Connect with us

ព័ត៌មានជាតិ

លោក ហេង សួរ ៖ កម្ពុជា មានបទពិសោធគ្រប់គ្រាន់ក្នុងការយកចិត្តទុកដាក់លើ ការគោរពសិទ្ធិសេរីភាពពលករទេសន្តរប្រវេសន៍

បានផុស

នៅ

លោក ហេង សួរ រដ្ឋមន្ត្រី​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ សង្កត់​ធ្ងន់​ថា កម្ពុជា បាន​ឆ្លង​កាត់​ការ​លំបាក​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ កម្ពុជា មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គោរព​សិទ្ធិ​សេរីភាព​ពលករ​ទេសន្តរ​ប្រវេសន៍។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការ​សង្កត់​ធ្ងន់​នេះ ក្នុង​ឱកាស​ចុះ​ហត្ថលេខា​លើ​អនុស្សរណៈ នៃ​ការ​យោគយល់​គ្នា (MoU) រវាង​រាជរដ្ឋាភិបាល​កម្ពុជា និង​លោកស្រី Nellie GHUSAYNI ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា ដើម្បី​ពង្រឹង​លើ​វិស័យ​ការងារ ជាពិសេស​ពលករ​ទេស​ន្ត​រ​ប្រវេសន៍​នៅ​កម្ពុជា នា​ទីស្ដីការក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ កាលពី​ថ្ងៃ​ទី ២៥ ខែ​មិថុនា ឆ្នាំ ២០២៥ ម្សិលមិញ។

នា​ឱកាស​នោះ លោក ហេង សួរ បាន​អំពាវនាវ​ដល់​គ្រប់​ដៃគូ​អភិវឌ្ឍន៍ និង​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ការពារ គោរព​សិទ្ធិ​សេរីភាព និង​ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​ជា​ភាព​ចាំបាច់​របស់​ពលករ​ទេសន្តរ​ប្រវេសន៍ ដើម្បី​រួម​ចំណែក​ក្នុង​ការ​លើក​កម្ពស់​សិទ្ធិ​មនុស្ស​ជា​សកល។

លោក ហេង សួរ លើក​ឡើង​ថា ពលករ​ទេសន្តរប្រវេសន៍ មិន​ត្រឹមតែ​ផ្ដល់​អត្ថប្រយោជន៍​ដល់​ប្រទេស​របស់​ខ្លួន​នោះ​ទេ ប៉ុន្តែ​ប្រទេស​ដែល​ទទួល​បាន​ពលករ​ទេសន្តរប្រវេសន៍ ក៏​ទទួល​បាន​ផល​ប្រយោជន៍​យ៉ាង​ច្រើន​ផង​ដែរ។

លោក ហេង សួរ បញ្ជាក់​ថា «សូម​ដៃគូ​អភិវឌ្ឍន៍ និង​គ្រប់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ ចូលរួម​ការពារ ផ្ដល់​ភាព​កក់ក្ដៅ ផ្ដល់​អត្ថប្រយោជន៍​ផ្សេងៗ ដែល​ជា​ភាព​ចាំបាច់​របស់​ពលករ​ទេសន្តរ​ប្រវេសន៍ ហើយ​យក​ចិត្ត​ទុក​ដាក់​លើ​ការ​គោរព​សិទ្ធិ​សេរីភាព និង​ការ​សម្រេច​ចិត្ត​របស់​ពលករ​ទេសន្តរ​ប្រវេសន៍ ថា តើ​ពួកគាត់​មាន​បំណង​ចង់​ស្នាក់នៅ ឬក៏​ពួកគាត់​ចង់​ចាកចេញ​ពី​សាមី​ប្រទេស​នោះ។ ដូចនេះ ក្នុង​នាម​រាជរដ្ឋាភិបាល យើង​ត្រូវតែ​ការពារ និង​គោរព​សិទ្ធិ​សេរីភាព​របស់​ពួកគាត់​ឲ្យ​បាន​ពេញលេញ ហើយ​យើង​មិន​គួរ​ប្រើប្រាស់​សកម្មភាព​ខុសច្បាប់​ណាមួយ​រារាំង​ការ​មក​ប្រទេស​កំណើត​ពួកគាត់​វិញ​នោះ​ទេ»។

លោក​រដ្ឋមន្ត្រី សង្កត់​ធ្ងន់​ថា «កម្ពុជា បាន​ឆ្លងកាត់​ការ​លំបាក​ជាច្រើន​ឆ្នាំ​មក​ហើយ ដូច្នេះ កម្ពុជា មាន​បទ​ពិសោធ​គ្រប់គ្រាន់​ក្នុង​ការ​យកចិត្តទុកដាក់​លើ​ការ​គោរព​សិទ្ធិ​សេរីភាព​ពលករ​ទេសន្តរ​ប្រវេសន៍»។ លោក​ថា បើ​ទោះបី​ជា កម្ពុជា កំពុង​មមាញឹក​ក្នុង​ការ​គ្រប់គ្រង​ស្ថានការណ៍​នៅ​តាម​ព្រំដែន​កម្ពុជា​-​ថៃ ក៏ដោយ ប៉ុន្តែ​នៅតែ​ផ្ដោត​សំខាន់​លើ​បេសកកម្ម​តាមរយៈ​គោល​នយោបាយ​របស់​ក្រសួង និង​រាជរដ្ឋាភិបាល។

ជាមួយ​នេះ លោកស្រី Nellie GHUSAYNI ប្រធាន​បេសកកម្ម​អង្គការ​អន្តរជាតិ​ទេសន្តរ​ប្រវេសន៍ (IOM) ប្រចាំ​កម្ពុជា បាន​កត់​សម្គាល់​ឃើញ​ថា កម្ពុជា ខិតខំ​ប្រឹងប្រែង​យ៉ាង​ខ្លាំង​ក្នុង​ការ​យក​ចិត្ត​ទុក​ដាក់​លើ​ពលករ​ទេសន្តរ​ប្រវេសន៍ និង​រៀបចំ​គោលនយោបាយ​ជាច្រើន ដើម្បី​គាំពារ ផ្ដល់​អត្ថ​ប្រយោជន៍ និង​ការ​គោរព​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​នៅ​កម្ពុជា។

លោកស្រី ក៏បាន​បញ្ជាក់​ដែរ​ថា «យើង​មាន​ការ​រំភើប​រីករាយ​ក្នុង​ការ​សហការ​ជាមួយ​ក្រសួង​ការងារ និង​បណ្ដុះ​បណ្ដាល​វិជ្ជាជីវៈ និង​ភាគី​ពាក់ព័ន្ធ​ផ្សេងៗ ទៀត ក្នុង​ការ​គាំពារ និង​ការ​គោរព​សិទ្ធិ​ពលករ​ទេសន្តរ​ប្រវេសន៍​នៅ​កម្ពុជា ដោយ​មិន​មាន​ការ​រើសអើង មិន​ថា​ពួកគាត់​មកពី​ប្រទេស​ណា ឬ​មកពី​តំបន់​ណា​នោះ​ទេ»៕

អត្ថបទ ៖ ពិសី

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម