កីឡា
គួន ម៉ុម ស្ថិតក្នុងកីឡាករបរទេសលេចធ្លោ ៣ នាក់ លេងនៅជម្រើសជើងឯកវៀតណាម
ស្មាត់ស្តាំរបស់ជម្រើសជាតិ កម្ពុជា កីឡាករ គួន ម៉ុម ស្ថិតនៅក្នុងចំណោមកីឡាករបរទេស ៣ នាក់ គួរឱ្យចាប់អារម្មណ៍បំផុត សម្រាប់ការប្រកួតប្រជែងក្នុងព្រឹត្តិការណ៍បាល់ទះជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម ក្នុងឆ្នាំ ២០២៦។

នៅក្នុងព្រឹត្តិការណ៍ជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម ក្នុងឆ្នាំ ២០២៦ មានកីឡាករបរទេសសរុប ៩ រូប ត្រូវបានចុះឈ្មោះចូលរួមជាមួយក្រុមបាល់ទះ ៨ ផ្សេងគ្នា ក្នុងនោះក៏មាន គួន ម៉ុម ដែលបានចូលរួមជាមួយក្រុម Ha Noi។
កីឡាករបរទេសទាំង ៩ នាក់ ដែលបានលេងនៅជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម ឆ្នាំនេះសុទ្ធតែឆ្នើមៗ ប៉ុន្តែមានកីឡាករ ៣ នាក់ត្រូវបានគេចាប់អារម្មណ៍បំផុត ដោយសំអាងលើសមត្ថភាព និងសមិទ្ធផលកន្លងមកជាមួយក្រុមជម្រើសជាតិ។

ទី ១. កីឡាករ Rivan Nurmulki របស់ក្រុមបាល់ទះ THỂ CÔNG TÂN CẢNG៖ អ្នកគាំទ្រ កម្ពុជា ក៏ដូចជាអ្នកគាំទ្រទូទាំងតំបន់ អាស៊ាន ទាំងមូល ច្បាស់ជាបានស្គាល់ហើយអំពីអតីតស្មាត់ធំរបស់ជម្រើសជាតិ ឥណ្ឌូណេស៊ី រូបនេះ។ Rivan មានបទពិសោធច្រើនជាមួយក្លិបអាជីព មុនពេលមកចូលរួមជាមួយក្រុម THỂ CÔNG TÂN CẢNG ដោយកីឡាករធ្លាប់លេងនៅ ឥណ្ឌូណេស៊ី ថៃ និងជប៉ុន។
នៅជម្រើសជាតិ Rivan ធ្លាប់បានឈ្នះមេដាយមាសនៅកីឡាស៊ីហ្គេម ៣ លើក មេដាយប្រាក់ ២ លើក និងសំរឹទ្ធ ១ លើក។ ចំណែកនៅពាន SEV V.League ធ្លាប់បានឈ្នះមេដាយមាស ១ លើកកាលពីឆ្នាំ ២០២៥។ កាលពី ៤ ខែមុន ស្មាត់វ័យ ៣០ ឆ្នាំរូបនេះ បានប្រកាសចូលនិវត្តន៍ពីជម្រើសជាតិហើយ បន្ទាប់ពីបញ្ចប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម នៅថៃ។

ទី ២. កីឡាករ Garrett Muagututia របស់ក្រុម SANEST KHÁNH HÒA៖ អតីតកីឡាករជម្រើសជាតិ អាមេរិក រូបនេះ រាប់បានជាកីឡាករជើងចាស់មួយរូប ដែលមានបទពិសោធជោកជាំក្នុងកីឡាបាល់ទះ។ បច្ចុប្បន្ន Garrett មានវ័យ ៣៨ ឆ្នាំរៀងជ្រែបន្តិច ប៉ុន្តែសមត្ថភាពវាយផ្តាច់រកពិន្ទុនៅតែល្អប្រសើរ។ កីឡាកររូបនេះ ធ្លាប់មានបទពិសោធច្រើនលេងនៅ អាមេរិក អេស្ប៉ាញ តួកគី អ៉ីតាលី ហ្វាំងឡង់ ប៉ូឡូញ ចិន ព័រទុយហ្គាល់ ក្រិច អេហ្ស៊ីប ឥណ្ឌូណេស៊ី និង ប៉េរូ ជាដើម។
ចំណែកសមិទ្ធផលនៅជម្រើសជាតិវិញ Garrett ធ្លាប់ជួយឱ្យ អាមេរិក ឈ្នះមេដាយមាសព្រឹត្តិការណ៍បាល់ទះជើងឯកពិភពលោក ១ លើក, មេដាយមាស World League ១ លើក, មេដាយមាស Pan American Cup ១ លើក, មេដាយមាស NORCECA Championships ១ លើក, មេដាយប្រាក់ Volleyball Nations League ៣ លើក និងមេដាយមួយចំនួនទៀត។

ទី ៣. កីឡាករ គួន ម៉ុម របស់ក្រុម Ha Noi៖ កីឡាករជម្រើសជាតិ កម្ពុជា រូបនេះ ត្រូវបានគេចាត់ទុកជាកីឡាករគួរឱ្យចាប់អារម្មណ៍ស្ថិតនៅចំណាត់ថ្នាក់ទី ៣ ក្នុងការប្រកួតប្រជែងជម្រើសជើងឯកថ្នាក់ជាតិ វៀតណាម។ បើប្រៀបធៀបអំពីសមិទ្ធផលជាមួយកីឡាករ ២ នាក់ខាងលើ អាចនឹងខុសគ្នាឆ្ងាយ ប៉ុន្តែបើធៀបជាមួយកីឡាករបរទេស ៦ នាក់ផ្សេងទៀត គឺមិននៅក្រោមគេនោះទេ។ បច្ចុប្បន្ន គួន ម៉ុម ត្រូវបានគេចាត់ទុកជាកីឡាករសំខាន់ម្នាក់របស់ Ha Noi ព្រោះកាលពីឆ្នាំមុន រូបគេជាអ្នកជួយស្រោចស្រង់ក្រុមរបស់វៀតណាមមួយនេះឱ្យឡើងពីចំណាត់ថ្នាក់បាតតារាង មកចំណាត់ថ្នាក់លេខ ៥ ដើម្បីទទួលបានកៅអីលេងក្នុងជម្រើសជើងឯក វៀតណាម កម្រិតទី ១។
គួន ម៉ុម មានបទពិសោធច្រើនជាមួយក្លិបអាជីព ដោយធ្លាប់លេងនៅ កម្ពុជា ឥណ្ឌូណេស៊ី និង វៀតណាម។ នៅជម្រើសជាតិ កីឡាករវ័យ ២៧ ឆ្នាំ កម្ពស់ ១.៩៨ ម៉ែត្ររូបនេះ គឺជាស្មាត់ដ៏សំខាន់ម្នាក់ ដោយធ្លាប់បានជួយក្រុមឈ្នះមេដាយប្រាក់កីឡាករស៊ីហ្គេម ១ លើក និងមេដាយសំរឹទ្ធ ១ លើក។ ជាមួយគ្នានេះ ក៏បានជួយឱ្យ កម្ពុជា ឈ្នះមេដាយមាស ១ លើកផងដែរ ក្នុងព្រឹត្តិការណ៍ SEA V.League Challenge។

គួរបញ្ជាក់ ថា ការប្រកួតកីឡាបាល់ទះជើងឯកជាតិថ្នាក់ជាតិវៀតណាម បានចាប់ផ្តើមហើយ។ ព្រឹត្តិការណ៍នេះបែងចែកជា ២ ដំណាក់កាល ដោយដំណាក់កាលទី ១ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១៩ ខែ មេសា និងដំណាក់កាលទី ២ ចាប់ពីថ្ងៃទី ២៨ ខែ តុលា ដល់ថ្ងៃទី ៨ ខែ វិច្ឆិកា ឆ្នាំ ២០២៦៕
អត្ថបទ៖ សេម កុសល
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


