ព័ត៌មានអន្ដរជាតិ
ត្រាំ ដាក់ពន្ធ ៣០% លើ EU និងម៉ិកស៊ិក បង្កើនភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី
ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ បានប្រកាសដាក់ពន្ធ ៣០ ភាគរយ លើសហភាពអឺរ៉ុប (EU) និងម៉ិកស៊ិក ដែលជាដៃគូពាណិជ្ជកម្មកំពូលៗរបស់អាមេរិក ដោយបង្កើនភាពតានតឹងពាណិជ្ជកម្មសកលជាថ្មី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។

អត្រាពន្ធខ្ពស់ថ្មី ដែលគ្រោងនឹងចូលជាធរមាននៅថ្ងៃទី ១ សីហា ខាងមុខនេះ ប្រកាសឡើងកាលពីថ្ងៃសៅរ៍នៅលើបណ្ដាញសង្គម Truth Social របស់លោក ត្រាំ ក្រោយការចរចាពាណិជ្ជកម្មទ្វេភាគី បានបរាជ័យក្នុងការសម្រេចបាននូវកិច្ចព្រមព្រៀងដែលអាចទទួលយកបានទាំងសងខាង។
ក្នុងលិខិតផ្ញើទៅកាន់ ប្រធានគណៈកម្មការអឺរ៉ុប លោកស្រី Ursula von der Leyen និងប្រធានាធិបតីម៉ិកស៊ិក លោកស្រី Claudia Sheinbaum លោក ត្រាំ បានលើកឡើងពីគោលនយោបាយ និងរបាំងពាណិជ្ជកម្មពន្ធ និងមិនមែនពន្ធគយដែលបណ្ដាលឱ្យមានឱនភាពពាណិជ្ជកម្មធ្ងន់ធ្ងរសម្រាប់អាមេរិក ដែលជាការគំរាមកំហែងដ៏ធំសម្រាប់សេដ្ឋកិច្ច និងសន្ដិសុខជាតិអាមេរិក។
យ៉ាងណាមិញ សម្រាប់ម៉ិកស៊ិក លោក ត្រាំ បានផ្ដោតជាខ្លាំងថា ការដាក់ពន្ធ ៣០ ភាគរយ គឺដោយសារតែប្រទេសនេះអនុញ្ញាតឱ្យមានលំហូរថ្នាំញៀនហ្វេនតានីលចូលទៅទឹកដីអាមេរិក ដែលនោះជាផ្នែកមួយនៃការបរាជ័យរបស់រដ្ឋាភិបាលម៉ិកស៊ិក ក្នុងការបញ្ឈប់ក្រុមឧក្រិដ្ឋកម្មកាតែល។
មែនទែនទៅ ទាំង EU និងម៉ិកស៊ិក មានពេលចរចាជាង ២ សប្ដាហ៍ទៀត មុនពេលពន្ធខ្ពស់ចូលជាធរមាន។
ប្រតិកម្មទៅនឹងចំណាត់ការរបស់ត្រាំ លោកស្រីប្រធានាធិបតីម៉ិកស៊ិកបាននិយាយថា លោកស្រីប្រាកដថា កិច្ចព្រមព្រៀងជាមួយអាមេរិកអាចសម្រេចឡើងបាន ដោយអំពាវនាវឱ្យមានភាពស្ងប់ស្ងាត់ក្នុងការដោះស្រាយបញ្ហា។ យ៉ាងណាមិញ លោកស្រីបន្តយ៉ាងដូច្នេះថា៖ «យើងក៏ច្បាស់ផងដែរ អំពីអ្វីដែលយើងអាចធ្វើការជាមួយរដ្ឋាភិបាលសហរដ្ឋអាមេរិក ហើយយើងច្បាស់អំពីអ្វីដែលយើងមិនអាច។ ហើយមានអ្វីមួយដែលមិនអាចចរចាបាននោះគឺអធិបតេយ្យភាពនៃប្រទេសរបស់យើង»។
ក្នុងការប្រកាសនៅដើមខែកុម្ភៈ ម៉ិកស៊ិករងពន្ធរបស់ ត្រាំ ត្រឹមតែ ២៥ ភាគរយ ប៉ុណ្ណោះ ប៉ុន្តែបានប្ដេជ្ញាសងសឹង ដោយមិនដែលបង្ហាញពីចំណាត់ការបែបណាមួយនោះទេ។

ដោយឡើង EU ឯណោះវិញ នៅតែប្រកាន់ជំហររបស់ខ្លួនក្នុងការចរចាជាមួយរដ្ឋបាល ត្រាំ ប៉ុន្តែលោកស្រី von der Leyen នៅតែបញ្ជាក់ដដែលៗថា ប្លុកបានត្រៀមខ្លួនរួចហើយក្នុងចំណាត់ការសងសឹកសហរដ្ឋអាមេរិក ដោយនិយាយយ៉ាងដូច្នេះថា «នឹងចាត់វិធានការចាំបាច់ទាំងអស់ដើម្បីការពារផលប្រយោជន៍របស់ EU រួមទាំងការអនុម័តវិធានការតបតតាមសមាមាត្រប្រសិនបើចាំបាច់»។
លោកស្រី Von der Leyen បានសម្ដែងការព្រួយបារម្ភថា ពន្ធ ៣០ ភាគរយ «នឹងរំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់អន្តរអាត្លង់ទិកដ៏សំខាន់ ដោយប៉ះពាល់ជាអវិជ្ជមានដល់អាជីវកម្ម អ្នកប្រើប្រាស់ និងអ្នកជំងឺនៅសងខាងនៃមហាសមុទ្រអាត្លង់ទិក»។
គួររំឭកថា ត្រាំ ប្រកាសដាក់ពន្ធ ២០ ភាគរយ លើ EU កាលពីដើមខែមេសា មុនពេលផ្អាកបណ្ដោះអាសន្ន ៩០ ថ្ងៃ ដើម្បីចរចា។ EU បានលើកពេលអនុវត្តវិធានការសងសឹក ដែលកំណត់ពន្ធលើទំនិញអាមេរិកជាង ២៤ ប៊ីលានដុល្លាររបស់អាមេរិកដូចគ្នា ដោយរំពឹងថា វានឹងចូលជាធរមានជាថ្មី ដំណាលគ្នានឹងការចាប់ផ្ដើមអនុវត្តពន្ធខ្ពស់របស់អាមេរិក។
សូមគូសបញ្ជាក់ថា ម៉ិកស៊ិក និង EU គឺជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហរដ្ឋអាមេរិក។ ពាណិជ្ជកម្មទ្វេភាគីអាមេរិក-ម៉ិកស៊ិក ឆ្នាំមុន មានទំហំប្រមាណ ៨៣៩,៩ ប៊ីលានដុល្លារ និងមានឱនភាពសម្រាប់អាមេរិកប្រមាណ ១៧១,៨ ប៊ីលានដុល្លារ។
ទំហំពាណិជ្ជកម្មអាមេរិក-EU វិញ មានប្រមាណ ៩៧៥,៩ ប៊ីលានដុល្លារ និងមានឱនភាពសម្រាប់អាមេរិកប្រមាណ ២៣៥,៦ ប៊ីលានដុល្លារ កាលពីឆ្នាំមុន។ យ៉ាងណាមិញ ក្នុងវិស័យសេវាកម្ម សហរដ្ឋអាមេរិកមានអតិរេកពាណិជ្ជកម្មជាមួយ EU ប្រមាណ ១២៦,៨ ប៊ីលានដុល្លារ៕
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៧ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១៥ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ២ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៧ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


