កីឡា
លោក អាំង សិរីពិសិដ្ឋ ទម្លាយលក្ខខណ្ឌដ៏ពិបាក បើកម្ពុជាចង់ចូលប្រកួតពាន AVC Nations Cup
លោក អាំង សិរីពិសិដ្ឋ អនុប្រធាន និងជាអគ្គលេខាធិការបាល់ទះកម្ពុជា បានទម្លាយពីលក្ខខណ្ឌដ៏ពិបាកមួយ ដែលសហព័ន្ធបាល់ទះអាស៊ី (AVC) បានដាក់មកឱ្យខាងភាគីកម្ពុជា ប្រសិនបើចង់ចូលរួមការប្រកួតពានដ៏ធំប្រចាំទ្វីប អាស៊ី AVC Nations Cup។

ជាការពិត ចាប់តាំងពីពាន AVC Nations Cup បានដំណើរការពីឆ្នាំ ២០១៨ មក គិតមកដល់ពេលនេះ ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា មិនទាន់បានចូលរួមប្រកួតប្រជែងសូម្បីម្តងឡើយ ទោះបីជាប៉ុន្មានឆ្នាំចុងក្រោយ ក្រុមកម្ពុជា បានបង្ហាញសក្តានុពលយ៉ាងខ្លាំងក្លាគួរឱ្យកត់សម្គាល់នៅលើឆាកអន្តរជាតិក៏ដោយ។
លោក អាំង សិរីពិសិដ្ឋ បានឱ្យដឹងថា កម្ពុជា ពិតជាចង់ចូលលេងក្នុងពាន AVC Nations Cup ហើយធ្លាប់បានដាក់ពាក្យស្នើសុំចូលលេងផងដែរ ប៉ុន្តែជាឧបសគ្គ គឺក្រុមជម្រើសជាតិណា ដែលអាចចូលលេងក្នុងពាននេះបាន គឺត្រូវជ្រើសរើសជាអត្តនោម័តដោយសហព័ន្ធបាល់ទះអាស៊ីតែម្តង។ ដូច្នេះហើយ ទើបកន្លងមក ទោះក្រុមជម្រើសជាតិ កម្ពុជា ធ្វើបានល្អនៅលើឆាកអន្តរជាតិ ដោយធ្លាប់ឈ្នះថៃ វៀតណាម និងក្រុមមួយចំនួនទៀតនៅអាស៊ាន ហើយថែមទាំងបានឈ្នះមេដាយសំរឹទ្ធ និងប្រាក់ នៅព្រឹត្តិការណ៍កីឡាស៊ីហ្គេមថែមទៀត ប៉ុន្តែនៅតែមិនអាចចូលលេងបាន។

លោកបានបន្តទៀតថា សហព័ន្ធបាល់ទះអាស៊ី បានដាក់លក្ខខណ្ឌជាច្រើន បើកម្ពុជាចង់ចូលរួមលេងពាន AVC Nations Cup។ ក្នុងនោះមានលក្ខខណ្ឌដ៏ពិបាកមួយ ដោយតម្រូវឱ្យកម្ពុជា រៀបចំព្រឹត្តិការណ៍បាល់ទះកម្រិតពិភពលោកណាមួយ ទើបពួកគេអាចផ្តល់កៅអីឱ្យកម្ពុជា។ យ៉ាងណាលោកអាំង សិរីពិសិដ្ឋ បានសង្កត់ធ្ងន់ថា នេះគឺជាឧបសគ្គធំណាស់ ដោយសារការរៀបចំព្រឹត្តិការណ៍កម្រិតពិភពលោក គឺត្រូវចំណាយច្រើនមែនទែន ខណៈក្នុងមួយឆ្នាំសហព័ន្ធបាល់ទះកម្ពុជាទទួលបានកញ្ចប់ថវិការពីក្រសួងអប់រំ យុវជន និងកីឡា ត្រឹមតែ ១០០ លានរៀលប៉ុណ្ណោះ។

គួរឱ្យដឹងថា ក្រុមបាល់ទះជម្រើសជាតិ កម្ពុជា នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយ ពិតជាមានការរីកចម្រើនខ្លាំងគួរឱ្យកត់សម្គាល់។ នៅឆ្នាំ ២០២៤ ក្រុមជម្រើសជាតិ កម្ពុជា ត្រូវបានគេទទួលស្គាល់កាន់តែខ្លាំងថែមទៀត បន្ទាប់ពីដណ្តើមបានកៅអីឡើងទៅលេងពាន SEA V League ដែលជាពានបាល់ទះលំដាប់ទី ១ ប្រចាំតំបន់ អាស៊ាន ឆ្នាំ ២០២៥ ។
ពាន SEA League នឹងធ្វើឡើងជា ២ ដំណាក់កាល ដោយដំណាក់កាលទី១ ប្រកួតចាប់ពីថ្ងៃទី ១១ ដល់ ទី ១៣ ខែកក្កដា ឆ្នាំ ២០២៥ នៅប្រទេស ហ្វីលីពីន និងដំណាក់កាលទី២ ប្រកួតចាប់ពីថ្ងៃទី ១៨ ដល់ទី ២០ ខែកក្កដា ឆ្នាំ២០២៥ ប្រកួតនៅប្រទេសឥណ្ឌូណេស៊ី៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoកម្ពុជារឹតបន្តឹង និងទប់ស្កាត់សំណល់អេឡិចត្រូនិក ខណៈអាស៊ីអាគ្នេយ៍កំពុងក្លាយជាគោលដៅថ្មី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៣ ថ្ងៃចូលឆ្នាំថ្មី ខេត្តក្រចេះទទួលទេសចរមកកម្សាន្តប្រមាណ ៦៩ ៩៦២ នាក់ ខណៈព្រែកកាំពីជាគោលដៅទាក់ទាញបំផុត
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoវិនិយោគិនបរទេសដកខ្លួនពីទីផ្សារថៃ ខណៈវិបត្តិថាមពលគំរាមកំហែងសេដ្ឋកិច្ច
-
ព័ត៌មានជាតិ៤ ថ្ងៃ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoប្រធានាធិបតីអ៊ីរ៉ង់ ប្រាប់ត្រាំថា គ្មានសិទ្ធិដកហូតនុយក្លេអ៊ែរអ៊ីរ៉ង់ ទេ


