Connect with us

ព័ត៌មានជាតិ

យុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី នៅវិទ្យាល័យ ហ៊ុន សែនតាខ្មៅ

បានផុស

នៅ

មន្ទីរកិច្ចការនារីខេត្តកណ្ដាល និងវិទ្យាល័យ ហ៊ុន សែនតាខ្មៅ បានរៀបចំ យុទ្ធនាការ ១៦ថ្ងៃបញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ក្រោមប្រធានបទ «រួមគ្នាបញ្ឈប់អំពើហិង្សាតាមបច្ចេកវិទ្យាលើស្រ្តី និងក្មេងស្រី» ដោយមានការចូលរួមពីសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ប្រមាណជាង ១០០០នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានរៀបចំពិធីយុទ្ធនាការ១៦ថ្ងៃ បញ្ឈប់អំពើហិង្សាលើស្រ្តី និងក្មេងស្រី ដល់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ នៅវិទ្យាល័យ ហ៊ុន សែន តាខ្មៅ ប្រមាណជាង ១០០០នាក់។

លោកស្រី ជុំ ស៊ីណាត ប្រធានមន្ទីរកិច្ចការនារីខេត្តកណ្ដាល បានថ្លែងថា យុទ្ធនាការ១៦ថ្ងៃ ដើម្បីបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺជាយុទ្ធនាការរួមគ្នាមួយ ដែលប្រារព្ធឡើងដើម្បីឲ្យប្រជាជនកម្ពុជា បានដឹងអំពីផលប៉ះពាល់ នៃអំពើហិង្សាលើស្ត្រី និងកុមារី និងការប្រយុទ្ធប្រឆាំងលើអំពើហិង្សា ព្រមទាំងលើកកម្ពស់ការយល់ដឹងជាសាធារណៈពី កាតព្វកិច្ចរបស់ប្រជាពលរដ្ឋគ្រប់រូប និងស្ថាប័នពាក់ព័ន្ធ ក្នុងការអនុវត្តច្បាប់ដែលការពារ និងលុបបំបាត់នូវរាល់ទម្រង់ នៃការរើសអើងលើស្ត្រី និងកុមារ។

លោកស្រី ប្រធានមន្ទីរ បានលើកឡើងថា ដើម្បីឆ្លើយតបយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាលគ្រប់នីតិកាល ការបន្តជំរុញអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី គឺសំដៅលុបបំបាត់ឥរិយាបថប្រើអំពើហិង្សាលើ ស្ត្រី និងពង្រីកវប្បធម៌ អហិង្សា ដើម្បីរួមចំណែកលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរ ក៏ដូចជាកសាងគ្រួសារមានសុភមង្គល សហគមន៍ និងសង្គមជាតិ។

លោកស្រីបន្ថែមថា ការបញ្ឈប់អំពើហិង្សាលើស្ត្រី និងក្មេងស្រី គឺអាចធ្វើទៅបានតាមរយៈការឆ្លើយតបជាពហុវិស័យទាមទារឱ្យមានការចូលរួមរបស់អ្នកពាក់ព័ន្ធ រួមទាំងស្ត្រីខ្លួនឯងផងដែរ។ លោកស្រីបានសង្កត់ធ្ងន់ថា សម្រាប់យុទ្ធនាការ ១៦ថ្ងៃ គឺធ្វើឡើងតាមរយៈសកម្មភាពនៃការជួបជុំនាពេលនេះ ពិតជាមានសារៈសំខាន់ ក្នុងការចូលរួមកាត់បន្ថយអំពើហិង្សាទាក់ទងនឹងយេនឌ័រ ដើម្បីឆ្លើយតប ទៅនឹងផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិ របស់រាជរដ្ឋាភិបាលកម្ពុជា និងផែនការសកម្មភាពជាតិ ស្ដីពីការទប់ស្កាត់អំពើហិង្សាលើស្ត្រី ក្នុងគោលបំណង ជំរុញឱ្យមានសមភាព និងសមធម៌យេនឌ័រនៅក្នុងសង្គម និងធ្វើឪ្យប្រសើរឡើងនូវក្នុងទំនាក់ទំនងផ្នែកយេនឌ័រដើម្បីកាត់បន្ថយរាល់ទម្រង់អំពើហិង្សាលើស្ត្រី។ ដូច្នេះការផ្លាស់ប្ដូរ និងការប្រកាន់ភ្ជាប់នូវការប្រព្រឹត្តិ និងឥរិយាបថជាវិជ្ជមាន គឺជាមធ្យោបាយដ៏មានប្រសិទ្ធភាពក្នុងការលើកកម្ពស់សមភាព និងសមធម៌យេនឌ័រ រវាងបុរស និងស្ត្រី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម