រើប្រាស់​ក្នុង​ផ្ទះ​មួយ​ចំនួន​ , កាបូបស្ពាយ ៣ , ប្រាក់​ចំនួន​ ៦០០ ​ដុល្លារ ​, ចិញ្ចៀន​ពេជ្រ​ចំនួន ១ ​វង់ ,​ នាឡិកា​ចំនួន ៤ គ្រឿង ​, ម៉ាស៊ីន​ថត​ចំនួន ១ គ្រឿង ​, កង្ហារ​ចំនួន ១ គ្រឿង ​, ម៉ូទ័រ​ស្វាន​ចំនួន ១ គ្រឿង , អត្តសញ្ញាណប័ណ្ណ និង​ឯកសារ​មួយ​ចំនួន។

បើ​តាម​ចម្លើយ​របស់​ជនសង្ស័យ​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​របស់​ជនរងគ្រោះ ២ នាក់ ខាងលើ យក​ទ្រព្យសម្បត្តិ​ប្រាកដ​មែន។ ចំណែក​ឯកសារ​ផ្សេងៗ គាត់​បាន​យក​ទៅ​បោះចោល​ក្នុង​ទឹកទន្លេ​បាត់​អស់​ហើយ។ រីឯ​សម្ភារៈ​មួយ​ចំនួន​ទៀត​បាន​ចែក​ឲ្យ​ទៅ​មិត្តភ័ក្ដិ​រស់នៅ​ក្រោម​ស្ពាន​យក​ទៅ​លក់​យក​លុយ​ចាយ​អស់ហើយ។

បច្ចុប្បន្ន​ជនសង្ស័យ​កំពុង​ឃាត់ខ្លួន​ជា​បណ្ដោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​តាខ្មៅ ដើម្បី​ចាត់​ការ​តាម​នីតិវិធី​ច្បាប់៕

អត្ថបទ ៖ ម៉េង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម